រាជធានីភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីចេញ ពីផឹកស៊ីនៅផ្ទះមិត្តភក្តិ លុះត្រលប់មកវិញត្រូវក្រុមជន សង្ស័យមានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ឌ្រីមបានសម្រេច រួចជិះរត់គេចខ្លួនដោយសុវត្ថិភាព ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៥ ធ្នូ ២០១៣ នៅចំណុចមុខសាលា បឋមសិក្សាភ្នំពេញថ្មី ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ ឡៅ នាង អាយុ ២៩ឆ្នាំ មុខរបរជាជាង ជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ម៉ូតូដែលក្រុមចោរប្លន់ យកទៅម៉ាកឌ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ អត់ទាន់ធ្វើស្លាកលេខ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅផឹកស៊ី នៅផ្ទះមិត្តភក្តិម្តុំផ្សារដេប៉ូ តាំងពីវេលាម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៩យប់ ទើបចេញមកវិញដោយឌុបជូនមិត្តភក្តិម្នាក់ ទៅផ្ទះនៅផ្លូវវេងស្រេង ខណៈពេលត្រលប់មកវិញបំណងទៅផ្ទះ មកដល់ចំណុចកើតហេតុខាង លើស្រាប់តែមានជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង ម៉ាកស្កុបពី និងអាយខន ចេញមកធ្វើសកម្មភាពទាញយកខ្សែ ក្រវាត់វាយក្បាលជនរងគ្រោះ បណ្តាលឲ្យដួលទៅនឹងថ្នល់ រួចលើកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាជន សង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]