ភ្នំពេញៈ កន្លងមក កញ្ញា រស់ សាវ៉ាត់បាទី ធ្លាប់បានអះអាងថា នាងកំពុងតែចាប់ផ្តើម មានពន្លឺជោគជ័យក្នុងការងារសិល្បៈ ហើយសម្រាប់ រឿងស្នេហា ក៏មានបុរសជាច្រើន គ្រប់ស្រទាប់វណ្ណៈ កំពុងតែតាមប្រម៉ាញ់ស្នេហ៍នាង មិនឈប់មិនឈរ ។ ប៉ុន្តែរហូតមកដល់ពេលនេះ អ្វីដែលនាង ធ្លាប់តែអួតប្រាប់គេ ប្រាប់ឯង ក្តែងៗ បែរជាស្ងប់ស្ងាត់ ទៅទាំងព្រម ធ្វើឲ្យនាង ស្ងាត់ប្រជាប្រិយភាពហើយ សូម្បីតែរឿងស្នេហា ក៏ត្រូវស្ងាត់ដូចគ្នាស្ទើរតែហៅមិនឮ ។

តារាសម្ដែងរាងតូចច្រឡឹង សម្បុរស្រអែមស្រស់ កញ្ញា រស់ សាវ៉ាត់បាទី មួយរយៈពេលមុន គេសង្កេត ឃើញថាកេរ្តិ៍ឈ្មោះរបស់នាង ហាក់មានសន្ទុះងើបឡើងជាលំដាប់ មានការងារធ្វើឥតដាច់ ទាំងអាជីពជាពិធីការិនី នៅស្ថានីយទូរទស្សន៍ ការសម្តែង និងការថតស្ពត ពាណិជ្ជកម្មជាដើម ។

ចំណែករឿងស្នេហា ក៏មានបុរសជាច្រើន ទាំងក្នុង និងក្រៅប្រទេស តាមប្រជែងស្នេហ៍ នាងជាហូរហែដែរ ។ ប៉ុន្តែរហូតមកដល់ពេលនេះ សកម្មភាពក្នុងសិល្បៈ របស់នាង បែរជាស្ងាត់ឈឹង ដូចចោរលួចសេះ មិនសូវបង្ហាញមុខមាត់ នៅលើកញ្ចក់ ទូរទស្សន៍ដូចមុនទេ ។ សូម្បីតែកម្មវិធីទូរទស្សន៍ ដែលនាងធ្លាប់ ធ្វើជាពិធីការិនីក៏ត្រូវផ្អាក ដោយមិនដឹងមូលហេតុទៀតផង ។

បើតាមប្រភព ពីបុគ្គលិកបម្រើការងារ នៅស្ថានីយទូរទស្សន៍មួយ ក្នុងចំណោមទូរទស្សន៍ ដែលនាងធ្លាប់កាន់កម្មវិធី បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យ នាងត្រូវបាត់តំណែង ពិធីការិនីនោះ ដោយសារតែសមត្ថភាពរបស់នាង នៅមានកម្រិត និយាយមិនទាន់ល្អ ។ ម្យ៉ាងអ្វីដែលធ្វើឲ្យនាងចាប់ផ្តើមបាត់ ការងារបន្តិចម្តងៗនោះ គឺមកពីការវាយឫកខ្ពស់ មិនសូវគោរព ម៉ោងពេលធ្វើការ ។ កត្តាទាំងអស់នេះហើយ បានធ្វើឲ្យនាងត្រូវជ្រុះតំណែងម្តងមួយៗ រហូតដល់អស់បែបនេះ ។

ជាក់ស្តែង ពេលនេះសន្ទុះកេរ្តិ៍ឈ្មោះរបស់នាង មិនសូវមានយីអ៊ុនទេ បន្ទាប់ពីនាងថតរឿង “អាបពាក់មួកសុវត្ថិភាពវគ្គ២”ចប់ ពោលគឺគ្មានអ្នកដឹកនាំរឿងណា ទាក់ទងហៅនាងថតរឿងបន្តទេ ។ ទោះបីជាមានការលើកឡើង ពីប្រភពខាង លើយ៉ាងណាក៏ដោយក៏ LookingTODAY បានព្យាយាមទាក់ទង ទៅស្រីស្រស់ កញ្ញា រស់ សាវ៉ាត់បាទី តាមរយៈលេខទាំងពីរប្រព័ន្ធ ដែលនាងធ្លាប់ប្រើ តែមិនអាចទាក់ទងបាន ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]