នៅលើពិភពលោកយើងនេះ មានអច្ឆរិយវត្ថុជាច្រើន ស្ថិតនៅតាមបណ្តាប្រទេសនានា ដែលអច្ឆរិយវត្ថុទាំងនេះ សុទ្ធតែបន្សល់ទុកដោយបុព្វបុរសរបស់គេ ហើយសព្វថ្ងៃក៏កំពុងត្រូវបានអភិរក្ស និងថែរក្សាយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អន្តរជាតិផងដែរ។

ចាប់តាំងពីពេលបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ អច្ឆរិយវត្ថុជាច្រើនទៀត នៅមិនទាន់បានទម្លាយនូវអាថ៍កំបាំងនៅឡើយទេ ពោលគឺស្ថិតនៅជាមន្ទិលសង្ស័យពីសំណាក់អ្នកបុរាណវិទូនៅឡើយ។ ដូចនេះហើយថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្តទៅស្វែងយល់ពី អច្ឆរិយវត្ថុអាថ៍កំបាំងទាំង ៧ ដែលល្បីល្បាញជាងគេនៅលើពិភពលោក ដូចខាងក្រោម៖

លេខ ៧៖ Gobekli Tepe នៅប្រទេស ទួគី

ស្ថិតនៅលើកំពូលភ្នំនាភាគខាងកើតនៃប្រទេសទួគី Gobekli Tepe គឺជាតំបន់បុរាណវិទ្យាមួយ ដែលបានកសាងឡើងនៅកំឡុងឆ្នាំ ១០ ០០០ មុនគ.ស ពោលគឺកសាងឡើងមុនពីរ៉ាមីត របស់អេស៊ីប ប្រមាណជា ៧ ០០០ឆ្នាំ។ ស្ថិតនៅលើកំពស់ ១៥ម៉ែត្រ និងមានអង្កត់ផ្ចិត ៣០០ម៉ែត្រ Gobekli Tepe  កសាងឡើងដោយការផ្គុំចូលគ្នាពីសសរទ្រូងថ្មទម្រង់ជាអក្សរ T ដែលសសរនិមួយៗ មានកម្ពស់ ៦ ម៉ែត្រ និងទម្ងន់រហូតដល់ ២០ តោន ហើយអ្វីដែលពិសេសជាងនេះនោះ សសរទ្រូងទាំងនេះ ត្រូវបានឆ្លាក់ចេញជាចម្លាក់ជាច្រើនដូចជា ជ្រូកព្រៃ ទា ពស់ និងតោជាដើម។

លេខ ៦៖ Plain of Jars នៅប្រទេស ឡាវ

The Plain of Jars គឺជាតំបន់ទេសចរណ៍បុរាណវិទ្យដ៏ល្បីមួយ ដែលជាតំបន់ប្រជុំទៅដោយ ពាងថ្មធំៗជាច្រើន លាតសន្ធឹងនៅក្នុងតំបន់ទំនាប នាខេត្ត Xieng Khouang ប្រទេសឡាវ។ ក្រឡធំៗ ដ៏ច្រើនសន្ធឹកទាំងនេះ មានសណ្ឋានខុសៗគ្នា និងមានទម្ងន់ពី ១ តោន រហូតដល់ ៥ តោនឯណោះ។ គួរបញ្ជាក់ផងដែរថា តំបន់ The Plain of Jars ត្រូវបានក្លាយជាបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូនីសកូ នៅឆ្នាំ ២០០៦ ហើយអ្វីដែលជាចម្ងល់នោះគឺ ក្រឡទាំងនេះមានវត្តមានតាំងពីសម័យយុគលោហៈមកម៉្លេះ ចុះតើក្រឡទាំងនេះមានប្រភពមកពីណា? តើគេប្រើប្រាស់វាដើម្បីអ្វី?


លេខ ៥៖ Great Pyramids of Giza នៅប្រទេស អេស៊ីប

ស្ថាបនានៅក្នុងកំឡុងឆ្នាំ ២៦៣១ ដល់ ២៤៩៨ មុនគ.ស ជាអច្ឆរិយវត្ថុចំណាស់ជាងគេមួយ ដែលមិនទាន់ទទួលរងការខូចខាងធ្ងន់ធ្ងរតែមួយគត់ ក្នុងចំណោមអច្ឆរិយវត្ថុចំណាស់ ៧ ផ្សេងទៀត នៅលើពិភពលោក។ អច្ឆរិយវត្ថុនេះ បង្កើតឡើងដោយការផ្គុំគ្នារវាង ពីរ៉ាមីតធំៗបីខុសៗគ្នា ដូចជា Khufu Khafra&Menkaura និង the Great Sphinx ព្រមទាំងកូនពីរ៉ាមីតតូចៗជាច្រើនទៀត។ យ៉ាងហោចណាស់ក៏គេត្រូវការ មនុស្សចំនួន ១០០ ០០០នាក់ និងរយៈពេល ៣០ ឆ្នាំ ដើម្បីកសាងអច្ឆរិយវត្ថុមួយនេះ ហើយមន្ទិលសង្ស័យពាក់ព័ន្ធនឹងការឌីសាញ និងសាងសង់ នាសម័យបុរាណនោះ ក៏នៅមិនទាន់បកស្រាយនៅឡើយ។


លេខ ៤៖ Teotihuacan ប្រទេស ម៉ិចស៊ិចកូ

វាគឺជាទីក្រុងបុរាណមួយ ដែលស្ថិតនៅតំបន់ដីសណ្ត ចម្ងាយប្រមាណជា ៥០ ម៉ែត្រ ពីទិសឥសាន្តនៃទីក្រុងម៉ិចស៊ិចកូសព្វថ្ងៃ។  វាត្រូវបានកសាងនៅកំឡុងឆ្នាំ ១០០ មុនគ.ស ហើយបានក្លាយជាទីក្រុង នៅចន្លោះស.វទី ៧ និង ស.វទី៨ ដែលមានមនុស្សប្រមាណ ២០០ ០០០ នាក់រស់នៅ។ ទោះជាយ៉ាងណាក៏ដោយ អច្ឆរិយវត្ថុមួយនេះត្រូវបានដាក់ចូលជាបេតិកភ័ណ្ឌពិភពលោក នៅឆ្នាំ ១៩៨៧ ចំណែកឯប្រភេទនៃមនុស្សដែលរស់នៅទីក្រុងនេះ នាសម័យបុរាណ ក៏មិនទាន់ដឹងច្បាស់នៅឡើយដែរ។


លេខ ៣៖ Nazca Lines ប្រទេស ប៉េរ៉ូ

The Nazca Lines គឺជាខ្សែបន្ទាត់ និងក្រាហ្វិចធំៗ ដែលលាតសន្ធឹង នៅវាលខ្សាច់ Nazca ភាគខាងជើងនៃប្រទេស ប៉េរ៉ូ ក្នុងផ្ទៃក្រលាជិត ៥១ ៨០០ ហិចតាចន្លោះទីក្រុង Rio Ingenio និងទីក្រុង Rio Nazca។ ខ្សែបន្ទាត់ដ៏សមញ្ញមួយខ្សែ គូសខ្វាត់ខ្វែងបង្កើតបានជា សត្វបក្សីម៉្យាង ពីងពាង ស្វា ត្រី ឆ្លាម និងបង្គួយជាដើម។ អច្ឆរិយវត្ថុមួយនេះត្រូវបានដាក់ចូលជាបេតិកភ័ណ្ឌពិភពលោក នៅឆ្នាំ ១៩៩៤។


លេខ ២៖ Easter Island ប្រទេស ឆីលី

ស្ថិតនៅប្រមាណជា ៣ ៧០០ គីឡូម៉ែត្រពីឆ្នេរខាងលិចនៃប្រទេសឆីលី Easter Island បានក្លាយទៅជាតំបន់អាថ៍កំបាំងជាងគេបង្អស់ នៅលើពិភពលោក។ វាក៏ត្រូវបានចាត់ទុកជា កោះដែលដាច់ស្រយាលជាងគេបង្អស់ផងដែរ ដែលមានរូបចម្លាក់ថ្ម រហូតដល់ ៨៨៧ផ្ទាំង ដែលរូបចម្លាក់ថ្មទាំងនេះ មានកម្ពស់ពី ៧ ទៅ ១០ ម៉ែត្រ និងទម្ងន់ពី ៣០ ទៅ ៩០ តោន។ អ្វីដែលជាអាថ៍កំបាំងនោះគឺ តើគេឆ្លាក់រូបចម្លាក់ថ្មទាំងនោះ យ៉ាងដូចម្តេច បើការពិសោធន៍ឆ្លាក់រូបចម្លាក់ថ្ម ពីសំណាក់អ្នកវិទ្យាសាស្ត្របានបរាជ័យ ដោយសារតែឧបកណ៍ឆ្លាក់ត្រូវខូចខាតនោះ?


លេខ ១៖ Stonehenge ចក្រភពអង់គ្លេស

Stonehenge គឺជាតំបន់ប្រជុំថ្ម ដែលតម្រៀបគរលើគ្នា បង្កើតបានជារង្វង់ ព័ទ្ធជុំវិញគ្នា ដែលមានទីតាំងស្ថិតនៅចម្ងាយជាង ៣ គីឡូម៉ែត្រពីភាគខាងលិច Amesbury និងជាង ១២ ម៉ែត្រពីខាងជើង Salisbury ចក្រភពអង់គ្លេស។ ដោយសារតែអាយុកាលជាង ៥ ០០០ឆ្នាំ ដែលកសាងនៅចន្លោះឆ្នាំ ៣ ០០០មុនគ.ស និង ២ ០០០ ឆ្នាំមុនគ.ស Stonehenge បានក្លាយទៅជាវិមាននៃបុរេប្រវត្ថិមួយ នៅលើពិភពលោក។ Stonehenge និងតំបន់នៅក្បែរនេះ បានក្លាយទៅជាបេតិកភ័ណ្ឌពិភពលោក នៅក្នុងឆ្នាំ ១៩៨៦ និងបានក្លាយជាតំបន់ទេសចរណ៍ដ័ល្បីឈ្មោះបំផុតក្នុងពិភពលោក ដោយអាចស្រូបទាញភ្ញៀវទេសចរណ៍ជាង ១លាននាក់ ក្នុងមួយឆ្នាំៗ។


ទោះជាយ៉ាងក៏ដោយ វាក៏ជាមោទនភាពជាតិមួយដែរ ដែលបុព្វបុរសខ្មែរ ដែលមានសមត្ថភាព និងទេព្យកោសល្យលើសលប់ បានបន្សល់ទុកនូវមរតកដ៏ថ្លៃថ្លាមួយ នោះគឺ “អង្គរវត្ត” ដើម្បីអួតប្រាប់សំណាក់អន្តរជាតិថា ជាតិខ្មែរក៏មិនអន់ណាស់ណាដែរ។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះអច្ឆរិយវត្ថុអាថ៍កំបាំងទាំង ៧ នៅលើពិភពលោក ខាងលើ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]