រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាល ប៉ុស្តិ៍មិត្តភាព ត្រូវជនសង្ស័យ៣នាក់ ដកកាំភ្លើងវាយបែកក្បាល ហូរឈាម ហើយបាញ់គំរាមមួយគ្រាប់ទៀត ខណៈជនរងគ្រោះ សម្លឹងមើលមុខជនសង្ស័យ ពេលកំពុងឈរបត់ជើងតូច។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ តុលា ២០១៣ នៅមុខហាង BOSE ផ្ទះលេខ១៤៩AB មហាវិថីកម្ពុជាក្រោម ក្រុម៤៦ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសេង វណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍មិត្តភាព ស្នាក់នៅជិតកន្លែងកើតហេតុ ផ្ទះលេខ១៤៦ មហាវិថីកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។ប្រភពឱ្យដឹងទៀតថា រៀងរាល់ថ្ងៃជនរងគ្រោះ តែងដេកយាមនៅមុខផ្ទះខាងលើ ហើយមុនពេលកើតហេតុ ក្មួយប្រុសរបស់ជនរងគ្រោះ បានដើរមកឈរនិយាយ លេងជាមួយ រួមជាមួយអ្នកជិតខាងទាំងអស់៥នាក់ ប៉ុន្តែមន្ត្រីនគរបាលរងគ្រោះ បានចងមុងនៅលើប៉ៅអ៊ី អង្គុយជជែកគ្នានៅក្នុងមុង ស្របពេលនោះ មានជនសង្ស័យ៣នាក់ ស្លៀកពាក់ស៊ីវិលជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី ៣ដើម ឈប់បត់ជើងតូចនៅក្រោយរថយន្តឡិច ស៊ីសពណ៌ខ្មៅ១គ្រឿងចតនៅជិតនោះ ជនរងគ្រោះដែលជាអ្នកយាមនៅទីនោះ បានអើតចេញពីក្នុងមុងមើលទៅជន សង្ស័យ ស្រាប់តែជនសង្ស័យដើរចូល ទៅទាំង៣នាក់ ដកកាំភ្លើងវាយជនរងគ្រោះបែក ក្បាល ចំណែកអ្នកឃើញហេតុការណ៍បម្រុងចូលជួយ ត្រូវជនបង្កបាញ់គំរាម១គ្រាប់ រួចនាំគ្នារត់គេចបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែង កើតហេតុរកឃើញសំបកគ្រាប់កាំភ្លើងខ្លី ម៉ាកឡុកមួយគ្រាប់បន្សល់ទុក នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះបែកក្បាលរយៈ ២ថ្នាំងដៃបានទៅដេរមុខរបួសនៅ មន្ទីរពេទ្យ ហើយទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលមិត្តភាព៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]