រាជធានីភ្នំពេញ ៖ ក្ដីបារម្ភដែលកោះសន្ដិភាពធ្លាប់បានចុះផ្សាយ កាលពីប៉ុន្មានខែមុនពាក់ព័ន្ធនឹងភាពប្រឈម របស់ក្លិបរការខ្នុរគុនខ្មែរបង្ក្រាប គ្រឿងញៀនខេត្តកំពង់ចាម របស់អតីតកីឡាករល្បីឈ្មោះលោកនួន ភិរម្យ នោះបានធ្លាក់ដល់ផ្លូវទាល់ហើយ បន្ទាប់ពីក្លិបមួយនេះត្រូវបានថ្នាក់ដឹកនាំ បញ្ជាក់ថាក្ស័យធន ។ កីឡាករនួន ភិរម្យ ដែលជាស្ថានិក និងជាអ្នកដឹកនាំក្លិបបានប្រាប់ដោយ សោកស្ដាយថា ក្លិបរបស់លោកពិតជាក្ស័យធនមែន បន្ទាប់ពីមានហានិភ័យច្រើនករណី ហើយមិនអាចឱ្យលោកបន្តស៊ូ
បាន ។

ក្នុងជំនួបដោយផ្ទាល់ ជាមួយលោកនួន ភិរម្យ នៅសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ លោកបានសារភាពថា ក្លិបរការខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀន ខេត្តកំពង់ចាមរបស់លោកដែលធ្លាប់ ជួយឱ្យកីឡាករមិនតិចនាក់ប៉ុន្មានបានល្បីឈ្មោះ និងមានមុខមាត់ឈរក្នុងពិភពប្រដាល់នោះ ពេលនេះបានបិទទ្វារចោលហើយ ដោយសារតែលោក និងភរិយាមិនអាចស៊ូទ្រាំរែកពុននឹងហានិភ័យ ជាច្រើនករណីដែលជាឧបសគ្គក្នុងការរស់របស់ក្លិបនេះ ។ បញ្ហាចោទដែលនាំទៅដល់ការបិទ ចោលនូវក្លិបដ៏ល្បីឈ្មោះនេះគឺដោយសារតែហេតុផលធំ៣ ខណៈដែលក្រៅពីបញ្ហាធំៗ ទាំង៣កត្ដារួមផ្សំក៏ផ្ដល់ផល អវិជ្ជមានធ្វើឱ្យក្លិបរបស់លោកពិបាក បន្តការបង្ហាត់ដល់សិស្សផងដែរនាពេលចុងក្រោយ ។ បញ្ហាទី១ មានការពាក់ព័ន្ធទាំងស្រុងនឹងផលលំបាកជុំវិញ ការដោះដូរទីតាំងម្ដងជាពីរដង នាពេលចុងក្រោយ ។ ករណីនេះលោកអះអាងថា វាជារឿងលំបាកណាស់ ដែលក្លិបរបស់លោកត្រូវធ្វើ ឡើងនៅក្នុងផ្ទះជួលដែលជា រឿយៗគឺរមែងធ្វើឱ្យលោកផ្លាស់ប្ដូរទី តាំងចុះឡើងៗព្រោះតែខ្វះលទ្ធភាពបង់ថ្លៃផ្ទះ ដែលចេះតែបន្តឡើងថ្លៃស្របតាមបរិបទសង្គម ។ គាប់ជួន ជាការបើកក្លិបប្រដាល់វាមិនអាចធ្វើ ឡើងនៅក្នុងផ្ទះតូច ខ្វះខាតទីធ្លា ដែលមានតម្លៃឈ្នួលផ្ទះថោកៗផងទើបរឹតតែធ្វើឱ្យ បញ្ហាដោះដូរទីតាំងដដែលជាដដែលក្លាយជារឿងបាត់បង់ទំនុកចិត្ត និងបាត់ចំនួនសិស្សក្នុងការហ្វឹកហាត់ ។ បញ្ហាទី១ នេះបានកើតឡើងច្រើនឆ្នាំមកហើយ ប៉ុន្តែដោយសារតែលោក និងភរិយាចេះតែតស៊ូព្រោះមិនចង់ដំណើរការហើយក៏ត្រូវក្ស័យធនវិញ ទើបក្លិបរការខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀន ត្រូវបិទទ្វារពេលនេះ ។  ផលលំបាកធំទី២ គឺពាក់ព័ន្ធនឹងកង្វះខាត ថវិកាក្នុងការទ្រទ្រង់ក្លិបផ្ទាល់តែម្ដង ។

លោកនួន ភិរម្យ អះអាងថា ក្រោយក្លិបនេះបាត់បង់ការជ្រោមជ្រែង ពីសំណាក់សប្បុរសជនរហូតដល់អស់ជំនួយទាំងស្រុង បញ្ហាចោទក្នុងការបន្តដំណើរកាន់តែយ៉ាប់រកអ្វីមកប្រដូចមិនបាន ។ មានពេលខ្លះលោកនិងភរិយាមិនស្គាល់ហូបឆ្ងាញ់ផង ដោយសារតែត្រូវប្រើប្រាស់ចំណូល ដែលខ្លួនរកបានទុក សម្រាប់តែក្នុងលក្ខខណ្ឌទ្រទ្រង់ក្លិបកុំឱ្យដួលរលំ ។ ការទទួលរា៉ប់រងនោះគឺពាក់ព័ន្ធនឹងបញ្ហាទ្រទ្រង់ និងចិញ្ចឹមកីឡាករដើម្បីនិរន្តរភាពរបស់ក្លិបទាំងមូលនោះតែម្ដង ។ ក្នុងចំណោមកូនសិស្សជាង១០០នាក់ យ៉ាងហោចណាស់មានជាង១០នាក់ ដែលផ្លាស់ប្ដូរគ្នាដេកនៅប្រចាំការ និងហូបបាយហូបទឹកប្រៀបដូចជាសមាជិកក្នុងគ្រួសារនៅក្នុងក្លិបរបស់លោក ។ ការទទួលឲ្យស្នាក់នៅ និងចិញ្ចឹមទំនុកបម្រុងនេះគឺដើម្បីថែរក្សាកីឡាករល្អៗ ឬកីឡាករខ្វះខាតទាំងឡាយឲ្យមាន លទ្ធភាពបន្តអាជីពប្រដាល់នៅក្នុងរាជធានីភ្នំពេញ ។ បើមិនមានគោលការណ៍បែបនេះទេ នោះកីឡាករល្អៗនឹងមិនអាចប្រឡូកក្នុងការប្រដាល់នោះឡើយក្នុងដំណាក់កាលដែលពួកគេមិនទាន់ល្បី និងមិនទាន់មានទីផ្សារក្នុងការទទួលប្រាក់ចំណូលដោយងាយ។ លោកនួន ភិរម្យ អះអាងថា មានការចិញ្ចឹមទំនុកបម្រុងបែបហ្នឹងផង នៅតែក្លិបរបស់លោកប្រឈមនឹងរឿងពិបាក ថែទាំកូនសិស្សដែលមានឆន្ទៈ និងស៊ូប្រឡូកក្នុងការប្រដាល់បានយូរអង្វែង ។ លក្ខខណ្ឌបែបនេះ មិនមែនកើតឡើងតែក្នុងក្លិបរបស់លោកនោះទេ ពោលគឺក្លិបប្រដាល់របស់ក្លិបណាក៏ត្រូវតែមានដែរ ដោយគ្រាន់តែក្លិបដែលមិនជួបរឿងក្ស័យធនគេ អាងលើជំនួយនិងមានធនធានគ្រប់គ្រាន់ សម្រាប់ហានិភ័យដែលកើតមានប៉ុណ្ណោះ ។

បញ្ហាកង្វះថវិកាទ្រទ្រង់នេះរាប់បញ្ចូលទាំងការខ្វះខាត សម្ភារដើម្បីរៀបចំក្លិបប្រដាល់ឲ្យមានស្ដង់ដារ ដែលបង្កឲ្យកីឡាករហ្វឹកហាត់បាត់បង់ទំនុកចិត្ត និងថយចំនួនម្ដងបន្តិចៗនោះផងដែរ ។ ចំពោះបញ្ហាទី៣ គឺដោយសារតែលោក និងភរិយាហាក់នឿយណាយកាន់តែខ្លាំងក្នុងការ បន្តឲ្យក្លិប«រការខ្នុរគុនខ្មែរបង្រ្កាបគ្រឿងញៀនខេត្តកំពង់ចាម» នោះរស់តែម្ដង ។ លោកនិយាយថា គ្មានអ្នកណាចង់បើកក្លិបប្រដាល់ ហើយបណ្ដោយឲ្យបិទទ្វារនោះទេ ប៉ុន្តែមកពីបញ្ហាលទ្ធភាពខ្វះខាតទីតាំងក្នុងការហ្វឹកហាត់ក៏ផ្ដល់ផលលំបាក ហើយគាប់ជួនជាមានកូនសិស្សមិនស្ដាប់បង្គាប់ ធ្វើឲ្យខ្លួននឿយណាយផងទើបកំណត់ឲ្យមានការបិទទ្វារ ដែលមិនខុសពីធ្វើឲ្យសិស្សគុននោះតែលតោលតែម្ដង ។ ពាក់ព័ន្ធនឹងបញ្ហានេះមិនមែនតែលោកនួន ភិរម្យ ម្នាក់ទេ សូម្បីតែគ្រូបង្វឹកផ្សេងទៀតក៏ធ្លាប់លើកឡើងដូចគ្នា ពិសេសជុំវិញករណីសិស្សខ្លះក្នុងពេលមិនទាន់ល្បី គឺស្ទើរតែលុតក្រាបសុំឲ្យគ្រូជួយទទួលធ្វើសិស្សលុះដល់ បានល្បីឈ្មោះហើយក៏ចាប់ផ្ដើមពើងទ្រូង និងធ្វើអ្វីស្រេចតែនឹងចិត្តនោះ ។ លោក នួន ភិរម្យ មិនប្រាប់ថា ផលលំបាកអ្វីខ្លះដែលបង្កចេញពីសិស្សគុនរបស់ខ្លួននោះទេ ដោយលោកគ្រាន់តែលើកឡើងដោយខ្លីថា មកពីឈឺក្បាលរឿងណែនាំសិស្សល្អៗប្រចាំក្លិបគុន លែងស្ដាប់ទើបប្ដីប្រពន្ធរបស់លោកសម្រេចចិត្តបិទក្លិបចោលតែម្ដង ។

ដូចគ្នាអ្នកស្រីឌី ចាន់ថន ភរិយារបស់ លោកនួន ភិរម្យ បានប្រាប់ដែរថា បើទោះជាត្រូវប្រឈមនឹងផល លំបាកដូចការរាប់រាប់ខាងលើនោះក៏ដោយក៏អ្នកស្រី និងស្វាមីមិនបោះបង់ឆន្ទៈក្នុងការបើកក្លិបប្រដាល់ដូចដើមនោះដែរ ដោយគ្រាន់តែក្លិបថ្មីដែលលេចចេញនោះត្រូវតែប្ដូរឈ្មោះថ្មី និងត្រូវរៀបចំឲ្យបានម៉ត់ចត់ជាងនេះ ដើម្បីចៀសវាងការក្ស័យធនម្ដងទៀតនោះតែប៉ុណ្ណោះ ។ អ្នកស្រីបញ្ជាក់ថា  «ក្លិបរការខ្នុរគុនខ្មែរបង្រ្កាបគ្រឿងញៀនខេត្តកំពង់ចាម»  ក្រោយការបិទទ្វារហើយមិនបើកវិញទេ ប៉ុន្តែក្រោយការរៀបចំស្រួលបួលក្លិបមួយថ្មី ដែលជាកម្មសិទ្ធិរបស់អ្នកស្រី និងស្វាមីនឹងកើតឡើងមិនយូរមិនឆាប់ ។ ជាមួយនឹងការគ្រោងទុកនេះ អ្នកស្រី និងស្វាមីបានអំពាវនាវសូមឲ្យសប្បុរសជនដែលមានបំណងចង់គាំទ្រវិស័យ កីឡាជួយសម្រេចបំណងរបស់ពួកគាត់ឲ្យបានឆាប់ ដើម្បីឲ្យក្លិបប្រដាល់មួយថ្មីអាចរស់ឡើងបាន ។ អ្នកស្រីអះអាងថា ដំណើរការក្លិបថ្មី លុះត្រាតែមើលឃើញថានឹងអាចធ្វើឲ្យរស់យូរអង្វែង បើមិនដូច្នេះទេគម្រោងមួយនោះនឹងមិនកើតឡើងឡើយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]