កំពង់ចាម ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជ អាវុធហត្ថខេត្ត និងមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ បានធ្វើការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ សុទ្ធតែជាបុរសចំនួន ៤នាក់ ពីបទឆបោក ក្នុងនោះ មានបុរសម្នាក់ជាប់ចោទ ពីបទឆបោក និងរំលោភ សេពសន្ថវៈ លើស្ត្រីរងគ្រោះបានសម្រេចផងដែរ ។

តាមមន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួន ទី១ឈ្មោះស៊ិន ស៊ឹមឡេង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចុងកោះ ឃុំកោះដាច់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជនរូបនេះ ជាប់ចោទពីបទ ឆបោក និងរំលោភសេពសន្ថវៈ) ។ ទី២ ឈ្មោះ ស៊ាង សាវ៉ាន់ អាយុ៣០ឆ្នាំ រស់នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទី៣ ឈ្មោះ ចឹក សុខា ហៅយឺត អាយុ៤១ឆ្នាំ រស់នៅភូមិ ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម និងទី៤ ឈ្មោះ សួន សុផុន អាយុ៥៣ឆ្នាំ រស់នៅភូមិព្រែកកំបៅ ឃុំព្រែកកំបៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

មន្ត្រីអាវុធហត្ថ បានឲ្យដឹងទៀតថា នៅថ្ងៃទី២៧ ខែតុលា ស្ត្រីរងគ្រោះ ឈ្មោះ នួន ចិន្តា អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានមកអង្គភាពអាវុធហត្ថខេត្តប្តឹងឈ្មោះ ហេង ភេទប្រុស អាយុ៥៤ឆ្នាំ ពីបទ ឆបោកប្រាក់ និងគ្រឿងអលង្កាមួយចំនួន និងបក្ខពួកឈ្មោះ ហេង ៣នាក់ទៀត ។

ទាក់ទិនទៅនឹងករណីខាងលើ ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីអំឡុងដើមខែកក្កដា ឆ្នាំ២០១៣ គាត់មានទំនាក់ទំនង ជាមួយឈ្មោះ ហេង ក្រោយពីមានអ្នកស្គាល់ណែនាំថា ឈ្មោះហេង ជា អ្នកទិញដីដាំដើមកៅស៊ូ ។ បន្ទាប់មក ក្រោយពីស្គាល់គ្នា មិនយូរប៉ុន្មាន ឈ្មោះហេង បានលួងលោមគាត់ ឲ្យទិញរបស់ស័ក្តិសិទ្ធិ មានតម្លៃម្យ៉ាង (ហៅគ្រាប់រន្ទះភ្លើង) ហើយបានណាត់គាត់ ឲ្យមកជួបនៅកំពង់ចាម និងស្នាក់នៅផ្ទះសំណាក់ ហើយបានចាប់បង្ខំគាត់ រួមភេទបានសម្រេចចំនួន២លើកផងដែរ និងបានប្រាប់ គាត់ថា បើគេសួរ ឆ្លើយថា ប្រពន្ធ ។បន្ទាប់មកឈ្មោះ ហេង បានឲ្យទូរស័ព្ធហៅអ្នកលក់វត្ថុមានតម្លៃនោះ មកជួប ។ បន្តិចក្រោយមក មានបុរស២នាក់ មកដល់ និងយករបស់នោះមកឲ្យមើល លក់ក្នុងតម្លៃ២ម៉ឺន ដុល្លារ ពេលនោះ ឈ្មោះ ហេង បានប្រាប់ថា របស់គេ សុទ្ធហើយ បន្ទាប់មក ឈ្មោះហេង បានដោះខ្សែក របស់គេថា មានតម្លៃ១ម៉ឺនដុល្លារ ឲ្យទៅម្ចាស់របស់ និងបានប្រាប់គាត់ថា ឲ្យជួយ រកលុយបន្ថែមសងថ្លៃវត្ថុ នោះ ។ លុះព្រឹកឡើង ពួកគាត់ទាំង៤នាក់ បានយករថយន្តដឹកគាត់ទៅផ្ទះ នៅភូមិអូរបីជាន់ យកប្រាក់ពី

គាត់រួមមាន ប្រាក់បាត៥ម៉ឺន ប្រាក់ដុល្លារ៣រយដុល្លារ ខ្សែដៃប្លាកទីនតម្លៃ៥រយដុល្លារ ខ្សែក មាស ១តំឡឹង ទើបប្រគល់វត្ថុ ស័ក្តិសិទ្ធិ (គ្រាប់រន្ទះភ្លើង)ឲ្យទៅគាត់ ហើយនៅពេលដែលគាត់បើកមើល ទើបដឹងថា ចាញ់បោកគេ។

មន្ត្រីអាវុធហត្ថ បានឲ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងស្ត្រីរងគ្រោះ សមត្ថកិច្ចអាវុធហត្ថខេត្តបានប្រើវិធី ដោយឲ្យស្ត្រីរងគ្រោះ ទូរស័ព្ទណាត់ក្រុមជនសង្ស័យមកជួបគ្នានៅខេត្តកំពង់ចាម ។លុះពេលក្រុមជនឆបោក មកដល់ខេត្តកំពង់ចាម ក៏ត្រូវសមត្ថកិច្ច ក្រសោបបានទាំង៤នាក់ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]