នៅក្នុងវីដេអូរយៈពេល ៣នាទីមួយ បុរសម្នាក់បានរៀបរាប់ប្រាប់ នូវដំណើររឿងដ៏កំសត់ របស់ខ្លួន អំពីការជួបជុំជាមួយនឹងគ្រួសារវិញ ដោយប្រើប្រព័ន្ធផែនទី របស់ Google ក្រោយពីរូបគាត់ បានបែកពីគ្រួសារ និងបានទៅរស់នៅ ប្រទេសផ្សេងទៀត អស់ជាច្រើនឆ្នាំ កន្លងមក។ លោក Saroo Brierley បានបែកពីគ្រួសារ អស់រយៈពេល ២០ឆ្នាំ មកហើយ ប៉ុន្តែចុងក្រោយ អាចកំណត់ទីតាំង វិលទៅជួបពួកគេវិញ ជាមួយនឹងបច្ចេកវិទ្យាផែនទី Google Maps។

រំលឹកពីដំណើរដើមទងមកវិញ គឺនៅក្នុងឆ្នាំ ១៩៨៦ លោក Saroo ទើបតែមានអាយុ ៥ឆ្នាំ ប៉ុណ្ណោះ។ លោក និង បងប្រុសអាយុ ១៤ឆ្នាំ របស់លោក បានស្ថិតនៅឯស្ថានីយ៍រថភ្លើងមួយ ធ្វើការសុំទាន ពីអ្នកដំណើរ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ ជីវភាពគ្រួសារ។

នៅពេលមួយ Saroo បានរង់ចាំបងប្រុសរបស់ខ្លួន ត្រឡប់មកវិញ នៅលើរថភ្លើងមួយខ្សែ រហូតគេងលង់លក់បាត់ទៅ ហើយពេលដែល គាត់ភ្ញាក់ដឹងខ្លួនឡើងវិញ រថភ្លើងនោះ បានទៅដល់គោលដៅមួយផ្សេងទៀត បាត់ទៅហើយ ដែលជាហេតុធ្វើអោយ លោក Saroo ពេលនោះ នៅតែម្នាក់ឯង និង មិនស្គាល់ទិសតំបន់ ថានៅកន្លែងណានោះទេ។

ប៉ុន្មានសប្តាហ៍កន្លងផុតទៅ គាត់នៅអាចរស់រានមានជីវិត នៅឡើយ ហើយសំណាងល្អ ក៏ត្រូវបានគេរើសយកទៅចិញ្ចឹម នៅមណ្ឌល កុមារកំព្រាមួយកន្លែង ហើយក្រោយមកទៀត ដោយសារតែជីវិតថ្លៃ និងមានវាសនាខ្ពស់ ក៏ត្រូវបានគ្រួសារមួយ នាំយកទៅ ចិញ្ចឹមនៅឯប្រទេសអូស្ត្រាលី។ នៅទីនោះ ម្តាយចិញ្ចឹមរបស់គាត់ បានបិទរូបភាពផែនទីមួយផ្ទាំង ជាប់នៅលើជញ្ជាំង ក្នុងបន្ទប់របស់គាត់ ដើម្បីអាចអោយគាត់ នៅចងចាំបានថា ខ្លួនឯងមកពីទីណា។

យ៉ាងណាមិញ ទោះបីជាអស់រយៈកាលជាច្រើនឆ្នាំ រស់នៅលើទឹកដីប្រទេសអូស្ត្រាលី យ៉ាងណាក្តី ក៏គាត់នៅចាំបានថា មានរឿងអ្វី កើតឡើង មុនពេលគាត់មកដល់ទីនេះដែរ ហើយក្រោយមក គាត់បានសំរេចចិត្ត ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា សារជាថ្មីម្តងទៀត ដើម្បីស្វែងរកក្រុមគ្រួសារបង្កើត របស់គាត់ ដែលបានបែកគ្នា តាំងពីគាត់នៅអាយុ ៥ឆ្នាំ មកនោះ។ គាត់បានប្រើកម្មវិធី Google Maps ជាជំនួយ ដោយចាប់ផ្តើមពីកន្លែង ស្ថានីយ៍រថភ្លើង ដែលគាត់បានបែកគ្នាពីបងប្រុស របស់ខ្លួននោះ ដើម្បីស្វែងរកតំបន់ ដែលគាត់ធ្លាប់ បានរស់នៅកាលពីតូច ហើយទីនោះ វាជាកន្លែងគាត់ ធ្លាប់បានចំណាយពេលវេលា ៥ឆ្នាំ ដំបូងបំផុតនៃជីវិត របស់ខ្លួន។

នៅទីបំផុត គាត់ពិតជាអាចរកផ្លូវត្រឡប់មកកាន់ ទីកន្លែងកំណើតរបស់ខ្លួន បានសំរេចមែន និង ថែមទាំងបានជួប ម្តាយបង្កើត របស់គាត់វិញ ទៀតផង។ ពេលនោះ ម្តាយរបស់លោក Saroo ពិតជាត្រេកអរ ជាពន់ពេក មិនអាចរកអ្វីមកប្រៀបផ្ទឹម បាននោះទេ ដែលនេះជាក្តីសប្បាយរីករាយបំផុតមួយ សំរាប់ស្រ្តីជាម្តាយ ក្នុងការបានជួបកូនប្រុសខ្លួន ដែលបានបាត់ខ្លួន អស់រយៈកាល ជាច្រើនសិបឆ្នាំ មកហើយនោះ។

ក្រោយពេលបែកគ្នា អស់ ២០ឆ្នាំ មក គ្រួសារមួយនេះ ដែលមានម្តាយ បងប្រុស បងស្រី បានជួបជុំគ្នា ជាថ្មីម្តងទៀត ហើយម្តាយរបស់គាត់ ក៏លែងត្រូវពិបាក ហត់នឿយខ្លាំងទៀតនោះដែរ ព្រោះបាន លោក Saroo ជួយទំនុកបំរុង ជាមួយនឹងប្រាក់ដែលគាត់អាចរកបាន នៅប្រទេសអូស្ត្រាលី៕

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ?



ប្រភព yourjewishnews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]