ភ្នំពេញៈ កន្លងមកមានតារាស្រីជាច្រើន ដែលទទួលរង ការរិះគន់ទៅលើរបៀបស្លៀកពាក់ មិនសមរម្យខើចលើខើចក្រោម ភ្លេចប្រពៃណី ដ៏ស្រស់ផូរផង់របស់ខ្មែរ ប៉ុន្តែនៅក្នុងចំណោម តារាស្រីទាំងអស់នោះ គេសង្កេតឃើញថា មានវត្តមាន សិល្បការិនី ស្រស់ សោភាមួយដួង គឺកញ្ញា ឌួង ហ្សូរីដា បែរជាមិនធ្លាប់ ត្រូវខ្យល់បោកបក់ រិះគន់រឿងស្លៀកពាក់ឡើយ ដោយសារតែការរៀបចំខ្លួន របស់តារារូបនេះ ជានិច្ចកាល តែងតែបង្ហាញពីអត្តសញ្ញាណ លើកកម្ពស់ ប្រពៃណីវប្បធម៌ខ្មែរ ។ ជាពិសេសស្ទើរគ្រប់កម្មវិធី ដែលនាងបង្ហាញវត្តមាន ធ្វើឲ្យមហាជនគ្រប់ស្រទាប់មានការ កោតសរសើរនាង មិនដាច់ពីមាត់ ។

អស់រយៈពេលជាច្រើនឆ្នាំ ដែលកញ្ញា ឌួង ហ្សូរីដា បង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ ឬក៏កម្មវិធីរបស់អ្នកសិល្បៈ គេតែងតែ សង្កេតឃើញនាង ស្លៀកសម្លៀកបំពាក់ បែបស្រគត់ស្រគំ សមរម្យជានារីខ្មែរ ដោយឈុតនាងស្លៀកភាគច្រើន ច្នៃម៉ូដចេញពី ហូល ផាមួង សូត្រ ជារបស់ខ្មែរពិតៗ ។ ម៉ូដនៃការស្លៀកពាក់នោះទៀតសោត ក៏បានសបញ្ជាក់ឲ្យឃើញ ពីចរិកថ្លៃថ្នូរ សុភាពរាបសារ ស្រស់ស្អាតបែបនារីខ្មែរ ។

ថ្មីៗនេះ ពិធីការិនីចាស់វស្សាសម្បូរបទពិសោធន៍ ខាងសិល្បៈជាច្រើនឆ្នាំ ឌួង ហ្សូរីដា បានបង្ហាញខ្លួន ដោយគ្រងឈុត និងតុបតែង ខ្លួនដូចទៅនឹង ព្រះនាងឥន្ទ្រទេវី ព្រះមហេសី របស់ព្រះបាទ ជ័យវរ្ម័នទី៧ ដែលជាព្រះមហាក្សត្រ ដ៏ល្បីល្បាញរបស់ខ្មែរ ក្នុងសម័យអង្គរ ។ ពេលកញ្ញា ឌួង ហ្សូរីដា តែងខ្លួនបែបនេះ មើលទៅស្រស់ស្អាត ថ្លៃថ្នូរ ទន់ភ្លន់ តែរឹងមាំ សមជានារីខ្មែរ ពិតៗ ហើយគេ មិនដែល ឃើញមានតារាស្រីល្បីឈ្មោះណាម្នាក់ គ្រងឈុតនេះ ថតបង្ហាញជាសាធារណៈ នោះទេ ។ផ្ទុយទៅវិញ គេបែរជាឃើញតែរូបថតសិចស៊ី បញ្ចេញសាច់ដើមទ្រូង បញ្ចេញសាច់គល់ ភ្លៅជាច្រើនសន្លឹក ដាក់បង្ហាញជាសាធារណៈ នៅលើគេហទំព័រ ទំនាក់ទំនងសង្គម Facebookទៅវិញ ខណៈរូបទាំងអស់នោះ មិនបានជួយអ្វី ក្នុងការលើកកម្ពស់ប្រពៃណីខ្មែរ ទាល់តែសោះ ។

បើសិនជាទស្សនិកជន បានឃើញរូបថតជាច្រើនសន្លឹក របស់ កញ្ញា ហ្សូរីដា ស្ថិតនៅក្នុងឈុតដូចទៅនឹង ព្រះនាងឥន្ទ្រទេវី ប្រាកដជាមានការកោតសរសើរ ពីសម្រស់តារាស្រីខ្មែរមួយដួងនេះ ខណៈមានមតិប្រិយមិត្តខ្លះ បានលើកឡើងក្នុងហ្វេសប៊ុក បែបលេងបន្លំមែនថា ឌួង ហ្សូរីដា ពិតជាមានសម្រស់ស្រស់ស្អាត ស្រដៀងទៅនឹង ព្រះនាងឥន្ទ្រទេវី ។ ប៉ុន្ទែតាមរយៈរូបថតនេះ មិនមែនជាការតែងខ្លួន ក្នុងការថតរឿងអ្វីមួយឡើយ ពោលគឺគ្រាន់តែជាការតែងខ្លួន ថតម៉ូដឲ្យហាងថតរូប "ម៉ូហ្សិនស្ទូឌីយ៉ូ" តែប៉ុណ្ណោះ ។

បើទោះជារូបទាំងអស់នេះ គ្រាន់តែជាការថតម៉ូដក៏ដោយ ក៏មានមតិរបស់ទស្សនិកជនមួយ ចំនួនបានស្នើ និងទទូច ទៅដល់តារាស្រី មួយចំនួន ដែលកំពុងតែមានការភ្លើតភ្លើន ឈ្លក់វង្វេង ជាមួយវប្បធម៌ប្រពៃណីបរទេស ចូលចិត្តបញ្ចេញភាពសិចស៊ីនោះ គួរតែងាកមកចូលរួមថែរក្សាអភិរក្ស ប្រពៃណីវប្បធម៌ខ្មែរ ឲ្យមានភាពរីកចម្រើនផង ព្រោះថាសម្លៀកបំពាក់ខ្មែរ គឺមានចំណុច ពិសេសបង្កប់ដោយ អត្ថន័យ និងភាពថ្លៃថ្នូរ បង្ហាញពីអត្តសញ្ញាណខ្មែរពិតៗ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]