រាជធានីភ្នំពេញ ៖ តារាចម្រៀងនាងឈិន សុរ៉ាវី បានធ្វើអត្ដឃាតដោយចងកចោលក្រុមគ្រួសារ និងឃ្លាតចាកពីអាជីពជាអ្នកសិល្បៈ និងមិត្តភក្ដិសិល្បករ សិល្បការិនីជាទីស្រឡាញ់របស់នាង ។ ទោះបីជាបែបណាក្ដី ការធ្វើអត្តឃាតគួរឱ្យភ្ញាក់ផ្អើលនេះ មិនទាន់មានប្រភពណាមួយអះអាងថា បណ្ដាលមកពីមូលហេតុអ្វីជាផ្លូវការនៅឡើយទេ ។ ប៉ុន្តែគេបានដាក់ការសង្ស័យមិនផ្លូវការថា អាចបណ្ដាលមកពីវិបត្តិស្នេហា ព្រោះមុនពេលចងកសម្លាប់ខ្លួននាង មានទំនាស់ជាមួយសង្សារ ។ ជាមួយគ្នានេះ នៅមានប្រភពខ្លះមានមន្ទិលសង្ស័យថា ឈិន សុរ៉ាវី ត្រូវគេធ្វើឃាតទោះបីជាប៉ូលិសជំនាញអះអាងថា នាងធ្វើអត្តឃាតក៏ដោយ។

ហេតុការណ៍នោះបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោឡើង កាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី១៤ វិច្ឆិកា ២០១៣ នៅផ្ទះល្វែងលេខ២១៤ ផ្លូវD បុរីពិភពថ្មី ក្នុងភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។នាងឈិន សុរ៉ាវី មានអាយុ៣៣ឆ្នាំ ជាតារាចម្រៀងល្បីឈ្មោះនិងមានប្រជាប្រិយ ភាពផងដែរដោយសារតែអត្តចរិតរបស់នាង រាបសា ញញឹមស្រស់គួរឱ្យស្រឡាញ់ ។ ប្អូនស្រីបានប្រទះឃើញតារាចម្រៀង រូបនេះស្លាប់ក្នុងបន្ទប់ឡៅតឿដោយយកអាវចងកជាប់ ជាមួយពិដាន ។ 

មន្ត្រីប៉ូលិសឱ្យដឹងថា នាងឈិន សុរ៉ាវី ស្នាក់ក្នុងផ្ទះនោះជាមួយប្អូនស្រីបង្កើត របស់នាងម្នាក់និងប្អូនស្រីជីដូនមួយម្នាក់ទៀត ។ នៅមុនពេលកើតហេតុ ឈិន សុរ៉ាវី បាននៅផ្ទះតែម្នាក់ឯង ចំណែកប្អូនស្រីបង្កើត និងប្អូនស្រីជីដូនមួយជាប់រវល់ចេញទៅក្រៅ ។ ពេលបងប្អូន២នាក់នោះត្រឡប់ចូលដល់ផ្ទះវិញទើបភ្ញាក់ផ្អើល បន្ទាប់ពីមើលឃើញនាងឈិន សុរ៉ាវី ចងកតាមកញ្ចក់បន្ទប់ឡៅតឿ ។ ភ្លាមៗនោះគេវាយបំបែកកញ្ចក់ទ្វារចូលទៅស្រាយ ទម្លាក់ក្នុងបំណងជួយសង្គ្រោះ ប៉ុន្តែហួសពេលដោយនាងរ៉ាវី បានស្លាប់បាត់បង់ជីវិតទៅហើយ ។

ប្រភពដដែលបន្តថា នាងឈិន សុរ៉ាវី ត្រូវនគរបាលជំនាញបច្ចេកទេសនៃស្នងការ ដ្ឋានរាជធានីភ្នំពេញពិនិត្យនិងធ្វើកោសល្យវិច័យយ៉ាង យកចិត្តទុកដាក់ ហើយលទ្ធផលបង្ហាញថា នាងធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន មិនមែនជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មឡើយ ។ ប្រភពព័ត៌មាននានាបានឱ្យដឹងថា មុនពេលចងកសម្លាប់ខ្លួននោះ គេកត់សម្គាល់ឃើញថា នាងមានរឿង ផ្ទួនៗ ដោយនៅវេលាទៀបភ្លឺថ្ងៃទី១៤ វិច្ឆិកា នាងឈិន សុរ៉ាវី បើករថយន្តបុកបង្គោលភ្លើងនៅតាមផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តរបស់នាងត្រូវសមត្ថកិច្ចនាំយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ លុះក្រោយមកទៀតនាងរ៉ាវីមានទំនាស់ជាមួយនឹង សង្សាររបស់នាងដែលគេមិនស្គាល់អត្តសញ្ញាណ ប៉ុន្តែពុំដឹងថាដោយសាររឿងអ្វីឡើយ ។ នៅវេលាយប់ឆ្លៀតពេលដែលនាងនៅផ្ទះម្នាក់ឯង ក៏ធ្វើអត្តឃាតតែម្ដង ។

ប្រភពព័ត៌មានឱ្យដឹងថា នាងឈិន សុរ៉ាវី បានបន្សល់ទុកលិខិតមួយច្បាប់ ដែលនាងសរសេរព្រមានថា «នាងមិនលើកលែងឱ្យអ្នកដែលជាន់ឈ្លី និងកុហកនាងឡើង» ។ តាមខ្លឹមសារលិខិតបានបង្ហាញភ្លើងកំហឹងរបស់នាងតាមចង ពៀរចំពោះនរណាម្នាក់ដែលនាងចាត់ទុក ជាអ្នកជាន់ឈ្លី និងនិយាយមិនត្រង់ចំពោះនាង ។ ទោះបីមិនបានបង្ហាញថា ជារឿងអ្វីដែលត្រូវបានមជ្ឈដ្ឋាននានាដាក់ ការសង្ស័យទៅដល់វិបត្តិនៃជីវិតស្នេហ៍របស់ នាងនឹងបុរសម្នាក់ ហើយប្រហែលជាព្រាននារីរូបនោះធ្វើបាបចិត្តនាងរហូតដល់ លែងចង់រស់ក្នុងលោកកីយ៍នេះទៀត ទើបឈានដល់ការចងកសម្លាប់ខ្លួន ។

ក្រោយកើតហេតុនេះ អ្នកសារព័ត៌មានត្រូវគេហាមឃាត់ មិនឱ្យចូលទៅថតរូបភាពទេ ។ ចំពោះព័ត៌មានខាងលើ គ្រាន់តែជាការអះអាងរបស់សមត្ថកិច្ចប៉ុណ្ណោះ ចំណែកក្រុមគ្រួសារនាងឈិន សុរ៉ាវី មិនទាន់បានអះអាងថាបែបណានៅឡើយទេ ។ពាក់ព័ន្ធមរណភាពរបស់តារាចម្រៀងនាងឈិន សុរ៉ាវី នេះប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច បានចូលរួមសម្ដែងការសោកស្ដាយដោយនាងធ្លាប់ ប្រឡូកក្នុងវិស័យសិល្បៈជាមួយគ្នាកន្លងមក ។ លោក សុះ ម៉ាច និយាយថា លោកក្ដុកក្ដួលចិត្តជាពន់ពេកក្នុង ពេលលោកទទួលព័ត៌មានឈិន សុរ៉ាវី ធ្វើអត្តឃាត ។ លោកតែងតែចាត់ទុកនាងជាអ្នកសិល្បៈមួួយ រូបដែលមានអត្តចរិតស្លូតបូត ស្មោះត្រង់ និងមានសុជីវធម៌ខ្ពស់ ព្រមទាំងមិនឆ្មើងឆ្មៃឬរើសអើងចំពោះអ្នកសិល្បៈដូចគ្នាឡើយ ។

ក្នុងនាមប្រធានសមាគមសិល្បៈលោក សុះ ម៉ាច អំពាវនាវដល់អ្នកសិល្បៈគ្រប់រូបឱ្យទៅចូលរួមបុណ្យសពនាងឈិន សុរ៉ាវី ។ ចំណែករូបលោកនឹងព្យាយាមស្វែង រកបច្ច័យពីសប្បុរសជននានាដើម្បីយកទៅចូលបុណ្យ សពរបស់តារាចម្រៀងរូបនេះផងដែរ ។
ឈិន សុរ៉ាវី ជាបងស្រីបង្កើតរបស់កញ្ញាឈិន សុធារី ដែលជាតារាចម្រៀងដូចគ្នា ។ ប្រៀបធៀបរវាងបងប្អូនត្រកូលឈិនទាំងពីរនាក់នេះ គឺមានរូបសម្រស់ក៏ស្រស់ដូចគ្នា ឯជីវិតស្នេហាក៏ហាក់មិនសូវសមប្រកបដូចគ្នា ។ ឈិន សុរ៉ាវី បានឈានជើងចូលពិភពសិល្បៈនៅក្នុងអំឡុងទសវត្សទី៩០ ក្រោយពេលនាងបានហាត់ច្រៀងជាមួយអ្នកគ្រូគង់ ណារី នៅសាលាវត្តកោះជាមួយពិធីករទូរទស្សន៍លោកអឹុង រដ្ឋា ហៅទុយ ។ ក្រោយពេលហាត់រៀនច្រៀងនោះ ឈិន សុរ៉ាវី មានឱកាសបានចូលច្រៀងនៅស្ថានីយ ទូរទស្សន៍ជាតិកម្ពុជាជាមួយតារាចម្រៀងមួយចំនួនទៀត ។ ការបង្ហាញខ្លួននៅស្ថានីយទូរទស្សន៍ជា លើកដំបូងនេះហើយដែលធ្វើឱ្យដំណើរ ជីវិតលើវិថីសិល្បៈរបស់តារាចម្រៀងរូបនេះកាន់ តែលេចត្រដែតឡើងមិនចាញ់លោកឈិន កុសល ដែលជាបងប្រុសរបស់នាងឡើយ ។

ឈិន សុរ៉ាវី បានបង្ហាញខ្លួនជាញឹកញាប់នៅក្នុងកម្មវិធី ប្រគំតន្រ្តីដែលមានឈ្មោះថា «ពិភពតន្ត្រី »និង«តារាក្នុងដួងតារា» របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ និងប៉ុស្ដិ៍អប្សរា ដែលកម្មវិធីទាំងនោះដឹកនាំដោយលោកហ្វៃ សំអាង។ តារាចម្រៀងរូបនេះតែងតែលើកយកបទចម្រៀង ពីដើមៗមកច្រៀង ហើយទឹកដមសំនៀងរបស់នាងទាក់ទាញម្ចាស់ផលិតកម្ម ក្រៅស្រុកមួយចំនួនធ្វើឱ្យនាងលេចធ្លោខ្លាំងនៅឯក្រៅស្រុក ។

ពាក់ព័ន្ធនឹងជីវិតស្នេហាវិញ បន្ទាប់ពីប្រឡូកអាជីពសិល្បៈអស់ជាច្រើនឆ្នាំនោះ ឈិន សុរ៉ាវី បានរសាត់ខ្លួនទៅរស់នៅប្រទេសបារាំងមួយរយៈ និងលេចឮថានាងបានចងសម្ព័ន្ធស្នេហាជាមួយ អាណិកជនខ្មែររស់នៅទីនោះ ប៉ុន្តែស្នេហាលើកដំបូងនេះមិនសមប្រកបឡើយ ។ក្រោយពីរស់នៅប្រទេសបារាំងអស់រយៈពេលប្រហែលជា២ឆ្នាំ ឈិន សុរ៉ាវី បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញជាមួយនឹងកូនប្រុសម្នាក់ ។ស្ថិតនៅក្នុងទឹកដីកំណើតឈិន សុរ៉ាវី បានចាប់កាន់ក្បាលមេក្រូជាថ្មីឡើងវិញ ហើយនាងនៅតែមានឱកាសបង្ហាញមុខ តាមឆាកប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានា ។

ជាថ្មីម្តងទៀតវត្តមាននៅក្នុងស្រុកនេះឈិន សុរ៉ាវី ត្រូវបុរសម្នាក់ដែលគេសង្ស័យជា សង្សារតែងតែដើរតាមនាងស្អិតដូចតុកកែគ្រប់កម្មវិធី ជាពិសេសកម្មវិធីប្រគំតន្ត្រីនៅតាម បណ្តាស្ថានីយទូរទស្សន៍នានា ។ ប្រហែលជា២ឆ្នាំចុងក្រោយនេះលេចឮព័ត៌មានថា ឈិន សុរ៉ាវី និងគូស្នេហ៍ឈានទៅដល់ការបែកបាក់គ្នា ហើយគេមិនដែលបានឃើញបុរសដែលតែងដើរតាម នាងគ្រប់ពេលពីមុនមកនោះតាមហែហមនាងដូចមុនទៀតទេ ឃើញតែប្អូនពៅនាងតាមជួយកាន់សម្លៀកបំពាក់ ឱ្យនាងពេលទៅសម្ដែង ម្តងៗ ។ជា រឿយៗបើទោះបីជាមានការជជីកសួរពីរឿងស្នេហាយ៉ាងណា ក៏ដោយក៏ឈិន សុរ៉ាវី មិនដែលបកស្រាយឱ្យបានច្បាស់លាស់ទេ នាងបានត្រឹមតែនិយាយយ៉ាងខ្លីថាបុរសនោះមិនមែនជាសង្សារនាងទេ ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]