ខេត្តកំពត ៖ ពិធីមង្គលការដ៏អធិកអធមមួយ បានរៀបចំឡើងតាមប្រពៃណី កាលពីព្រឹកថ្ងៃទី២២ មករា ត្រូវនឹងថ្ងៃ៧រោច ខែបុស្ស នៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។ អ្វីដែលគួរឱ្យកត់សម្គាល់ជាង មង្គលការនានានោះ គឺទាំងកូនកំលោះ ទាំងកូនក្រមុំ ជាជនពិការភ្នែកទាំង សងខាងដូចគ្នា ។ កូនកំលោះឈ្មោះ ឆែម ឆាង អាយុ២១ឆ្នាំ ជាគូនឹងកូនក្រមុំឈ្មោះ ឡេង សុភា អាយុ៣០ឆ្នាំ នៅសង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមកូនកំលោះឈ្មោះឆែម ឆាង និយាយថា ខ្លួនគេពិការភ្នែកតាំងពី កំណើតមកម៉្លេះ ហើយដោយឪពុកម្តាយទីទ័លក្រ ក៏មានអង្គការមួយនៅខេត្តកំពត ជួយឱ្យទៅរៀនផ្នែកម៉ាស្សាធ្វើសរសៃ ។ ពេលខ្លួនមានជំនាញស្ទាត់ ខាងម៉ាស្សាហើយ ក៏មានគេទាក់ទងឱ្យទៅម៉ាស្សានៅ ខេត្តព្រះសីហនុមួយរយៈពេលខ្លី និងបានជួបនាងឡេង សុភា ដែលពិការភ្នែកទាំងសងខាងដែរ ព្រោះសុភា ក៏ជាអ្នកមានជំនាញខាងម៉ាស្សាដូចគ្នា ។

ឆែម ឆាង និយាយបន្តថា ការជួបគ្នានេះ ខ្លួនមើលអ្វីមិនឃើញទេ ប៉ុន្តែស្តាប់ការនិយាយស្តីរវាងគ្នានឹងគ្នា ហាក់ដូចជាមាននិស្ស័យអាចយកគ្នាធ្វើ ជាគូអនាគតបាន ។ តាមសម្តីកូនកំលោះពិការភ្នែកបន្តថា ពេលដែលរូបគេបានស្គាល់និងស្រឡាញ់ នាងសុភាហើយ ក៏បានទៅលេងដល់ផ្ទះនាង នៅជាយក្រុងភ្នំពេញ។

ឆែម ឆាង និយាយប្រាប់កោះសន្តិភាពដោយ ឥតលាក់បាំងថា ទោះបីមើលមិនឃើញក្តី ក៏ប៉ុន្តែចិត្តដែលខ្លួនស្រឡាញ់បានស ម្រេចភ្ជាប់និស្ស័យយកនាងធ្វើប្រពន្ធ និងបានប្រាប់ម្តាយឪពុកខ្លួនឱ្យ ចូលស្តីដណ្តឹងនាងសុភា ក៏ដណ្តឹងបានដូចបំណងមែន ហើយក៏បានរកពេលវេលា រៀបមង្គលការតាមប្រពៃណី ។ ប៉ុន្តែដោយម្តាយក្មេកជាស្ត្រីមេម៉ាយ ទើបឪពុកនិងម្តាយខ្លួនសុំម្តាយខាង ស្រីឱ្យនាងសុភា មករៀបការនៅផ្ទះខាងខ្លួន នៅភូមិអូច្រនៀងនេះវិញ ។

ចំណែកកូនក្រមុំនាងឡេង សុភា បាននិយាយរៀបរាប់ថា នាងមានបងប្អូន៥នាក់ រីឯឪពុកបានស្លាប់ហើយនៅតែម្តាយ ។ ពេលនាងកើតមកមានភ្នែកភ្លឺធម្មតា ដូចគេឯងដែរ លុះពេលអាយុ១៨ឆ្នាំ ក៏មានជំងឺឈឺភ្នែកម្ខាង ហើយព្យាបាលមិនជា ទើបឆ្លងទៅភ្នែកម្ខាងទៀត ក៏ងងឹតភ្នែកទាំងពីរតែម្តង ។ សុភា និយាយថា នាងពិតជាស្រឡាញ់គ្នាដោយស្មោះស្ម័គ្រ គ្មានអ្នកណាបង្ខំអ្នកណាទេ ។ សុភា រៀបរាប់បន្តថា  សម្រាប់ខ្ញុំមិនមានកង្វល់អ្វីទេ បើរៀបការហើយមានកូនចៅ គឺមានម្តាយក្មេក ឪពុកក្មេកជាអ្នកជួយមើលថែ សង្ឃឹមថាកូននាងនឹងមានភ្នែកភ្លឺល្អ គ្រាន់ដឹកដៃឪពុកម្តាយទៅអនាគត ។

ឪពុកកូនកំលោះ លោកប៉ោ ឃីន និយាយថា កូនប្រុសគាត់ជាកូនទី១ ក្នុងចំណោមកូនប្រុសស្រី៤នាក់ ។ លោកប៉ោ ឃីន និយាយថា កូនប្រុសគាត់អភ័ព្វណាស់កើតមកពិការភ្នែក មើលអ្វីមិនឃើញពីកំណើត ។ ដោយសារជីវភាពទីទ័លក្រផង គាត់ក៏ឱ្យកូនទៅរៀនផ្នែកម៉ាស្សា តាមរយៈអង្គការមួយដែលគេជួយ ។ ក្រោយពីបានរៀនចេះជំនាញនេះ ក៏បានទៅខេត្តព្រះសីហនុ ហើយក៏បានជួបនឹងនាងសុភា ព្រោះពួកគេជាអ្នកពិការភ្នែកដូចគ្នា និងមានជំនាញម៉ាស្សាដូចគ្នា ។ ពួកគេទាំង២នាក់បានស្រឡាញ់គ្នាដោយស្មោះស្ម័គ្រ ទើបឈានទៅដល់ការរៀបការ ឱ្យពួកគេធ្វើជាប្តីប្រពន្ធនឹងគ្នា និងមានអ្នកផ្លូវមេបា ភ្លេងការធម្មតាដូចការគេឯងដែរ ។

ឪពុកកូនប្រុសរៀបរាប់បន្តថា គាត់មិនដែលមានរវល់អ្វីនឹងគេទេ ទើបតែការកូនប្រុសច្បងនេះ ហៅភ្ញៀវបានចំនួន៤០០នាក់ ស្មើនឹង៤០តុ។ គ្មានអ្នកភូមិណាម្នាក់ចោលគាត់ទេ ម្នាក់ៗចង់មកចូលរួមគ្រប់គ្នា ។ ឪពុកកូនកំលោះនិយាយថា នៅពេលរៀបមង្គលការកូនកំលោះក៏ដូចកូនក្រមុំ ត្រូវបានក្រុមសាច់ញាតិជួយដឹកដៃទាំងកាត់សក់ និងសំពះផ្ទឹម ។

លោកប៉ោ ឃីន ជាឪពុកកូនកំលោះរៀបរាប់ដោយរីករាយបន្តថា បើរៀបការហើយគេមានកូនចៅ គឺគាត់ជាអ្នកធានាមើលថែឱ្យពួកគេ លុះដល់កូនគេធំទៅលែងពិបាកហើយ ។ ភ្ញៀវខ្លះបានឃើញកូនកំលោះ កូនក្រមុំសុទ្ធតែពិការភ្នែកដូចគ្នា ហើយបានរៀបការនឹងគ្នាទៀតបង្កការព្រួយបារម្ភថា ចុះបើងងឹតដូចគ្នាអីុចឹង បើមានកូន តើគ្នាពិបាកប៉ុនណាទៅ ? រឿងវាពិតជាមើល ឃើញអីុចឹងហើយ ប៉ុន្តែឪពុកម្តាយខាងកូនកំលោះ បានទទួលស្គាល់យ៉ាងច្បាស់ថា បើរៀបការមានកូនចៅ គឺគាត់ជាឪពុកជាអ្នកទទួលខុសត្រូវ មើលថែទម្រាំធំពិតជាមិនពិបាកនោះទេ ព្រោះកាលណាមានពន្លក ត្រួយអាចនឹងជួយឪពុក ម្តាយដែលពិការភ្នែកទាំង២នេះវិញ ពេលពួកគេធំដឹងក្តីឡើង ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]