រាជធានីភ្នំពេញ ៖ ទឹកកកដើមធំចំនួន៩០ដើម បានធ្លាក់បាក់បែករាយប៉ាយពេញផ្លូវ ខណៈអ្នកបើកបររថយន្តដឹកទឹកកក ងងុយដេកបួងចង្កូតបណ្តាលឱ្យក្រឡាប់ ចាក់ទឹកកកចោល កាលពីវេលាម៉ោង៤ និង១៥នាទីទៀបភ្លឺ ថ្ងៃទី៥ ធ្នូ ២០១៣ នៅមុខភូមិគ្រឹះជា សុផារ៉ា តាមផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

អ្នកបើកបររថយន្តបាននិយាយថា រូបគេបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C២៣៦៤ ចំណុះ២តោនកន្លះ ដឹកទឹកកកចំនួន៩០ដើម ពីរោងចក្រទឹកកកនៅគីឡូម៉ែត្រលេខ៩ ដោយមានអ្នករួមដំណើរ៣នាក់ទៀតធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ទឹកកករអិលផ្អៀងទៅស្តាំធ្វើឱ្យរូបគេបួង ចង្កូតមកវិញបណ្តាលឱ្យរថយន្តក្រឡាប់ ចាក់ទឹកកករាយប៉ាយពេញផ្លូវ តែម្តង។

ក្រោយកើតហេតុ ដោយសារតែមិនមានប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈ និងរបួសធ្ងន់ សមត្ថកិច្ចបានហៅរថយន្តស្ទូច មកស្ទូចរថយន្តដែលក្រឡាប់ចេញ និងរើសទឹកកកដាក់ទៅចិញ្ចើមផ្លូវ កុំឱ្យរអិលដល់អ្នកធ្វើដំណើរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]