ខេត្ត​ស្ទឹងត្រែង​​​ ៖ ​ម​នុស្ស​២​នាក់​ស្លាប់​​​ និង​១៦​នាក់​​ទៀតរង​របួស​ធ្ងន់ និ​ងស្រាល​ ដេក​ដួល​រដូក​រណែល​ពេញ​ផ្លូវ ខណៈជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​កាល​ពី​វេលា​ម៉ោង​៣និង​១៥​នាទី​រសៀល​ថ្ងៃ​ទី ​១៣​ ឧសភា ​ស្ថិត​នៅ​ចំណុច​​ឡូតិ៍​លេខ​២ ផ្លូវ​ជាតិ​​លេខ​៧៨​អា ថ្មី ​ក្នុង​ដែន​ដី​ខេត្ត​មណ្ឌល​គិរី ។

លោក​ល្លត​ ម៉ារ៉ន នាយ​ប៉ុស្តិ៍​​ឃុំ​ក្បាល​រមាស ឱ្យ​ដឹងថា ​ក្នុង​រថយន្ត​មាន​​មនុស្ស​​ជិះ​ចំនួន​១៨​នាក់ រួម​ទាំង​​អ្នក​បើក​ ក្នុង​នោះ​មាន​ប្រុស​៦​នាក់ ស្រី​៦​នាក់ ​និង​ក្មេង​​​៦​នាក់។ ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ម៉ាក​ស្តារិច បើក​ដោយ​​ឈ្មោះ​ណយ ផល្លា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​។ ពួក​គាត់​រស់​នៅ​ភូមិ​ចំការ​ឪឡឹក សង្កាត់​​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

លោក​នាយ​ប៉ុស្តិ៍​បន្ត​ថា ​ជន​រង​គ្រោះ​មាន​ចំនួន​១៨​នាក់ ​ស្លាប់​ចំនួន​២​នាក់ ​ឈ្មោះ​​ហេង រី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ និង​ឈ្មោះ​ហំ ភិន ភេទ​ស្រី​អាយុ​៧០​ឆ្នាំ  និង​១៦​នាក់​ទៀត​​រង​របួស​ធ្ងន់ និង​ស្រាល​ បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត​ស្ទឹង​ត្រែង​ ។

លោក​ណយ​ ផល្លា អ្នក​បើក​រថយន្ត​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ​រថយន្ត​​របស់​លោក​ចេញ​ដំណើរ​​ពី​ភ្នំពេញ​នាំ​ក្រុម​គ្រួ​សារ​​​ទៅ​ធ្វើ​ បុណ្យ​នៅ​ខេត្ត​​រតនគិរី ។ រថយន្ត​បែក​កង់​ក្រោយ​ខាង​ស្តាំ  ក៏​បណ្តាល​ឱ្យ​គ្រវី​ចង្កូត​​រេ​ទប់​​អត់​ឈ្នះ ទើប​បណ្តាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ និង​បង្ក​ឱ្យ​សមាជិក​គ្រួ​សារ​របស់​លោក​ទទួល​មរណភាព​ និង​របួស​ច្រើននាក់​​បែប​​នេះ ។

ស្ត្រី​រង​​គ្រោះ​ម្នាក់​ទៀត​និយាយ​ថា ​ពួ​ក​គាត់​ធ្វើ​ដំណើរ​​​ទៅ​ខេត្ត​រតន​គិរី ដើម្បី​ចូល​រួម​ធ្វើ​បុណ្យ​ និង​ចង់​ស្គាល់​ខេត្ត​រតន​គិរី​ផង ។ ​ការ​ធ្វើ​ដំណើរ​​ទៅ​នេះ មាន​រថយន្ត​ជាង​២០​គ្រឿង​​ឯណោះ ​តែ​រថយន្ត​របស់​គាត់​បើក​ក្រោយ​គេ ។ ក្រោយ​ពេល​រថយន្ត​ក្រឡាប់​​ហើយ​នោះ​ អ្នក​ដែល​មាន​របួស​​ស្រាល​បាន​ជួយ​យក​អ្នក​របួស​ធ្ងន់​ចេញ​ពី​ក្នុង​រថយន្ត​ ពេល​នោះ​ឃើញ​ស្ត្រី​​​ឈ្មោះ​​ហេង រី​ ស្លាប់​បាត់​ទៅ​​ហើយ ។ ចំណែក​ស្ត្រី​​ឈ្មោះ​​ហំ ភិន ​នៅ​ដឹង​ខ្លួន​នៅ​ឡើយ ​តែ​ដោយ​សារ​​គាត់​មាន​ជំងឺ​ខ្សោយ​​​បេះ​ដូង​ និង​ជំងឺ​លើស​ឈា​ម ព្រម​ទាំង​មាន​ការ​តក់​ស្លុត​​ផង​នោះ ក៏​បាន​ទទួល​មរណភាព​​ ក្រោយ​បន្តិច​​មក ។

ក្រោយ​ពេល​ជួប​គ្រោះ​អកុសល​នេះ​​អស់​រយៈ​​ពេល​ជាង​បី​ ម៉ោង​​ ទើប​សព​ស្ត្រី​​ទាំង​​​២​នាក់ ត្រូវ​ដឹក​​បញ្ជូន​ទៅ​ធ្វើ​បុណ្យ​នៅ​រាជ​ធានីភ្នំពេញ​វិញ ។ ចំណែក​អ្នក​រង​របួស​ធ្ងន់​ និង​ស្រាល​បានវិល​ត្រឡប់​​ទៅ​ភ្នំពេញ​វិញ​ជា​មួយ​គ្នា​ដែរ ។ រី​ឯ​រថយន្ត​​​ម្ចាស់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ស្ទូចយក​ទៅ​​រក្សា​ទុក​បណ្តោះ​ អាសន្ន​សិន​រង់​ចាំ​រៀប​ចំ​ពិធី​បុណ្យ​ឱ្យ​ក្រុម​គ្រួ​សារ​​​ចប់​​ទើប​មក​ ទទួល​យក​​​ទៅ​ជួ​ស​ជុល៕  

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]