ខេត្តព្រះសីហនុ ៖ ឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ដ៏កម្រមួយបានកើតមានរវាង ទូកសណ្តោងសាឡង់ ដឹកទំនិញ មកពីប្រទេសថៃ របស់ក្រុមហ៊ុនឡុង ម៉េង បានបុកជាមួយទូកនេសាទសមុទ្រមួយគ្រឿង ដែលមានម្ចាស់ឈ្មោះ ជូន ម៉េង មានទីលំនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ បណ្តាលឱ្យកម្មករនេសាទ ចំនួន៣នាក់ បាត់ខ្លួន និង២នាក់ទៀតត្រូវបាន ទូកនេសាទផ្សេងទៀតជួយសង្គ្រោះរួចផុតពី គ្រោះថ្នាក់ ។

លោកអនុសេនីយ៍ឯក ចាន់ ភារម្យ អធិការរងនគរបាល ទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលស្រុកស្ទឹងហាវ បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្ទៃសមុទ្រនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ មករា នៅចំណុចលំហសមុទ្រ ខាងមុខកោះដូង ។ លោកបន្តឱ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើបណ្តាលឱ្យទូកនេសាទត្រូវលិចបាត់ទៅក្នុង បាតសមុទ្រ ហើយកម្មករ ចំនួន៣នាក់ក្នុងចំណោម៥នាក់ដែលនៅលើទូកត្រូវបាត់ ខ្លួន ។ កម្មករទាំង៣នាក់ ដែលបាត់ខ្លួននោះ ១-ឈ្មោះ ប៉ា ម៉ោក ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះ សឿង ស៊ន ភេទប្រុស អាយុ២៨ឆ្នាំ និង៣-ឈ្មោះ ឌន ឌៀន ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងបីមានទីលំនៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ។

បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចជាបឋមអ្នក ទាំងបីអាចស្លាប់ក្នុងទូក ខណៈដែលពួកគេ កំពុងលង់លក់ក្នុងដំណេក ហើយត្រូវទូកសណ្តោង សាឡង់ទំនិញបុកបណ្តាលឱ្យ លិចដោយមិនដឹងខ្លួន ជាមុន ។ ដោយឡែក កម្មករនេសាទ២នាក់ទៀត ដែលរួចផុតពីគ្រោះថ្នាក់មានឈ្មោះឆាយ ជាអ្នកបើកទូក និងម្នាក់ទៀតឈ្មោះហ៊ាង ។ បើតាមការអះអាងរបស់អ្នកទាំងពីរឱ្យដឹងថា នៅពេលដែលពួកគេ ជាកម្មករនៅលើទូកនេសាទ បានទម្លាក់មងអូសរួចរាល់ ហើយ ក៏នាំគ្នាចូលដេកនៅក្នុងក្រែងទូក នៅសល់តែអ្នកបើកបរ ។ ខណៈនោះ ស្រាប់តែមាន ទូកអូសសាឡង់ មួយគ្រឿង ផ្ទុកទំនិញមកពីប្រទេស ថៃ បានមកដល់ ក៏បានបើក ទាក់ខ្សែមងអូសផ្នែកខាងក្រោយ ទូកនេសាទ របស់ពួកគេ ហើយក៏ទាញ កញ្ឆក់យ៉ាងខ្លាំង បណ្តាលឱ្យទូកនេសាទរបស់ពួកគេ ក្រឡាប់ភ្លាមៗធ្វើឱ្យកម្មករនេសាទ ដែលកំពុងតែដេកលង់លក់រកច្រកចេញមិនឃើញ ទើបបណ្តាលឱ្យមាន ការបាត់ខ្លួនយ៉ាងដូច្នេះ ។ ដោយឡែក អ្នកកាន់ចង្កូត និងកម្មករនេសាទម្នាក់ ដែលរួចផុតពីគ្រោះថ្នាក់ខាងលើ បានហែលនៅក្នុង ទឹកសមុទ្រ អស់រយៈពេល ប្រមាណជាង១ម៉ោង ទើបជួបទូកនេសាទមួយផ្សេងទៀតជួយសង្គ្រោះជីវិត ។

ពួកគេទាំង២នាក់បានទូរស័ព្ទប្រាប់ម្ចាស់ទូក ដើម្បីដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចអធិការដ្ឋាន ស្រុកស្ទឹងហាវ ឱ្យជួយអន្តរាគមន៍ ក្នុងករណី ខាងលើនេះ ។ ក្រោយមានបណ្តឹង ទូកអូសសាឡង់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាន ស្រុកស្ទឹងហាវ សហការជាមួយ កម្លាំងនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ធ្វើការចាប់ឃាត់ ហើយអូសសាឡង់បង្កហេតុ ខាងលើ នាំយកទៅរក្សាទុកនៅមាត់ពាម ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់ ។

ដោយឡែក ទូកនេសាទ និងកម្មករដែលបាត់ខ្លួន នៅក្នុងហេតុការណ៍ខាងលើនេះ មិនទាន់រកឃើញនៅឡើយទេ គិតត្រឹមថ្ងៃទី២៥ មករា ។ ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ជាអ្នកប្រកបរបរនេសាទ ឱ្យដឹងថា ហេតុការណ៍ខាងលើនេះ បណ្តាលមកពីអ្នកបើកទូកអូសសាឡង់ ដឹកទំនិញមានការធ្វេសប្រហែសក្នុងការបើកបរ មិនយល់ពីស្ថានភាពរបស់ទូកនេសាទថា តើត្រូវបើកបរក្នុងគម្លាតប៉ុន្មានពីគ្នា ទើបមិនបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]