ភ្នំពេញ៖ តារាចម្រៀងឈរ នៅជួរមុខ ក្នុងផលិតកម្ម ថោន កញ្ញា សុគន្ធ នីសា កំពុងតែលេចធ្លោរ ក្នុងអាជីពចម្រៀង និងមុខរបរក្រៅសិល្បៈ ព្រមគ្នា ។ សុគន្ធ នីសា បច្ចប្បន្នមិនត្រឹមតែ អាចរក្សាភាពល្បីល្បាញ ក្រោយពីផ្លាស់ប្ដូរទ្រនំ បាននឹងនទេ ថែមទាំងអាចគ្រប់គ្រង អាជីវកម្មបានយ៉ាងរលូន ហើយបើកជា សាខាព្រោងព្រាត ទោះជាអាជីវកម្ម មានលក្ខណៈមិនជាធំដុំក្ដី តែអាចរកប្រាក់ចំណូល បានច្រើនគួរសម ។

ថ្មីៗនេះ តារាចម្រៀង សុគន្ធ នីសា បានបង្ហាញវត្តមាន ក្នុងកម្មវិធី រៀបមង្គលការ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល នៅសណ្ឋាគារ អ៊ីនធើខន ជិតផ្សារដើមគរ តែនាងបង្ហាញ វត្តមានម្នាក់ឯង មិនបានបណ្ដើរ អ្នកសិល្បៈមកជាមួយទេ ។ វត្តមាន សុគន្ធ នីសា បានបង្ហាញនូវ ស្នាមញញឹម ជាប់បបូរមាត់ បង្ហាញថា នាងហាក់សប្បាយរីករាយ ជាមួយឆាកជីវិតថ្មី ជាថៅកែស្រី និងតារាចម្រៀងល្បី ជួរមុខដដែល ។

តែអ្វីដែលគួរឲ្យ ចាប់អារម្មណ៍ សុគន្ធ នីសា បានសម្ដែងការស្និទ្ធស្នាលខ្លាំង ជាមួយក្រុមកាងារចាស់ ក្នុងផលិតកម្ម ហង្សមាស ដោយនាងបានទៅរួមតុ ជាមួយ លោក អ៊ិន ទីតូ កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង យក់ ឋិតរដ្ឋា ដែលសុទ្ធសឹងជាមិត្តចាស់ៗ ។ មិនមែនក្នុងថ្ងៃមង្គលការ អ្នកនាង គង់ សុជាតិ ទេ ពោលឲ្យតែ មានកម្មវិធី ហើយមានវត្តមានក្រុម ការងារចាស់ៗ សុគន្ធ នីសា មិនដែលចោលពួកគេទេ ។ យ៉ាងណាក៏ដោយចំណុចនេះ មិនបានបង្កើតឲ្យមានសញ្ញា អវិជ្ជមាន សម្រាប់នាងទេ មានតែត្រូវបាន គេកោតសរសើរថា ជាមនុស្សស៊ីបាយ មិនបោកឆ្នាំង ថែមទៀតផង។

ខណៈតារាចម្រៀងខ្លះ ក្រោយពីដូរទ្រនំ ឬកន្លែងធ្វើការ ពួកគេតែងតែមិនសូវរាប់រក ក្រុមការងារចាស់ទេ ព្រោះមិនមានប្រយោជន៍សម្រាប់គេ ។ តារាចម្រៀង សុគន្ធ នីសា ដោយសារតែពេលវេលាខ្លី មិនអាចផ្ដល់បទសម្ភាសន៍ បានទេ តែនាងបានផ្ដល់ស្នាមញញឹម ដ៏ស្រស់ស្អាត និងបាននិយាយដោយខ្លីថា "ខ្ញុំសប្បាយជាមួយ ការងារថ្មីៗ ពិសេសអាល់ប៊ុម របស់ខ្ញុំ ដែលចេញជាហូរហែ.."៕

 





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]