ខេត្តសៀមរាប ៖ ស្ត្រីខ្មែរ២នាក់ ត្រូវបានកម្លាំងនគរបាល ប្រឆាំងការជួញដូរ មនុស្ស និងអនីតិជនខេត្ត ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោយជាប់សង្ស័យ ពីបទរត់ពន្ធស្ត្រីខ្មែរ២នាក់ផ្សេងទៀត ទៅប្រទេសចិន តាមច្រកអាកាសយានដ្ឋាន អន្តរជាតិសៀមរាប កាលពីថ្ងៃទី៣១ តុលា ២០១៣ ។

ប្រភពបានឱ្យដឹងថា នេះជាករណីបង្ក្រាបអំពើ រត់ពន្ធមនុស្សឆ្លងដែន តាមច្រកព្រលានយន្ត ហោះអន្តរជាតិសៀមរាប លើកទី២ហើយ ចាប់តាំងពីមានសេចក្តីរាយការណ៍មកថា ពួកមេខ្យល់បានប្រើប្រាស់ ច្រកអន្តរជាតិដ៏សំខាន់មួយនេះធ្វើជាកន្លែង នាំស្ត្រីខ្មែរក្មេងៗ ទៅកាន់ប្រទេសចិនរាប់ខែមកហើយ ប៉ុន្តែទើបបែកការណ៏ដោយសារតែ មានទំនាស់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ក្នុងជួរប៉ូលិសនៅទីនេះ។

លោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានថ្លែងនៅរសៀលថ្ងៃទី១ វិច្ឆិកា នេះ ថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង២ ធ្វើឡើង កាលពីវេលាម៉ោង១១ ថ្ងៃត្រង់ថ្ងៃទី៣១ នៅចំណុចក្បាលស្ពានថ្ម ខាងកើតព្រះរាជដំណាក់ កណ្តាលក្រុងទេសចរណ៍សៀមរាប បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន ស្ត្រីខ្មែរ២នាក់នៅព្រលានយន្តនោះ អន្តរជាតិសៀមរាប ខណៈបំរុងជិះយន្តហោះ ទៅខេត្តខ្វាងចូវ ប្រទេសចិន ហើយលិចធ្លាយថា ពួកនាងត្រូវបានជនសង្ស័យ នាំទៅរៀបការជាមួយ បុរសជនជាតិ ចិននៅទីនោះ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]