ខេត្តប៉ៃលិន ៖ បុរសមិនស្គាល់អត្តសញ្ញាណសម្តីបាតផ្សារម្នាក់ បាននិយាយមាក់ងាយ ប្រមាថអ្នកកាសែត ត្រូវគេបង្ហើបប្រាប់ថា រស់នៅភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ហើយធ្លាប់ជាប់ពន្ធនាគារ រយៈពេលប្រហែល ១ឆ្នាំ នៅខេត្តប៉ៃលិន ដោយសារតែផឹកស៊ីស្រវឹងគង សម្តីគ្នាវាយប្អូនប្រុសរាប់អានរបស់ខ្លួន បណ្តាលឲ្យបែកក្បាលរងរបួសដេរអស់ជាង ៦០ថ្នេរ ហើយត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួនតាមដីកា និងដាក់ពន្ធនាគារតែម្តង។

តែក្រោយពីចេញមកវិញ មិនទាន់បានប៉ុន្មានផង ពេលអ្នកកាសែតចូលទៅយកព័ត៌មាន នៅក្នុងប៉ុស្តិ៍ស្ទឹងកាច់ ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ កាលពីវេលាម៉ោង ២ និង ៣០នាទី រសៀលថ្ងៃទី២៦ វិចិ្ឆកា ២០១៣ ស្រាប់តែបុរសខាងលើ បាននិយាយមាក់ងាយអ្នកកាសែតខ្លាំងៗ ថា ធ្វើជាអ្នកកាសែតបានការស្អី គ្មានភាពយុត្តិធម៌ចុះតែរឿងនាំឲ្យគេជាប់គុក។

ជាក់ស្តែង ខណៈដែលអ្នកយកព័ត៌មាន កោះសន្តិភាពចូល ទៅយកព័ត៌មាន នៅក្នុងប៉ុស្តិ៍ស្ទឹងកាច់ កាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា ស្រាប់តែបុរសរូបនោះ បានងើបចេញពីដេកលើ អង្រឹងសមត្ថកិច្ចប៉ុស្តិ៍ភ្លាម ក៏ស្តីឲ្យអ្នកកាសែតខ្លាំងៗថា ធ្វើជាអ្នកកាសែតគ្មានប្រយោជន៍ អយុត្តិធម៌ ចុះសរសេរតែរឿងលម្អៀង ហើយដោយសារតែអ្នកកាសែត ទៅថតរូបគេនៅក្នុងស្នងការ បានជារូបគេត្រូវជាប់គុកអស់រយៈពេលជាង ១ឆ្នាំ។

ភ្លាមៗនោះ អ្នកកាសែតកោះសន្តិភាព បានសួរនាំបន្ត បុរសរូបនោះប្រាប់ថា ដំបូងរូបគេបានផឹកស៊ីជាមួយប្អូនរាប់អានម្នាក់ ហើយទាស់សម្តីគ្នា រួចរូបគេក៏បានវាយទៅលើជនរងគ្រោះបណ្តាល ឲ្យបែកក្បាលដេរអស់ជាង ៦០ថ្នេរ តែក្រោយពីវាយរួចរូបគេ បានព្យាបាលរបួសជនរងគ្រោះ និងថែអ្នកជំងឺរហូតដល់ជាសះស្បើយ និងបង់ប្រាក់អស់ជាច្រើនរួចរាល់អស់ហើយ ស្រាប់តែតុលាការឲ្យសមត្ថកិច្ចទៅ ចាប់រូបគេយកទៅដាក់ពន្ធនាគារទៅវិញ ហើយអ្នកកាសែតអត់ព្រមជួយគេទេ បែរជាថតរូបគេយក ទៅសរសេរបង្ហោះផ្សាយ។

ពេលនោះ អ្នកសារព័ត៌មានបានឆ្លើយទៅវិញថា ការចាប់ឃាត់ខ្លួនអ្នកឯងនោះ គឺជារឿងរបស់តុលាការ ដែលដីកាបញ្ជាឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន ចំណែកអ្នកសារព័ត៌មាន គ្រាន់តែទៅយករឿងអ្វី ដែលសមត្ថកិច្ចបានធ្វើទៅ តាមតួនាទីរបស់ខ្លួនប៉ុណ្ណោះ។ ស្រាប់តែបុរសសម្តីបាតផ្សារខឹង ច្រឡោតស្ទើរតែចង់មកវាយលើអ្នកកាសែត។ លុះក្រោយមកគេនិយាយខ្លាំងៗថា បើសិនជាអ្នកកាសែត មិនទៅថតរូបគេចុះផ្សាយ ក៏គេអត់ជាប់គុកដែរ។

អ្នកសារព័ត៌មានបានសួរឈ្មោះ ទីកន្លែងរស់នៅ តែបុរសរូបនេះ អត់ព្រមឆ្លើយប្រាប់ទេ ថែមទាំងនិយាយសម្តីមិនគួរឲ្យចង់ស្តាប់ថែមទៀតផង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]