ក្រចេះ៖ បុរសវ័យចំណាស់ម្នាក់ បានដកកាំបិត ចាក់ខ្លួនឯងចំនួន៤ កាំបិត ដោយមិនដឹងមូលហេតុ ខណៈដែលបុរសនេះ ដើរចេញ ពីក្នុងមន្ទីរពេទ្យ ឆ្ពោះមកក្រៅរបងមន្ទីពេទ្យ ហេតុការណ៍កើតឡើង នៅវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃ៥ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចខាងមន្ទីពេទ្យបង្អែក ខេត្ត ក្រចេះ ។

ប្រភពពីក្រុមអ្នករត់ម៉ូតូឌុប ដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញបុរសខាងលើ បានចេញ ពីក្នុងមន្ទីរពេទ្យ បង្អែកខេត្ត ចេញមកឈរ អង្គុយ នៅខាងក្រៅរបង រំពេចនោះជនរងគ្រោះក៏បើកអាវរបស់ខ្លួន ដែលមានកាំបិតសៀតនៅនិងចង្កេះ ចាប់ផ្តើមធ្វើសកម្មភាព ចាក់ពោះខ្លួនឯង ចំនួន៤កាំបិត ហូរឈាម ចេញពោះវៀន ទើបមានអ្នកដែលឃើញហេតុការណ៍ បានស្ទុះទៅជួយ និងដកយកកាំបិត រួចនាំជន រងគ្រោះ ចូលសង្គ្រោះក្នុងបន្ទប់វះកាត់ ។

បើតាមរៀបរាប់ របស់ស្ត្រីប្រពន្ធជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល វះកាត់បំពង់ក បានឲ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ គង់ ស៊្រាន អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិក្រហមកលើ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយពួកគាត់បានមកសម្រាកព្យាបាល វះកាត់បំពង់ក នៅក្នុង មន្ទីពេទ្យ រយៈពេល៤ថ្ងៃ មកហើយ ក៏ពុំដែលមានបញ្ហាអ្វីដែរ គឺបុរសជាប្តីតែងតែនៅមើលថែប្រពន្ធ ចាប់តាំងពីគ្រូពេទ្យវះកាត់ហើយម្ល៉េះ ។

ស្ត្រីជាប្រពន្ធរៀបរាប់ឲ្យដឹងទៀតថា ប្តីរបស់គាត់ពីដើមមក ពុំដែលមានបញ្ហាអ្វីនោះទេ តែចម្លែកត្រង់ថា ក្នុងរយៈពេល២ថ្ងៃមកហើយ ដែលបុរសជាប្តី មិនព្រមហូបបាយសោះ ហើយក៍មិននិយាយស្តីដែរ ហើយនៅពេលកើតហេតុ ប្តីរបស់គាត់បានដេញឲ្យកូនៗ ឲ្យត្រឡប់ទៅផ្ទះវិញ ខណៈកូនៗរបស់ គាត់ចេញទៅផ្ទះបាត់ បុរសជាប្តីបានហាមប្រពន្ធគាត់ថា មិនបាច់ទូរស័ទ្ទទៅផ្ទះទេ ដើម្បីកុំឲ្យកូនផ្សេងទៀត ដូរគ្នាមក បន្ទាប់ពីប្រាប់ឆ្លងឆ្លើយជាមួយ គ្នារួចហើយ ស្ត្រីជាប្រពន្ធក៏ដេញប្តីឲ្យទៅហូបបាយ ព្រោះប៉ុន្មានថ្ងៃនេះមិនរវល់គិតគូរបាយទឹកសោះ ខណៈនោះបុរសជាប្តី ក៏បានដើរចេញទៅ ក្រៅបាត់ ។

បើតាមអ្នកជំងឺ ដែលសម្រាកព្យាបាលនៅក្បែរនោះ បានឲ្យដឹងថា ពួកគាត់បានឃើញបុរសជនរងគ្រោះ ដើរអើតចុះឡើង ក្បែរបង្អួច ដោយមាន កូនកាំបិតមួយរុំសៀតក្នុងអាវ ដោយពុំមានអ្នកចាប់អារម្មណ៍នោះឡើយ  លុះមួយសន្ទុះក្រោយមក ទើបមានការផ្អើលឆោឡោ ថាបុរសជនរងគ្រោះ បានដើរទៅក្រៅរបង រួចសើយអាវ ដកកាំបិតចាក់ពោះខ្លួនឯង ចំនួន ៤កាំបិត រហូតហូរឈាម ធ្លាយចេញពោះវៀន ត្រូវបានអ្នកឃើញហេតុការណ៍ ជួយនាំយកទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យវិញ ។

ស្ត្រីជាប្រពន្ធ បានរៀបរាប់ឲ្យដឹងទៀតថា ប្តីប្រពន្ធរបស់គាត់ តាំងតែពីដើមមកមិនចេះឈ្លោះគ្នានោះទេ ហើយប្តីរបស់គាត់ ស្រឡាញ់កូនៗណាស់ មិនដឹងមូលហេតុអ្វី បានជារឿងវាកើតឡើងយ៉ាងហ្នឹង គាត់ពិតជាមិនដឹងមូលហេតុអ្វីនោះទេ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]