ភ្នំពេញៈ ម្ចាស់បទ “ផុតម៉ោង១២” កញ្ញា សាសា តារាចម្រៀង លេចធ្លោមួយដួង ប្រចាំក្នុងផលិតកម្មថោន នឹងកំពុងតែគៀងគរបាន ប្រជាប្រិយភាព យ៉ាងច្រើន ក្រាស់ក្រែ ត្រូវបានគេដឹងថា នាងបានទិញផ្ទះពីរល្វែង ជាប់គ្នាក្នុងបុរីពិភពថ្មី ចំការដូង ក្នុងតម្លៃជាង១០ម៉ឺនដុល្លារ ក្នុងន័យឲ្យម្តាយនាងរស់នៅ ។

សាសាបន្ទាប់ពីលេចឮព័ត៌មានជាបន្តបន្ទាប់ ទាក់ទងទៅនឹងស្នេហា ជាមួយ កូនប្រុស ឧត្តមសេនីយ៍ម្នាក់ ការពីពេល កន្លងទៅ ក៏ប៉ុន្តែត្រូវបាន សាបរលាបទៅវិញ ខណៈព្យុះ ស្នេហ៍នោះ ដើរដល់ផ្លូវបំបែក ។ បន្ទាប់មកទៀត សាសា នាងចាប់ផ្តើម កែច្រមុះរបស់នាង នៅឯប្រទេសថៃ សរុបប្រាំពីរលើក រួចមកហើយ ដោយលើក ចុងក្រោយ នាងត្រូវបាក់ក្តោងច្រមុះ ព្រោះពេលនាងប្រលែងពរលេង ជាមួយក្មួយ ត្រូវក្មួយវាយចំច្រមុះ បណ្តាលឲ្យបាក់ ទើបនាងទៅកែកុនជាថ្មី ។

ថ្មីៗនេះ សាសា ត្រូវបានមហាជនកត់សំគាល់ឃើញថា នាងមានកំរិតជីវភាពខុសប្លែក ដាច់ឆ្ញាយពីមុន ដោយមាន លទ្ធភាព ដូររថយន្តស៊េរីទំនើប ជិះយ៉ាងសង្ហារ ថែមទាំងមានលុយកាក់ ទិញផ្ទះសម្បែងរហូតដល់ ជាង១០ម៉ឺនដុល្លារ ទៀតផង ។ សាសា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលដឹងថា “ដោយសារផ្ទះរបស់ខ្ញុំនៅ ម្តុំនោះស្រាប់ ហើយបុរីម្តុំនោះ ក៏មានលក្ខណៈល្អ ទើបខ្ញុំសម្រេចចិត្ត ទិញផ្ទះនោះទុក ខ្ញុំចង់លក់តទៅទៀតក៏បាន ឬទុកឲ្យម៉ាក់ នៅក៏បាន ។ សម្រាប់ខ្ញុំអត់មានគម្រោង លក់ផ្ទះនោះចេញទេ ព្រោះខ្ញុំបានឲ្យជាង វាយទម្លាយ ចូលគ្នាទាំងអស់ ដើម្បីឲ្យមានលក្ខណៈធំទូលាយ” ។

យ៉ាងណាមិញ សាសា បានអះអាងពីប្រភពចំណូល ក្នុងការមានលទ្ធភាព ទិញផ្ទះនេះថា គឺជាញើសឈាម បានមកពី ការងារសិល្បៈ សុទ្ធសាទ ពោលដោយសារ នាងមានឱកាស ចេញច្រៀងតាម បណ្តាខេត្តនានា ក្នុងរដូវប្រាំង កន្លងមកនេះ បានច្រើន ។ សាសា និយាយ “ខ្ញុំគិតថា ច្រៀងក្នុងផលិតកម្ម និងច្រៀងតាមបណ្តាខេត្ត គឺតាមខេត្តបាន លុយច្រើនជាង មួយរយៈមកនេះ ខ្ញុំសន្សំលុយបានច្រើន ហើយក៏សរសើរដល់ ផលិតកម្មដែរ ដែលបើកសិទ្ធិសេរីភាព យ៉ាងពេញលេញដល់ខ្ញុំ ដើម្បីស្វែងរក ចំណូលផ្ទាល់ខ្លួន ប្រហែលជាគ្មាន ផលិតណា ស្រួលដូចជាផលិតកម្ម ខ្ញុំទេមើលទៅ ។

គួរបញ្ជាក់ថា កញ្ញា សាសា កំពុងត្រៀមចេញ វ៉ុលថ្មីរបស់ខ្លួន ក្នុងផលិតកម្មថោន ខណៈដែល បទចម្រៀង ជាច្រើន របស់នាង ត្រូវទទួលការគាំទ្រ ពីសំណាក់ យុវវ័យយ៉ាងខ្លាំង ។ ក្នុងវ៉ុលថ្មីនេះ មានបទមួយចំនួនដូចជា៖ បទ គង់ដឹងឯង , សុំលេខផ្ទះសង្សារបងទាំងអស់ , និងបទ បែបមនោសញ្ចេតនា ជាច្រើនទៀត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ៖ យ៉ាន់ សុខរិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]