បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំង អ.ហ ឃាត់ខ្លួន បញ្ជូនទៅតុលាការ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៣និង៣០នាទី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋម្នាក់ លួចទ្រព្យសម្បត្តិ រួចរត់គេចខ្លួន រំលងបានពីរថ្ងៃ ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣នេះថា ជនសង្ស័យមានឈ្មោះ កែវ ណារ៉ា ហៅ អាឌឿ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅបន្ទប់ជួលមួយកន្លែង ក្នុង ភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ អ៊ុន សត្យា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

លោក ហម ម៉ុត បានបន្តថា មុនពេលចាប់ខ្លួន កាលពីវេលាម៉ោង ២ យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ កន្លងទៅ ជនសង្ស័យ និងបក្ខពួក៣នាក់ បានធ្វើសកម្មភាពគាស់ផ្ទះ ប្រជាពលរដ្ឋម្នាក់ក្នុង ភូមិក្បាលកោះ ឈ្មោះ អ៊ុន សត្យា លួចទ្រព្យសម្បត្តិដូចជា ទូរទស្សន៍ខ្នាតធំ ម៉ាកសូនី ក្បាលចាក់ ឌីស និងចង្ក្រានហ្គាស រួចនាំគ្នារត់គេចខ្លួនអស់ ។ លុះកាលពីល្ងាចថ្ងៃទី២៥ ខែតុលានេះ ទើបកម្លាំង អ.ហស្រាវជ្រាវចាប់ខ្លួនបាន ម្នាក់ យកមកសួនាំ គឺឈ្មោះ កែវ ណារ៉ា ។ ក្រោយសួរនាំជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកសាង សំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]