ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត ពន្ធនាគារថ្មី ចំនួនពីរបន្ថែមទៀត នៅក្នុងខេត្ត ឧត្តរមាន ជ័យ និង ខេត្តប៉ៃលិន ដើម្បីធានាឲ្យការ គ្រប់គ្រងអ្នកទោស ឲ្យត្រូវតាមបទដ្ឋានអន្តរជាតិ មានសន្តិសុខ អនាម័យ និងសុវត្ថិភាព ។

លោក នុត សាអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅក្នុងសិក្ខាសាលា ស្តីពីការពិនិត្យ ពិភាក្សាកែ សម្រួលសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០១៤-២០១៨) របស់អគ្គនាយកដ្ឋានពន្ធនាគារ កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ថា ពន្ធនាគារដែលគ្រោងនឹងបង្កើតថ្មីទាំងពីរខាងលើ គ្រោងនឹងចំណាយថវិកាជាង ១.៤០០លានរៀល ជាថវិការបស់រាជរដ្ឋាភិបាល ។

លោករដ្ឋលេខាធិការបន្តថា ពន្ធនាគារទាំងពីរនេះ នឹងចាប់ផ្តើមសាងសង់នៅឆ្នាំខាងមុខនេះ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញលិខិតបញ្ជាចំណាយ។ការសម្រេចបង្កើត ពន្ធនាគារថ្មីនេះ ដោយសារតែខេត្តទាំងពីរ ពុំទាន់មានពន្ធនាគារ ផ្ទាល់ខ្លួននៅឡើយ ក្នុងនោះខេត្តឧត្តរមានជ័យ កន្លងមកបានយកអ្នកទោសទៅផ្ញើនៅស្នងការដ្ឋាននគរបាលខេត្ត ចំណែកខេត្តប៉ៃលិនវិញ អ្នកទោសត្រូវ បានដាក់នៅក្នុងរោងកុន ដែលគេទុកចោល ។

លោក នុត សាអាន បានបន្ថែមថា នេះជាគម្រោងមួយដ៏ មានសារៈសំខាន់ ដើម្បីធានាឲ្យអ្នកទោស កាន់តែទទួលបានស្ថាន ភាពល្អប្រសើរជាងមុន បើទោះបីជាពួកគេត្រូវបានដក ហូតសិទ្ធិសេរីភាពក៏ដោយ ហើយជាមួយគ្នានោះក៏នឹងបង្កើតឲ្យមានការ អប់រំជំនាញវិជ្ជាជីវៈផ្សេងៗដល់ពួកគេ ដូចនៅមណ្ឌលអប់រំដ៏ទៃទៀតដែរ ។

លោកស្រី វ៉ាន់ ហៀលី តំណាងឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានវាយតម្លៃពីស្ថានភាព ពន្ធនាគារ នៅ កម្ពុជាបច្ចុប្បន្ននេះ កំពុងឈានទៅរកស្ថានភាពល្អប្រសើរទៅមុខ ដោយទណ្ឌិតនីមួយៗរស់នៅក្នុងបរិស្ថានល្អ ហូបចុកគ្រប់គ្រាន់ទទួលបានការអប់រំ និងមានឱកាសជួបជាមួយក្រុមគ្រួសារ ។

លោកស្រី បានអះអាងថា នេះជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អលើបញ្ហានេះ ។ តែទោះជាយ៉ាងនេះក្តី ពន្ធនាគារនៅតាមខេត្តដទៃទៀត ក៏ត្រូវកែលម្អផងដែរ ព្រោះថា កន្លងមកនៅមានបញ្ហាប្រឈមមួយចំនួន ដូចជាការយឺត យ៉ាវក្នុងការបញ្ជូនអ្នកទោសទៅសាលាឧទ្ធរណ៍ ហេដ្ឋារចនាសម្ពន្ធ័ក្នុងពន្ធនាគារមានភាពចង្អៀត និងការអនុវត្តច្បាប់ឲ្យបានពេញលេញ ដែលទាំងនេះជាយន្តការដោះស្រាយមួយ ដើម្បីឲ្យស្របតាមបទដ្ឋានសិទ្ធិ មនុស្សអន្តរជាតិ ។

សូមបញ្ជាក់ថា នៅកម្ពុជានាពេលបច្ចុប្បន្ន មានទណ្ឌិតទាំងអស់ចំនួន ១៤.៥៦៨នាក់ ក្នុងនោះបានលើកលែងទោសចំនួនជាង ៥០០នាក់ នៅក្នុងព្រឹត្តការណ៍ធំៗចំនួន២លើក ដែល លើកទី១ នៅក្នុងថ្ងៃថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ មានចំនួន ៤០៥នាក់ និងនៅថ្ងៃចំរើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានចំនួនជាង ១០០ នាក់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]