រាជធានីភ្នំពេញ​ ៖ នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​​អនីតិជន​ រាជ​ធានីភ្នំពេញ​ កាល​ពី​វេលា​ម៉ោង​​៣​និង​៣០​នាទី​ រសៀល​ថ្ងៃ​ទី​​​៣ ឧសភា បាន​ឃាត់​​​ខ្លួន​ថៅ​កែ និង​មេកា​រ​កោស​ជប់​ម៉ាស្សា​២​នាក់ ពាក់​ព័ន្ធ​​បើក​កន្លែង​​ប្រព្រឹត្ត​​អំពើ​​សញ្ចា​រកម្ម​ ។ ថៅ​កែ​ហាង​ឈ្មោះ​លី សុខ​ជា ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ និង​មេការ​ឈ្មោះ​ហ៊ុយ ហ៊ាង ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ត្រូវ​ជា​ក្មួយ​​របស់​លី សុខជា ។ សមត្ថកិច្ច​​បាន​រំដោះ​នារី​កោស​ ជប់ ម៉ាស្សា ចំនួន​៤​នាក់ ​ប្រគល់​ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច​​គ្រប់​គ្រង ។


សមត្ថកិច្ច​​ការិយាល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន ​សហការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន ដែលដឹក​នាំ​​ដោយ​លោក​ឯក ឆេង​ហួត ព្រះ​រាជ​អាជ្ញា​រង​​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ បាន​​បង្ក្រាប និង​ឆែក​ឆេរ​ទី​តាំង​ម៉ាស្សា​​កោស​ ជប់ និង​លួច​លាក់​រួម​ភេទ នៅ​ផ្ទះ​លេខ​២០ZA ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។ សមត្ថកិច្ច​ឃាត់​ខ្លួនជន​ជាប់​សង្ស័យ​​២​នាក់ និង​រំដោះ​​នារី​កោស​​ ជប់​ ម៉ាស្សា និង​បម្រើ​ផ្លូវ​ភេទ៤​នាក់ ព្រម​ទាំង​ដក​ហូត​ស្រោម​អនាម័យ​​ប្រើ​ហើយ​ និង​មិន​ទាន់​ប្រើ​ប្រាស់​មួយ​ចំនួន ។ ​

ថៅ​កែ​ និង​មេកា​រនោះ​ត្រូវ​​សមត្ថកិច្ច​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានីភ្នំពេញ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​បើក​កន្លែង​​ប្រព្រឹត្ត​អំពើ​សញ្ចា​រកម្ម។ ចំណែក​​នារី​៤​នាក់​បាន​ប្រគល់​ឱ្យ​ទៅ​មន្ទីរ​សង្គម​កិច្ច​គ្រប់​គ្រង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]