ភ្នំពេញ ៖ កម្លាំងនគរបាល អន្ដរាគមន៍ នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ នៅ ពេលកំពុង ចុះល្បាតតាមដងផ្លូវ បានបង្ក្រាប មុខសញ្ញា ក្រុមបងតូចបងធំ ដែលតែងតែ ធ្វើការអុកឡុក វាយប្លន់យកទ្រព្យសម្បត្ដិ ពីអ្នកដំណើរ នៅក្នុងភូមិច្រេះ សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ ដែលកន្លងទៅកម្លាំង សមត្ថកិច្ចមូលដ្ឋាន មិនដែលហ៊ានជាមួយ ក្រុមបងតូចបងធំនេះឡើយ ។

មន្ដ្រីនគរបាល អន្ដរាគមន៍ខណ្ឌសែនសុខ បានឱ្យដឹងថា ដើម្បីបង្កើនសុវត្ថិភាព និងសន្ដិសុខនៅតាម ភូមិឋាន សម្រាប់ប្រជាពលរដ្ឋនោះ អធិការ នគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាឱ្យកម្លាំងនគរបាល អន្ដរាគមន៍របស់ខណ្ឌ ចុះល្បាតតាមភូមិសាស្ដ្រ លុះពេលចុះល្បាត កាលពីវេលាម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៣ ស្រាប់តែប្រទះឃើញ ជនបង្កទាំង ៣នាក់ បានធ្វើសកម្មភាពវាយ យកខ្សែក ពីយុវជនម្នាក់ នៅតាមផ្លូវបេតុង ក្នុងភូមិសង្កាត់កើតហេតុខាងលើ ។

មន្ដ្រីនគរបាលដដែលនេះបានបញ្ជាក់ថា ជនបង្កទាំង ៣នាក់ ប្រដាប់ដោយដាវសាំ ម៉ូរ៉ៃ និងបំពង់ទីប រួមមាន ទី១ ឈ្មោះ ឆែម កុម្ភៈ អាយុ ២៦ឆ្នាំ មុខរបរ បោះពុម្ព សៀវភៅ ទី២ ឈ្មោះ ឆែម មីនា ជាប្អូន បង្កើត អាយុ ២៤ឆ្នាំ រស់នៅផ្ទះលេខ ១៣៤ ក្រុមទី ៣ ផ្លូវលំ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី និងជនសង្ស័យទី៣ ឈ្មោះ ចាន់ មករា អាយុ ២០ឆ្នាំ រស់នៅភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ មុខ របរ មិនពិតប្រាកដ ។

ដោយឡែកជនរងគ្រោះវិញ ឈ្មោះ គី រដ្ឋា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ផ្ទះសង់ថ្មី ផ្លូវលំ ក្រុម ៤ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរជា សិស្សសាលា ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្ដភ័ក្ដិចំនួន២ នាក់ ផ្សេង ទៀត បានធ្វើដំណើរចេញពីផ្ទះរបស់ខ្លួន ដើម្បីទិញបង្អែកឱ្យម្ដាយ លុះពេលធ្វើដំណើរ ដល់ចំណុចកើតហេតុនោះ ស្រាប់តែជន សង្ស័យ ឆែម កុម្ភៈ ក្នុងដៃមានដាវសាំម៉ូរ៉ៃ បានបក់ដៃឱ្យជនរងគ្រោះឈប់ ។ ពេលជន រងគ្រោះឈប់ម៉ូតូ ជនបង្ក ឆែម មីនា ត្រូវ ជាប្អូនបង្កើត បានមកទះកំផ្លៀងជនរងគ្រោះ ចំនួន២ដៃហើយភ្លាមៗនោះ ឈ្មោះ ចាន់ មករា ក្នុងដៃដោយកាន់បំពង់ទីប បានស្ទុះ មកវាយជនរងគ្រោះ បណ្ដាលឱ្យរងរបួស ដៃស្ដាំ ។

បើតាមសមត្ថកិច្ច ក្រោយកើតហេតុជន បង្កទាំង ៣នាក់ បានឆក់យកខ្សែករបស់ ជនរងគ្រោះ ដើម្បីគេចខ្លួន ប៉ុន្ដែ គាប់ជួន នឹងកម្លាំងនគរបាល អន្ដរាគមន៍របស់ខណ្ឌ សែនសុខទៅដល់ ក៏ធ្វើការឃាត់ខ្លួនពួកគេ តែម្ដងទៅ ។ បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]