ភ្នំពេញ ៖ រថយន្តដឹកកម្មករ រោងចក្រកាត់ដេរ ដែលផ្ទុកកម្មករ-កម្មការិនី ៦០នាក់ បានដាច់ចង្កូតរេ ទៅបុករបងថ្មផ្ទះ របស់ពលរដ្ឋនៅ ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យ រងរបួសធ្ងន់ ស្រាល៧នាក់ កាលពីវេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។ ប្រភពពីកម្មករ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបានដឹកពួកគេចេញ ពីភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដូចសព្វដងទៅធ្វើការ នៅរោងចក្រកាត់ដេរ អាមេរិកកាំង នៅទួលពង្រ ដោយធ្វើ ដំណើរពីត្បូង មកតាមផ្លូវជាតិលេខ៣ លុះមកដល់មុខ វត្តស្លែង ក៏បត់ឡើងមកកើត តាមផ្លូវវត្ត ស្លែង ស្រាប់តែរថយន្តរេ ចង្កូតពេញផ្លូវ ជ្រុលធ្លាក់ទៅ ខាងត្បូងផ្លូវបុក របងថ្មផ្ទះគេតែម្តង ។

ដោយឡែក ប្រភពពីសមត្ថកិច្ច នគរបាលប៉ុស្តិ៍ រដ្ឋបាលពងទឹក ដែលបានចុះដល់កន្លែង កើតហេតុក៏បាន បញ្ជាក់ឲ្យដឹងដែរថា រថយន្តបង្កហេតុ នោះមានម៉ាក HYUNDIA កូរ៉េពណ៌សជា រថយន្តប្រភេទ១ តោនកន្លះ ពាក់ស្លាក លេខក្រុងព្រះសីហនុ 2A-1481 បើកបរដោយឈ្មោះណុប តូន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយរថយន្តនេះដឹកកម្មករ ចេញពីភូមិខាងលើឆ្ពោះ ទៅរោងចក្រកាត់ដេរ មួយនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ។

លុះអ្នកបើកបរមកដល់ ចំណុចកើតហេតុ ខាងលើរថយន្ត បានដាច់ចង្កូត ក៏រេទៅបុករបងថ្មផ្ទះ គេពេញទំហឹងជាប់ ក្បាលឡាន និងជញ្ជាំងរបងនោះ ហើយកម្មករ៧នាក់ បានរងរបួសធ្ងន់ កំពុងសម្រាក ព្យាបាលនៅ មណ្ឌលសុខភាពពងទឹក។ សមត្ថកិច្ចប៉ុស្តិ៍ រដ្ឋបាល ដដែលបន្តថា កម្មការិនី រងរបួសទាំង៧នាក់នោះមានឈ្មោះ សាត សៃ អាយុ៤៥ឆ្នាំ (របួសមាត់ និងក្បាល) ២/ឈ្មោះយ័ន ចេក អាយុ៤៣ឆ្នាំ (របួសចុកដើម ទ្រូង) ៣/ឈ្មោះឃុំ ចាន់សុំ អាយុ២៧ឆ្នាំ(របួសក្បាល) ៤/ឈ្មោះថោង សុភ័ក អាយុ៣៨ឆ្នាំ(របួ សចង្កេះនិងចុកទ្រូង) ៥/ឈ្មោះឆាំ សុខេម អាយុ៣៨ឆ្នាំ(របួសមាត់និងក្បាល) រួមនិងអ្នកបើកប ម្នាក់ទៀតផងដែរ។

ជាមួយគ្នានេះផងដែរ សមត្ថកិច្ច ចរាចរណ៍ខណ្ឌដង្កោ ក៏បញ្ជាក់ឲ្យដឹងបន្ថែមថា កម្មការិនី រងរបួសទាំងនោះ ខាងក្រុមហ៊ុនរោងចក្រ បានចុះមកពិនិត្យស្ថានភាព របួសនៅពេទ្យហើយ ដែរដោយភាគីខាង ក្រុមហ៊ុន អះអាងថា គេនិងជួយព្យាបាល កម្មការិនី របស់គេ នូវថ្លៃថ្នាំនិងការសំរាកព្យាបាលទាំងអស់។ ចំពោះរថយន្តនោះវិញ សមត្ថកិច្ចបានរក្សាទុកនៅ ប៉ុស្តិ៍ប្រចាំការ២៤ ម៉ោងនៅវត្តស្លែង ហើយក៏មិនមានការទាមទារ អ្វីដែរពីសំណាក់ម្ចាស់ផ្ទះទេព្រោះថាម្ចាស់ផ្ទះ គាត់ពិនិត្យឃើញថា វាខូចខាតបន្តិចបន្តួចប៉ុណ្ណោះ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]