ខេត្តព្រះសីហនុ ៖ ជនសង្ស័យជាកម្មករទូកម្នាក់ ដែលបានធ្វើសកម្មភាពកាប់ទៅ លើកម្មករទូកដូចគ្នា កាលពីយប់ថ្ងៃទី២២ តុលា ២០១៣ នៅកណ្តាលសមុទ្រ ត្រូវបានសមត្ថកិច្ចសង្កាត់លេខ១ ធ្វើការឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៩ តុលា ២០១៣ នៅចំណុចក្រុមទី៣៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោកអនុសេនីយ៍ទោ លឹម ស៊ន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ១ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សុខ រីម ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករទូកនេសាទ មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្ន ស្នាក់នៅកន្លែងឃាត់ខ្លួនខាងលើ បានធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះឈ្មោះ ផាន់គា ហៅម៉ៅ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករទូកនេសាទ មានស្រុកកំណើតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង បច្ចុប្បន្ន ស្នាក់នៅក្រុមទី៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២២ តុលា ២០១៣ វេលាម៉ោង ១២ និង ៣០នាទី យប់រំលងអាធ្រាត្រ នៅចំណុចក្បែរកោះតាគៀវ បណ្តាលឲ្យរងរបួស ១កាំបិត ដេរចំនួន ៣០ថ្នេរ។

តាមសាក្សីឈ្មោះ ថេ ជាកម្មករទូកដូចគ្នា បានអះអាងថា នៅយប់កើតហេតុ ខណៈពេលចេញនេសាទ ពួកខ្លួនរួមជាមួយ ជនរងគ្រោះបានចតទូកសម្រាក នៅចំណុចក្បែរកោះតាគៀវ ដោយមានទូកនេសាទដូចគ្នា ១គ្រឿងទៀត ចតក្បែរនោះ ហើយបានបបួលគ្នាផឹកស្រាក្លែមមឹកអាំង រហូតដល់ម៉ោងជាង ១២យប់ ទាំងរូបខ្លួន ទាំងជនរងគ្រោះ ក៏ដូចជនសង្ស័យ ហាក់មានសភាពស្រវឹងស្រាស្រឿងៗ រៀងៗខ្លួន តែពុំមានទាស់សម្តីគ្នានោះទេ។

លុះនៅពេលជិតបែកគ្នាទៅសម្រាក ក៏ស្រាប់តែឈ្មោះ រីម បានដើរទៅយកកាំបិតប៉័ងតោមក កាប់លើឈ្មោះ ផាន់គា ចំឆ្អឹងខ្នងផ្នែកខាងឆ្វេង ១កាំបិត រងរបួសធ្ងន់ហូរឈាមយ៉ាងខ្លាំង ឃើញស្ថានភាពធ្ងន់ធ្ងរពួកខ្លួន ក៏បានបើកទូកដឹកជនរងគ្រោះមកដីគោកវិញ ដើម្បីជួយសង្គ្រោះ ឯជនសង្ស័យក្រោយពីធ្វើសកម្មភាព កាប់លើជនរងគ្រោះរួចហើយ ក៏បានចុះទៅកាន់ទូករបស់គេវិញដេកធ្វើព្រងើយ។

នៅរសៀលថ្ងៃដដែលនេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីបន្តឲ្យសមតាមបទល្មើសនៃការប្រព្រឹត្ត៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]