ភ្នំពេញៈ ក្លឹបខារ៉ាអូខេ ហ្សូម (ZOOM K T V) ត្រូវបាន អគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ដោយសារតែ ទុស្សេខែ្សភ្លើងកាលពីវេលាម៉ោង ២៣ និង ៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១២ ចំណុចផ្លូវលេខ ៣៦០ ត្រង់ក្លឹបខារ៉ាអូខេហ្សូប អាគារលេខ ៥៦ Eo ក្រុម១៩ ភូមិ៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការ មន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីក្រុមនារី ដែលបម្រើការនៅក្នុងក្លឹបហ្សូបនេះ បានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវជាច្រើន បានចូលផឹកស៊ីនឹងច្រៀងរាំយ៉ាងសប្បាយនៅក្នុងក្លឹប តែបានមួយសន្ទុះស្រាប់តែឮសូរ សំឡេងផ្ទុះឡើងយ៉ាងខ្លាំងចេញពីជាន់ទី៣ ភ្លាមនោះគ្រប់បន្ទប់ខារ៉ាអូខេនៅក្នុងក្លឹប ត្រូវដាច់ភ្លើងងងឹត មើលគ្នាមិនឃើញ ធ្វើឲ្យភ្ញៀវដែលច្រៀងរាំយ៉ាងសប្បាយបានរត់ចេញជាន់គ្នាពេញក្លឹប ដោយមានការ ភ័យខ្លាច ស្មានតែផ្ទុះអាវុធ តែផ្ទុយទៅវិញ គឺទុស្សេចរន្តអគ្គិសនីនៅក្នុងបន្ទប់បញ្ជាខារ៉ាអូខេទៅវិញ។

ដោយឃើញអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅបែបនេះ ក្រុមអ្នកចូលរាំលេងសប្បាយក្នុងខ្លឹបនាំគ្នា ស្រែកឆោឡោបណ្តាលឲ្យផ្អើលដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ នាំគ្នាមកជួយពន្លត់ កុំឲ្យ រាលដាលដល់លំនៅឋានរបស់គាត់ តែការពន្លត់របស់បងប្អូនប្រជាពលរដ្ឋមិនអាចជួយទប់ទល់អំណាច នៃការឆាបឆេះបាននោះទេ។ លោកថៅកែក្លឹបបានហៅរថយន្តពន្លត់អគ្គិភ័យ របស់សាលារាជធានីភ្នំពេញ មកជួយពន្លត់ ភា្លមៗនោះក្រុមពន្លត់អគ្គិភ័យរួមនឹងរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បានមកដល់ចំណុ ច កើត ជួយអន្តរាគមន៍បាញ់ពន្លត់ក្នុងរយៈពេល១ម៉ោង ដោយមិនឲ្យអណ្តាតភ្លើងឆាបឆេះរាលដាលដល់ ផ្ទះអ្នកជិតខាងឡើយ ។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យខាងលើនេះ ត្រូវបានគេប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៥រថយន្ត។ អគ្គិភ័យបានឆាបឆេះបន្ទប់បញ្ជាខារ៉ាអូខេ (បន្ទប់ សូវែ) និងបំផ្លាញអស់ម៉ាស៊ីនបញ្ជាខារ៉ាអូខេដ៏ទំនើបមួយគ្រឿង សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ មួយចំនួនទៀត នៅក្នុងបន្ទប់បញ្ជាខារ៉ាអូខេ។ លើសពីនេះទៅទៀត ក្រោយពីអគ្គិភ័យ បានរលត់ទៅនោះ លោកថៅកែក្លឹបហ្សូមបានបញ្ជាឲ្យកូនចៅរបស់ខ្លួនបិទផ្លូវមិនឲ្យក្រុមអ្នកសារព័ត៌មានទៅយកព័ត៌ មាននោះទេ ជាពិសេសក្រុមសន្តិសុខក្លឹបហ្សូម បានចាប់បុរសម្នាក់មកវាយតប់ ដោយចោទប្រកាន់ថា បុរសម្នាក់នោះ ចូលបន្លំលួចរបស់របរនៅក្នុងក្លឹបហ្សូម ទើបវាយទៅលើបុរសម្នាក់នោះ ដោយមិនសួររក ហេតុការណ៍ផល តែបុរសរងគ្រោះបាននិយាយថា ខ្លួនគ្មានបំណងលួចអ្វីឡើយតែខ្លួន ចូលនេះ ដើម្បីជួយ អន្តរាគមន៍ពន្លត់ភ្លើងតែប៉ុណ្តោះ។ ដោយហេតុតែសមត្ថកិច្ចបានស្គាល់បុរសរូបនេះ ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី៣នេះ ក៏បានឲ្យបុរសនោះទៅផ្ទះវិញ ដោយមិននាំខ្លួនទៅណា ឡើយ៕

ដោយៈ ប៉ិច នរៈ-វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]