ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា នេះ នៅមុខវិទ្យាល័យ បាកទូក ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីបាញ់ប្រហារគ្នា យ៉ាងព្រៃផ្សៃបំផុត រវាងប៉េអឹម និងកងកម្លាំងទាហ៊ាន បានបង្កឲ្យមានការដេកស្លាប់ នៅក្នុងថ្លុកឈាមជាច្រើននាក់ ធ្វើឲ្យកងកម្លាំង ព្រហ្មទណ្ឌខណ្ឌ៧មករា បានចុះអន្តរាគមន៍ ចំពោះករណីនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេហួសចិត្ត រកពាក្យនិយាយមិនបាននោះ គឺគ្រាន់តែជាការថតកុនប៉ុណ្ណោះ។

យោងតាមប្រភពពីមន្រ្តីសមត្ថកិច្ច ដែលចុះអន្តរាគមន៍ ក្នុងករណីបាញ់ប្រហារនេះ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានករណីនេះ បានកើតឡើង គឺមាន សេចក្តីរាយការណ៍មកថា មានការបាញ់តបទល់គ្នាយ៉ាងសាហាវព្រៃផ្សៃ រវាងកំលាំងប៉េអឹម និងកំលាំងទាហ៊ាន ដែលធ្វើឲ្យមានអ្នកដេកស្លាប់ នៅក្នុងថ្លុកឈាម ជាច្រើននាក់ ហើយបង្កការភ័យខ្លាច ដល់អ្នកជិតខាងយ៉ាងខ្លាំងទើប ក្រុមកម្លាំងព្រហ្មទណ្ឌខណ្ឌ បានរៀបចំកំលាំងចុះអន្តរាគមន៍ក្នុងករណីនេះភ្លាម ប៉ុន្តែពេលចុះទៅដល់ បានធ្វើឲ្យកងកម្លាំងទាំងអស់មានការហួសចិត្តជាខ្លាំង ដោយសារបញ្ហាទាំងអស់នេះ គ្រាន់ជាការថតកុន ដែលត្រូវបានរៀបចំឡើង ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប៉ុណ្ណោះ។

មូលហេតុនាំឲ្យមានការភ្ញាក់ផ្អើលនេះ ដោយសារអ្នកដឹកនាំរឿងមុនចាប់ផ្តើមថត មិនបានផ្តល់ដំណឹង ដល់អាជ្ញាធរក្នុងមូលដ្ឋានឲ្យបានដឹងជាមុន។ បន្ទាប់ពីបានដឹងរឿងមក ក្រុមកំលាំងមានសមត្ថកិច្ច បានរៀបចំការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដើម្បីសម្រួលចរាចរ និងការថតកុននេះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]