ខេត្ត​ពោធិ៍​សាត់ ៖ រថយន្ត​ធុន​​ធំ​មួយ​គ្រឿង​​​បើក​​ទៅ​បុក​រថយន្ត​​ធុន​ធំ​​មួយ​គ្រឿង​​ទៀត​ ដែល​ចត​ស្ងៀម​​​ បណ្តាល​ឱ្យ​ដាច់​​ត្រឹម​កា​ប៊ីន​ ឯ​រថយន្ត​​​ចត​​ស្ងៀម​​​ធ្លាក់​ពី​លើ​​ចិញ្ចើម​ថ្នល់ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​​​​នេះ​​កើត​ឡើង​​​លើ​ផ្លូវ​​​ជាតិ​លេខ​៥​​ក្នុង​​​ ភូមិ​​អូ​រ​ធំ​ ឃុំ​អន្សារ​ចំបក់​​ ស្រុក​​ក្រគរ កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ទី​៦​ ឧសភា ​២០១២ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម្នាក់​របួសធ្ងន់​ និង​​រថយន្ត​​ទាំង​ពីរ​គ្រឿង​​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​។

ប៉ូលិស​​ប៉ុស្តិ៍​​អន្សា​រ​ចំបក់​ឱ្យ​ដឹងថា រថយន្ត​​ទាំង​ពីរ​គ្រឿងនោះ​​​ មួយ​គ្រឿង​​ម៉ាកអុី​ស៊ុយ​ហ៊្សុយ​ ដឹក​អីវ៉ាន់​ពេញ​ បែក​កង់​ចត​លើ​​ចិញ្ចើម​ថ្នល់​បែរ​មុខ​​ទៅ​ទិស​ខាង​លិច និង​១​គ្រឿង​​​ទៀត​ម៉ាកហ៊្វុយ​ហ្សូ​ សណ្តោង​កុង​ត​ឺ​ន័រ​ធ្វើ​ដំណើរ​​ពី​ភ្នំពេញ​ទៅ​បន្ទាយ​មាន​ជ័យ ។ ពេល​ទៅ​ដល់​​ចំណុច​​កើត​ហេតុ​ហ៊្វុយ​ហ្សូ​ បាន​បុក​រថយន្ត​​អុី​​ស៊ុយ​ហ៊្សុយ​ ដែល​ចត​​ស្ងៀម​ពី​ចំហៀង​ បណ្តាល​ឱ្យ​ដាច់​​ត្រឹម​កាប៊ីន​​ខ្លួន​ឯង រី​ឯ​រថយន្ត​ ដែលត្រូវ​​គេ​បុក​នោះ​​ធ្លាក់​ទៅ​ខាង​​​ជើង​ផ្លូវ​ខូច​ខាត​យ៉ាង​ដំណំ ។

​​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​​ បណ្តាល​ឱ្យ​អ្នក​​​បើក​​រថយន្ត​ហ៊្វុយ​ហ្សូ រង​របួស​​ធ្ងន់​ ​​ដោយ​​​ពុំ​មាន​អ្នក​ណា​ស្គាល់​ឈ្មោះ​ទេ ហើយ​បាន​​ឡើង​ជិះ​រថយន្ត​​ផ្សេង​ទៅ​ព្យាបាល​​នៅ​ភ្នំពេញ​បាត់ ។ ចំណែក​អ្នក​បើក​រថយន្ត​ អ៊ី​ស៊ុយ​ហ៊្សុយ​ ដែល​បែក​កង់​​ចត​លើ​​ចិញ្ចើម​ថ្នល់​​ត្រូវ​គេ​​បុក​នោះ​ពុំ​មាន​អ្នក​ណា​​ ស្គាល់​ទេ​ ព្រោះ​ក្រោយ​កើត​ហេតុ​​​​គេច​ខ្លួន​បាត់​ ។

ពុំ​មាន​អ្នក​ណា​ដឹង​ពី​មូល​ហេតុ​​នៃ​គ្រោះ​ថ្នាក់​​ ចរាចរណ៍​​នេះ​ទេ ប៉ុន្តែ​​រថយន្ត​ចត​ស្ងៀម​បាន​​ដាក់​រនាំង​​មុខ​ក្រោយ​​ចម្ងាយ​​ពី​រថយន្ត​ ប្រហែល​​១០០​ម៉ែត្រ​​ ដើម្បី​ជា​សញ្ញា​​ ។ ប៉ូលិស​​បានសន្និដ្ឋាន​​ថា គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ អាច​បណ្តាល​​មក​ពី​អ្នក​បើករថយន្ត​ ហ៊្វុយ​ហ្សូ​ ងងុយ​ដេក ឬ​ក៏​ស្រវឹង​ស្រា បើក​លឿន​ហួស​កំណត់​ ឬ​​ក៏​ចាំង​ភ្លើង​ហ្វា​រថយន្ត​​មក​ពី​មុខ​​មើល​​មិន​​ឃើញផ្លូវ​ ។រថយន្ត​ទាំង​ពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច​​នាំ​ទៅ​​​រក្សា​ទុក​នៅ​អធិការ​​ដ្ឋាន​នគរ​បាល​ស្រុក​ ក្រគរ​​ ដើម្បី​រង់​ចាំ​ម្ចាស់​​ទៅ​ដោះ​ស្រាយ​​តាម​ផ្លូវ​ច្បាប់ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]