ភ្នំពេញ ៖ ចោរ២នាក់ បានរត់ចោលម៉ូតូ២គ្រឿង ដែលពួកគេលួចបាន ខណៈកំពុងអារកាត់ផ្តាច់ស្លាកលេខ ចេញពីម៉ូតូនៅក្នុងវត្តនាគវ័ន្ត ស្ថិតក្នុងបឹងកក់ទី២ ខណ្ឌទួលគោក នាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣នេះ ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលក្រុមចោររត់ចោលនោះ មានម៉ាក CBR ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1AX-5739 និងមួយគ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1AA-7886 ។

សមត្ថកិច្ចបន្តឲ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈក្រុមសមត្ថកិច្ច កំពុងជិះម៉ូតូយាមល្បាត នៅតាម គោលដៅ ស្រាប់តែឃើញក្រុមចោរ២នាក់ កំពុងធ្វើសកម្មភាពអារកាត់ផ្តាច់ស្លាកលេខចេញម៉ូតូ នៅក្នុងវត្ត នាគវ័ន្ត។ ដោយមានការសង្ស័យក្រុមសមត្ថកិច្ចក៏ជិះម៉ូតូចូលទៅមើល ស្រាប់តែក្រុមចោរ នោះនាំគ្នារត់ បាត់ អស់ទៅ ។

ក្រៅពីរឹបអូសបានម៉ូតូ សមត្ថកិច្ចក៏ប្រមូលបាននូវឧបករណ៍សម្រាប់ធ្វើសកម្មភាពលួចម៉ូតូមួយចំនួនទៀត។

ជាមួយនឹងការដកហូតម៉ូតូនេះ សមត្ថកិច្ចក៏បានអំពាវនាវឲ្យម្ចាស់ម៉ូតូ ដែលមានស្លាកលេខដូចខាងលើនេះ ទៅ ទាក់ជាមួយសមត្ថកិច្ចនៅខណ្ឌទួលគោក ដើម្បីទទួលយកម៉ូតូវិញ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]