“បរិច្ចាគឈាមក្លាយជាវីរជន” នេះជាពាក្យស្លោក របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលមានន័យថា ឈាមដែលទទួលបានពីអ្នកស្ម័គ្រចិត្ត គឺជាឈាមដ៏បរិសុទ្ធ ស្អាតស្អំ ជាជំនួយដ៏មានសារៈសំខាន់ ដល់អ្នកត្រូវការឈាមបន្ទាន់ដើម្បី សង្គ្រោះជីវិត។ ខាងលើនេះជាការបកស្រាយ របស់លោកស្រី លឹម បូផ្ផាស៊ី វេជ្ជបណ្ឌិតមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

លោកស្រីវេជ្ជបណ្ឌិតបានបកស្រាយបន្តថា ដោយសារពេលកន្លងមក មនុស្សជាច្រើនផ្ដល់ឈាមធ្វើឡើងក្នុងកាលៈទេសៈបង្ខំ ដូចជាពេលបងប្អូនមានគ្រោះថ្នាក់ ហើយត្រូវការឈាមបន្ទាន់ ទើបព្រមបរិច្ចាគជាដើម។ ផ្ទុយពីអ្នកស្ម័គ្រចិត្ត ដែលជឿជាក់ ខ្លួនឯងមានឈាមស្អាតបរិសុទ្ធ ហើយផ្ដល់ឲ្យមជ្ឈមណ្ឌលជាតិ គឺក្នុងគោលបំណងជួយសង្គ្រោះជីវិតមនុស្ស ដែលចំណុចនេះហើយបង្ហាញថា “អ្នកស្ម័គ្រចិត្តផ្ដល់ឈាមគឺជាវីរជនជួយជីវិតមនុស្ស”។

ចំពោះអ្នកត្រូវការឈាមជាអ្នកណា? លោកស្រីវេជ្ជបណ្ឌិតបានឲ្យដឹងថា នាពេលកន្លងមក ជនរងគ្រោះដែលត្រូវការឈាមមានដូចជា អ្នកគ្រោះថ្នាក់ចរាចរ គឺលំដាប់ទី១ ដែលជួនកាលក្នុងអ្នកជំងឺម្នាក់ ត្រូវការឈាម៥កំប្លោកក៏មានដែរ បន្ទាប់គឺអ្នកជំងឺមហារីក អ្នកលាងក្រលៀន និងស្ត្រីដែលពោះធំ។

កាលពីឆ្នាំ២០១២កន្លងទៅ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានទទួលឈាមពីអ្នកស្ម័គ្រចិត្ត ប្រមាណជាង ២ម៉ឺនកំប្លោក ប៉ុន្តែក៏មិនទាន់ស្មើចំនួនតម្រូវការទេ។ ក្នុងមួយខែជាមធ្យមនៅឆ្នាំ២០១៣នេះ មជ្ឈមណ្ឌលទទួលបានការផ្ដល់ឈាម ជាង២ពាន់កំប្លោក ប៉ុន្តែតម្រូវការឈាម មានឡើងដល់ជាង៣ពាន់កំប្លោក ដូច្នេះតម្រូវការនៅខ្ពស់ ជាងការផ្គត់ផ្គង់នៅឡើយ ម្ល៉ោះហើយទើបចាំបាច់ ត្រូវការការផ្ដល់ឈាមពីអ្នកស្ម័គ្រចិត្ត បន្ថែមទៀត។ លោកស្រីបន្ថែមថា ខែដែលខ្សត់ឈាមបំផុត គឺនៅក្នុងខែ៨ ខែ៩ និងខែ១០ មានពេលខ្លះដាច់ស្តុកតែម្ដង ព្រោះឆ្នាំនេះជាន់ជាមួយបោះឆ្នោត សាលាស្ថិតក្នុងវិសមកាល និងទឹកជំនន់។

តើត្រូវធ្វើដូចម្ដេចទើបអាចក្លាយជាអ្នកផ្ដល់ឈាមបាន? បុគ្គលនោះត្រូវមានអាយុ១៧ឆ្នាំឡើងទៅ និងពិនិត្យសុខភាព ហើយឆ្លងកាត់ការធ្វើតេស្តឈាមរកមេរោគជាមុនសិន បន្ទាប់មកឈាមដែលត្រូវបរិច្ចាគ ត្រូវយកតែចំនួន ៣៤០មីលីលីត្រប៉ុណ្ណោះ។ សម្រាប់បុរសអាចផ្ដល់បាន៣ខែម្ដង ស្ត្រីអាចផ្ដល់បានមួយឆ្នាំ៣ដង។





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]