ភ្នំពេញៈ ក្រុមកីឡាចំបាប់ ជម្រើសជាតិកម្ពុជា ២នាក់ បានដណ្ដើមមេដាយមាស ចំនួន ២គ្រឿងឲ្យកម្ពុជា ក្នុងការប្រកួតកីឡា SEA Games លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៣នេះ ដែលដណ្ដើមបានដោយកីឡាករ កៅ ឆេងហុង និងកីឡាការិនី នី សំណាង ។

ក្នុងចំណោមកីឡាទាំង ២២ប្រភេទដែលកម្ពុជា បានបញ្ជូនទៅចូលរួមប្រកួតកីឡាថ្នាក់ តំបន់អាស៊ីអាគ្នេយ៍ ដែលគេឲ្យឈ្មោះកាត់ថា “កីឡា SEA Games” លើកទី២៧ នៅមីយ៉ាន់ម៉ានោះ ចំបាប់ គឺប្រភេទកីឡាខ្លាំងជាងគេរបស់កម្ពុជា ដែលរកបានមេដាយមាស ឲ្យប្រទេសជាតិរបស់ខ្លួន ។

បើតាមការឲ្យដឹងពីលោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលកំពុងដឹកនាំកីឡាករ-កីឡាការិនី នៅប្រទេសមីយ៉ាន់ម៉ានោះ បានបញ្ជាក់ថា កីឡាករ កៅ ឆេងហុង ដណ្ដើមមេដាយមាស បានសម្រេចឲ្យកម្ពុជានោះ គឺបន្ទាប់កីឡាករជើងខ្លាំងរូបនេះ ប្រកួតឈ្នះកីឡាករហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រក្នុង ប្រភេទទម្ងន់៨៤គីឡូក្រាម ។

ចំណែកកីឡាការិនី នី សំណាង ដណ្ដើមបានមេដាយមាសដូចគ្នា ក្រោយពីរូបនាង បានប្រកួតឈ្នះកីឡាការិនី ម្ចាស់ផ្ទះវគ្គផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម ។

គួបញ្ជាក់ថា គិតត្រឹមម៉ោង ៨:៥០នាទីនេះយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ១៣គ្រឿងហើយ ដោយក្នុងនោះមាន មេដាយមាស២, ប្រាក់៤ និងសំរិទ្ធ ៧គ្រឿង នេះយោងតាមគេហទំព័ទ របស់ SEA Games នៅមីយ៉ាន់ម៉ា ៕




លោក ធិន វិចិត្រ និង កីឡាការិនី នី សំណាង ពេលទទួលបានមេដាយមាស


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]