ភ្នំពេញៈ ក្រសួងកសិកម្ម របស់សហរដ្ឋអាម៉េរិក នឹងផ្តល់ថវិកាចំនួន ២០លានដុល្លារ ដល់កម្ពុជា សម្រាប់អាហារូបត្ថម្ភ ចំពោះ កុមារកម្ពុជាចំនួន១៥ម៉ឺននាក់ ក្នុងខេត្តចំនួនបីគឺ ខេត្តបាត់ដំបង កំពង់ធំ និងសៀមរាប់ នេះបើយោងតាមគេហទំព័រ របស់ស្ថានទូត អាមេរិកប្រចាំនៅកម្ពុជា ដែលបានឲ្យដឹង នាថ្ងៃទី២៩ ខែតុលានេះ។

គេហទំព័របានបន្តថា ជំនួយមនុស្សធម៌ ដែលគ្រោងនឹងផ្តល់តាមរយៈ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំនៅ កម្ពុជានាពេលខាងមុខនេះ ហើយ ជំនួយនេះ នឹងជួយដល់កុមារកម្ពុជា ចំនួន១៥ម៉ឺននាក់ ឲ្យបានរៀនសូត្រ ជាប្រចាំថ្ងៃ ក្នុងរយៈពេលបីឆ្នាំ។

គេហទំព័រដដែលបានបន្តថា “អាហារូបត្ថម្ភគ្រប់គ្រាន់ សម្រាប់កុមារ គឺជាផ្នែកមនុស្សធម៌បន្ទាន់ និងការអភិវឌ្ឍន៍ជាអតិភាព។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេស កម្ពុជា ត្រូវបានគេមើលឃើញថា បានកែលម្អសូចនាករដ៏សំខាន់មួយចំនួន នៅក្នុងផ្នែក សុខភាពជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែអត្រា កង្វះអាហារូបត្ថម្ភ ក្នុងចំណោមកុមារ នៅតែមានខ្ពស់ គឺមានរហូតដល់ ៤០ភាគរយឯណោះ”។

ជំនួយបែបលក្ខណៈមនុស្សធម៌ របស់សហរដ្ឋអាមេរិកនេះ គឺក្នុងគោលបំណង ជួយកាត់បន្ថយការស្រេកឃ្លាន ដល់កុមារកម្ពុជា ដែលកំពុងកើតមាននោះ ហើយជំនួយ នេះ ក៏ជាការបញ្ជាក់ អំពីការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយអត្រាក្មេង មិនចូលសាលាផងដែរ។

គេហទំព័របានបន្តថា ការទទួលទានអាហារ មិនបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់កុមារនោះទេ ប៉ុន្តែ វាក៏បានធ្វើឲ្យប៉ះពាល់ដល់ ប្រទេស សម្រាប់ការអភិវឌ្ឍន៍ ទៅថ្ងៃមុខថែមទៀតផង។ ហើយតាមរយៈនេះ ក្រសួងកសិកម្មអាម៉េរិក ក្នុងភាពជាដៃគូ ក្នុងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ជាមួយ អង្គការសហប្រជាជាតិ មានគោលបំណង ដើម្បីកាត់បន្ថយ ការស្រេកឃ្លានរបស់កុមារ និងដើម្បីជួយកុមារកម្ពុជា ឲ្យមានសក្តានុពល ក្នុងការអភិវឌ្ឍពេញលេញ របស់ ពួកគេ ពោលគឺ ការសិក្សាតែម្តង។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០០៣ មក រហូតដល់បច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិក បានផ្តល់ជំនួយបែបមនុស្សធម៌នេះ តាមរយៈ អង្គការកម្មវិធី ស្បៀងអាហារពិភពលោក (WFP) ចំនួន៧៥លានដុល្លារដល់កម្ពុជា ហើយជំនួយចុងក្រោងនេះ នឹងជួយដល់កុមារកម្ពុជា ឲ្យបានសិក្សាយ៉ាងហោចណាស់ ចំនួន៨០ភាគរយ ក្នុងចំណោម កុមារដែលនៅខេត្តទាំងបីខាងលើនោះ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]