ខេត្ត​​​កំពត​ ៖ ចោរ​ប្រុស-ស្រី​​មាន​គ្នា​​​ចំនួន​៤​នាក់​ បាន​ធ្វើ​សកម្មភាព​​បន្លំ​​​លួចយក​មាស​​ពី​ក្នុង​​ទូ​ ​ដែល​ដាក់​​តាំងលក់​​​នៅក្នុង​ផ្ទះ​​អស់​​មាស​ជា​គ្រឿង​​អលង្ការ​មាន​ ផ្លាកដៃ​​ និង​ចិញ្ចៀន​​​ជា​ច្រើន​​​តម្លឹង​​ រួច​​គេចខ្លួន​បាត់​ដោយ​​សុវត្ថិភាព ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ឆោឡោ​​យ៉ាង​ខ្លាំង​​ដល់​ប្រជា​ពល​រដ្ឋ​​​ និង​សមត្ថកិច្ច​​នៅផ្សារ​​​​ក្រុង​កំពត ។​ ​​

ហេតុការណ៍​​​នេះ​​បាន​​កើត​​​ឡើង​​​នៅ​វេលា​​​ម៉ោង​​​ ​៩​និង​​៤៥​នាទី​ព្រឹក​ថ្ងៃទី​១១​​ ឧសភា​ នៅជួរ​ផ្ទះ​​ល្វែង​​ខាង​លិច​​​ផ្សារ​​​ក្រុង​​​កំពត​ស្ថិត​ក្នុង​ភូមិ​​ កំពង់​​​បាយខាងជើង​ សង្កាត់​​កំពង់​​​បាយ​ ក្រុង​​កំពត ។​

​​​យោងតាម​​​ស្ត្រី​ម្ចាស់​​ផ្ទះ​​ជា​អាជីវករ​​​លក់​​ ​មាស​​ឱ្យ​ដឹង​​ថា ​​ នៅមុន​ពេល​​កើត​ហេតុ​ គាត់​បាន​​​ឃើញ​​​​​ស្ត្រី២នាក់​​​​ជិះ​ម៉ូតូ​​ឌុប​គ្នា​​​មក​ឈប់​​​នៅ​មុខ​ ​ផ្ទះ​​ ​ ហើយ​ម្នាក់​បាន​​ចុះពី​​លើម៉ូតូ​​ រីឯ​ម្នាក់​ទៀត​​​​នៅ​​​ អង្គុយ​​លើ​ម៉ូតូ​​រួច​​​​សុំ​ដូរ​​លុយ​​​​ពីររយ​ដុល្លារ​​ ។ ពេល​​​​ឮ​​​ភ្ញៀវ​ប្រាប់​​ដូច្នេះ​​គាត់​​ក៏​​​រាប់​លុយ​​ខ្មែរ​​គ្រប់​ ចំនួន​​ទឹកប្រាក់​​២០០​​ដុល្លារ​ កាន់​​ដើរ​ចេញ​ពី​​​ទូ​មាស​​​ក្នុង​ផ្ទះ​​​មក​ឱ្យភ្ញៀវ​​ដែល​​អង្គុយនៅលើ​​​ ម៉ូតូ​​​ លុះ​​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ​ក្រឡេក​មើល​​ទៅ​​​ក្នុង​ទូមាស​ទើប​ដឹងថា​ បាត់​​​គ្រឿង​​​អលង្ការ​ផ្លាកដៃ​​​ ខ្សែ​ដៃ និង​ចិញ្ចៀន​​​អស់​ជា​​ច្រើន​ខ្សែ​​ និង​ជា​​ច្រើន​​វង់​ តែ​​ពុំ​ទាន់​​ដឹង​​​ពិត​ប្រាកដ​ថា​ប៉ុន្មាន​​តម្លឹង​នោះទេ ។  ​ស្ត្រី​​អាជីវករ​និយាយ​ទៀត​ថា  ខណៈ​ពេល​​យក​ប្រាក់​​ប្រគល់​​ឱ្យ​​ស្ត្រី​អង្គុយ​លើ​​ម៉ូតូ​​នោះ ​​គាត់​ពុំ​បាន​​​​ចាប់​អារម្មណ៍​​​ពី​ចោរ​​ស្រី​​ម្នាក់​​ដែល​​ចូល​ធ្វើ​​ សកម្មភាព​​​ទេ គឺឃើញ​​​​​ក្រោយ​ហេតុ​ការណ៍​កើត​ឡើង​​ដោយ​យក​​រូបភាព​តាម​កាមេរ៉ា​​​​ មកពិនិត្យ​​មើល​​ទើប​​​ដឹង​ថា​​​ ពួក​​ចោរ​បន្លំ​​​ចូល​​ខណៈ​​ពេល​​គាត់​​យកលុយ​​មក​ឱ្យ​​អ្នក​អង្គុយ​​​​លើ​ ម៉ូតូ​​​រួច​គេចខ្លួន​​​ចេញ​បាត់​មុន​អ្នកជិះ​​ម៉ូតូ​ចេញ​​ទៅទៀត​​​​ ​គឺ​រហ័ស​​​ដូចផ្លេក​​បន្ទោរ​​ ។

ចំណែក​ប្រភព​​​ពី​​សាក្សីដែល​​​​លក់​​​​គ្រឿង​ទេស​នៅ​ ជាប់​គ្នា​ឱ្យ​ដឹង​ថា ស្របពេល​​​ដែល​​​ស្ត្រី​​​​ពី​រ​នាក់​​​ជិះ​ម៉ូតូ​​ឌុប​គ្នា​មក​​ឈប់​ មុខផ្ទះ​​លក់​មាស​​នេះ គាត់​ឃើញ​​មាន​ម៉ូតូ​​​​​មួយ​គ្រឿង​​ទៀត​មិន​​ចាំ​ម៉ាក​ឌុប​គ្នា​ពីរ​នាក់​​ ​​​​ដែរ តែ​ប្រុសម្នាក់​​ ​ស្រីម្នាក់​​មក​​ឈប់​​នៅ​មុខផ្ទះ​​របស់​គាត់​​​ ។ ​បុរស​-​ស្ត្រី​​ពីរ​នាក់​នេះ​​​បាន​ចូល​មក​​​តថ្លៃ​ទិញ​បាល់​តែត​​ថ្លៃ​មិន ​ត្រូវគ្នា​ ដោយ​អ្នក​​ទាំងពីរ​នោះ​​ម្តង​​​តប៉ុណ្ណេះ​​​ ម្តងតប៉ុណ្ណោះ​ ធ្វើ​ឱ្យ​​​​​គាត់​​​ជាអ្នក​លក់​​មានការ​​សង្ស័យ​​ជាខ្លាំង​ លុះ​​មួយ​សន្ទុះ​​ក្រោយ​មក​ទើប​​ឮអ្នក​​ផ្ទះ​​​​លក់​មាស​ប្រាប់​គាត់​ថា «អស់​​រលីង​ហើយៗ»​ ​​។ ពេល​នោះ​​គាត់​​​ក៏​រត់​មក​​ផ្ទះ​កើត​ហេតុ​ លុះ​ងាក​​មើល​​អ្នក​តថ្លៃ​​បាល់ទាំងពីរ​​នាក់​ក៏ឃើញ​ជិះ​ម៉ូតូ​​​ចេញ​​មក​ ទិស​​ខាង​ត្បូង​​​​ផ្សារ​បាត់​​ទៅដែរ​ ។

​ហេតុការណ៍​​​ខាង​លើ​បើ​តាម​​សមត្ថកិច្ច​​​ក៏ដូចជា​ សាក្សី​​អាច​សន្និដ្ឋាន​​ថា ក្រុម​ចោរ​​ដែល​​ចូល​​បន្លំ​ធ្វើ​​សកម្ម​ភាព​​លួច​យក​មាស​​ អស់​ជា​ច្រើន​​​​​តម្លឹង​នេះ​ ​ពុំ​មែន​​មាន​គ្នា​​តែ​ពីរ​នាក់​​ទេ អាច​​មាន​គ្នា​៤​នាក់​រួម​គ្នា​​បន្លំ​​ដើម្បី​​​​ធ្វើ​​​សកម្ម​ភាព​​។ ក្រោយ​​​ពីហេតុ​ការណ៍កើត​ឡើង ​សមត្ថ​កិច្ច​​បាន​ដាក់​​កម្លាំង​ស្រាវជ្រាវ​​គ្រប់​ច្រក​ល្ហក​​​​ដើម្បី​​ ពិនិត្យ​ភិនភាគ​​​មនុស្ស​ដែល​​កាមេរ៉ា​​​ចាប់​បាន​ ងាយ​ស្រួល​​ក្នុង​ការ​​តាម​ប្រមាញ់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]