ភ្នំពេញ៖ ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាពគាស់ផ្ទះ ប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ និងប្រើប្រាស់ គ្រឿងញៀន ១០នាក់ ត្រូវបានបង្ហាញមុខជាសាធារណ:នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រោយពីចាប់ខ្លួន ជាបន្តបន្ទាប់ ពីសំណាក់កម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌទួលគោក។

លោក អេង សោភា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានមានប្រសាសន៍ថា ក្រោយពីសកម្មភាពចោរ គាស់ផ្ទះជាច្រើនករណី កន្លងមក នៅក្នុងរាជធានីភ្នំពេញ និងធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ទ្រព្យសម្បត្តិ និងលុយកាស់ ជាច្រើន មកនោះ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ នគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរង និងជាប្រធានការិយាល័យ កណ្តាលយុត្តិធម៌ បានបញ្ជាឲ្យកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌសហការជាមួយ កម្លាំងនគរបាល តាមបណ្តាខណ្ឌ ចុះស្រាវជ្រាវតាម និងតាមចាប់ មុខសញ្ញាទាំងនេះ ឲ្យបានដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។

លោក អេង សោភា បានបន្តទៀតថា ក្រោយពីមានការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន និងមានការសម្រប សម្រួលតាមផ្លូវច្បាប់ ពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង រួចមកកម្លាំងរបស់លោក បានឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំងនេះ ជាបន្តបន្ទាប់សរុប១០នាក់ ក្នុងនោះ ជនសង្ស័យគាស់ផ្ទះ៥នាក់ និងប្រើប្រាស់គ្រឿងញៀន ៥នាក់ ហើយមាននារី៣នាក់ ។

លោក អេង សោភា បានបន្តថា ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង និងសម្ភារ:ជាច្រើនផ្សេងទៀត៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]