រាជធានីភ្នំពេញ ៖ រថយន្តសាំយ៉ុង ពណ៌ទឹកប្រាក់ ត្រូវរថយន្តវីហ្គោ បុកផ្ទប់នឹងរបងផ្ទះសំណាក់ មហាលាភ ក្រឡាប់ផ្ងារជើងមួយចំហៀង រងការខូចខាតយ៉ាងដំណំ និងសង្កត់បែកគម្របលូ កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ តុលា នៅមុខផ្ទះសំណាក់មហាលាភ តាមផ្លូវជាតិលេខ៦ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ។

សាក្សីបាននិយាយថា មុនពេលកើតហេតុរថយន្តវីហ្គោ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្តសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T-0925 ធ្វើដំណើរពីលិចទៅកើត បញ្ច្រាសទិសគ្នា ខណៈទៅដល់ចំណុចខាងលើ រថយន្តវីហ្គោបានជ្រុលចង្កូត ទៅបុករថយន្តសាំយ៉ុងពេញទំហឹង ធ្វើឱ្យក្រឡាប់ ផ្ទប់នឹងរបងផ្ទះសំណាក់ មហាលាភ សង្កត់បែកគម្របលូ នៅចិញ្ចើមផ្លូវ ហើយរថយន្តបានបួងចង្កូត ចេញបន្ថែមល្បឿនរត់គេចបាត់ស្រមោល ។

ក្រោយពេលកើតហេតុ អ្នកបើកបរសាំយ៉ុង បានលូនចេញពីក្នុងរថយន្តទាំងត្រដរ ចំណែកវត្ថុតាងសមត្ថកិច្ចស្ទូចយកទៅទុក នៅប៉ុស្តិ៍នគរបាលមូលដ្ឋាន ដើម្បីសងថ្លៃខូចខាតគម្របលូ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]