ភ្នំពេញៈ យ៉ាងហោចណាស់ មានភាពយន្ត ចម្រុះ ប្រមាណ៩០រឿង នឹងត្រូវបានដាក់បញ្ចាំង ដោយមិនគិតកម្រៃ នៅក្នុង មហោស្រព ភាពយន្តអន្តរជាតិកម្ពុជា ឆ្នាំ២០១៣ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៧ ដល់១២ ក្នុងខែធ្នូ ខាងមុខនេះ ។

តំណាងកម្មវិធីនេះ បានប្រាប់ថា នៅក្នុងមហោស្រព ភាពយន្តអន្តរជាតិកម្ពុជា លើកទី៤ រយៈពេល៦ថ្ងៃ នៅខែធ្នូនេះ នឹងមាន ការបញ្ចាំងភាពយន្តខ្មែរ ប្រមាណ៣០រឿង ដោយឡែក ភាពយន្តផ្សេងទៀត ជាភាពយន្ត បរទេស ក្នុងនោះ មានបញ្ចាំង នៅរោងភាពយន្ត ៤កន្លែង នារាជធានីភ្នំពេញ ដូចជា រោងភាពយន្តផ្លាទីនៀម រោងភាពយន្តលេជិន ការបញ្ចាំងនៅវិទ្យាស្ថានបារាំង និង នៅមជ្ឈមណ្ឌលបុប្ផាណា ផងដែរ ។

លោក Cedric ELOY នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា (CFC) ដែលជាអ្នករៀបចំ មហោស្រពភាពយន្តនេះ បាននិយាយថា នេះជាឱកាសសម្រាប់សមិទ្ធិករ ក្នុងប្រទេស និងក្រៅប្រទេសទាំងឡាយ បានបង្ហាញពី ទេពកោសល្យរៀងខ្លួន ដែលជាការចែករំលែកបទពិសោធន៍ គ្នាទៅវិញទៅមក។

ថ្លែងក្នុងសន្និសីទ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ នៅមជ្ឈមណ្ឌលបុប្ផាណា លោក ស៊ិន ចាន់សាយ៉ា នាយកដ្ឋាន ភាពយន្ត និងទស្សនិយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មហោស្រព ភាពយន្តអន្តរជាតិកម្ពុជានេះ មានសារសំខាន់ណាស់ សម្រាប់វិស័យភាពយន្ត នៅក្នុងប្រទេសកម្ពុជា ។

ពិធីបើក មហោស្រព ភាពយន្តអន្តរជាតិកម្ពុជា លើកទី៤ នឹងត្រូវបានចូលរួម ដោយផលិតករល្បីៗជាច្រើន ក្នុងនោះមានដូចជា ម្ចាស់ពានរង្វាន់អូស្កា ជនជាតិបារាំង លោក Regis Wargnier, ម្ចាស់ពានរង្វាន់ Grand Prix ជនជាតិខ្មែរ និងត្រូវជាឳពុកមា បុប្ផា ប៉ាន់ លោក រិទ្ធី ប៉ាន់ រួមទាំងផលិតករ តារាភាពយន្ត ល្បីៗជាច្រើនទៀត ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]