រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវជនដៃដល់កាប់២កាំបិត បែកក្បាលហូរឈាមស្រោចពេញផ្ទៃ មុខរងរបួសធ្ងន់ ខណៈពេលទៅចូលរួមពិធីបង្កក់កូននៅជិតផ្ទះ ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង ១២និង ១២នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ តុលា ២០១៣ ។

ជនរងរបួសឈ្មោះរ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុនៅជិតផ្ទះរបស់គេមាន ពិធីបង្កក់កូនជប់លៀងផឹកស៊ី រាំធុងបាស់ ។ ចំណែករូបគាត់មិនបានចូលរាំទេ នៅអង្គុយផឹក រីឯប្អូនៗរបស់គេមួយក្រុមមានគ្នា១០នាក់ បានចូលទៅរាំធុងបាស់ ហើយត្រូវយុវជនមួយក្រុមទៀត មានគ្នា១៥នាក់បានរាំជាន់ជើងគ្នាបង្កជា ការឈ្លោះប្រកែកគ្នានៅក្នុងវង់រាំនោះ ។ ពេលឮប្រកែកគ្នាបែបនេះ រូបគេជាបងបានចូលទៅជួយគ្នាត្រូវជនដៃដល់នាំគ្នាកាប់ ២កាំបិតបែកក្បាលហូរឈាមស្រោចពេញផ្ទៃមុខ និងទាត់ធាក់ជាំពេញខ្លួន ហើយជនដៃដល់នាំគ្នារត់គេចខ្លួនអស់។ ដោយឡែកក្រុមប្អូនៗរបស់គេឃើញជនដៃដល់ វាយទាត់ធាក់បងបែបនេះ ក៏នាំគ្នារត់ទៅអស់ដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះខំប្រឹងស្រវេស្រវាដើរទៅគោះទ្វារផ្ទះដែល នៅជិតនោះហៅសាច់ញាតិដឹកយក ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហើយគ្រូពេទ្យបានដេរជាង១០ថ្នេរ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]