ខេត្ដកំពត ៖ ព្រះបដិមាមួយអង្គ មានទម្ងន់៩០គីឡូក្រាម ត្រូវបានអាជ្ញាធរស្រុកបន្ទាយមាស យកមករក្សាទុកនៅសាលាស្រុក រយៈពេលជាង២០ឆ្នាំមកហើយ ដែលព្រះបដិមាមួយអង្គនេះ ត្រូវបានគេពិសោធន៍ឃើញថា កសាងពីលង្ហិនលាយជាមួយសំរឹទ្ធិ ។

ទាក់ទងនឹងប្រវត្ដិព្រះបដិមាមួយអង្គនេះ  លោក ហ៊ក់ អ៊ាន សមាជិកក្រុមប្រឹក្សាស្រុកបន្ទាយមាស បានរៀបរាប់ឱ្យដឹងថា នៅក្នុងរវាងឆ្នាំ១៩៨០ លោក ខាង សារិន ដែលពេលនោះជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទៅលេងនៅមុខព្រះបរមរាជវាំង ហើយប្រទះឃើញបងប្អូនខ្មែរអ៊ិស្លាម បង់សំណាញ់ជាប់ព្រះបដិមាមួយអង្គនោះ នៅបាតទន្លេ ហើយលោកក៏បានសុំចែក ពីបងប្អូនខ្មែរអ៊ិស្លាមយកមកតម្កល់នៅឯវត្ដ និងបានឧបត្ថម្ភជាអង្ករ ទៅអ្នកបង់សំណាញ់នោះចំនួន១តោន ។ បន្ទាប់មកលោក ខាង សារិន បានទាក់ទងទៅលោក ឡុក តេង ដែលពេលនោះជាប្រធានគណៈកម្មាធិការ ប្រជាជនឃុំទូកមាសខាងកើត ឱ្យយកព្រះបដិមាមកដាក់នៅវត្ដចំប៉ី ស្ថិតក្នុងឃុំទូកមាស ព្រោះជាស្រុកកំណើតរបស់លោក ដែលជាមន្ដ្រីនគរបាលជាន់ខ្ពស់ ។ ប៉ុន្ដែកាលនោះដោយសារនៅវត្ដចំប៉ី មិនទាន់មានព្រះសង្ឃគ្រប់គ្រងវត្ដ ក៏នាំគ្នាយកមករក្សាទុក នៅវត្ដស្រែកាន់ ក្នុងឃុំទូកមាសខាងកើត ។

លោក ហ៊ក់ អ៊ាន បានឱ្យដឹងទៀតថា លុះនៅយប់មួយមានភ្លៀងធ្លាក់ផង ស្រាប់តែមានចោរមួយក្រុមប្រដាប់ដោយកាំភ្លើងមកភ្ជង់ប្លន់ពីអាចារ្យវត្ដ និងព្រះសង្ឃ ដោយសែងព្រះបដិមានេះយកទៅទិសខាងជើង តែដោយសារមានការភ្ញាក់ផ្អើលពីអ្នកភូមិលើកគ្នាតាមប្រមាញ់ ក្រុមចោរភិតភ័យ ព្រមជាមួយការបាក់ឈើស្នែងផងក៏ទុកចោលព្រះបដិមានៅក្នុងបឹងមួយ ។ លុះព្រឹកឡើងសមត្ថកិច្ចស្រុក ដែលកាលនោះមានលោក មួង សារឹម ជាប្រធាននគរបាលស្រុក រួមជាមួយមន្ដ្រីជាច្រើនរូបទៀត បានយករថយន្ដទៅដឹកព្រះបដិមានោះ យកមករក្សាទុកនៅសាលាស្រុកបន្ទាយមាសវិញ ដើម្បីងាយស្រួលការពារ ។ ចំណែកលោក ជា ចាន់លី អភិបាលស្រុកបន្ទាយមាស បានប្រាប់ឱ្យដឹងដែរថា ព្រះបដិមាមួយអង្គនេះ ក្រុមចោរប៉ុនប៉ងប្លន់មិនបានសម្រេច២លើក ដែលអំពើប្លន់លើកទី១ គឺសែងចេញពីវត្ដស្រែកាន់ តែមិនបានសម្រេច ព្រោះមានការភ្ញាក់ផ្អើលនិងលើកទី២ នៅទសវត្សឆ្នាំ៩០ ពេលដែលយកព្រះបដិមាមករក្សាទុកនៅសាលាស្រុកទៅហើយ កាលនោះមានកម្លាំងប្រដាប់អាវុធដែលមានរថយន្ដប្រភេទដំរីទឹកប្រុងមកប្លន់ ប៉ុន្ដែដោយសារដឹងសភាពការណ៍ទាន់ លោក ឆាយ សន អតីតអភិបាលស្រុក និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាស្រុក បានបញ្ជាឱ្យយកកងកម្លាំងឡោមព័ទ្ធ ទើបក្រុមប្រដាប់អាវុធទាំងនោះដកថយទៅវិញ ។ លោក ជា ចាន់លី បញ្ជាក់ថា ចាប់ពីពេលនោះមក ព្រះបដិមាមួយអង្គនេះត្រូវបានប្រជាពលរដ្ឋ ដែលមានជំនឿនាំគ្នាមកបែបន់ហូរហែសុំសេចក្ដីសុខ ។

លោក សំរិទ្ធ ស៊ីន សមាជិកក្រុមប្រឹក្សាស្រុកបន្ទាយមាស ក៏បានប្រាប់ឱ្យដឹងដែរថា ព្រះបដិមាមួយអង្គនេះពលរដ្ឋភាគច្រើន តែងតែនាំគ្នាអុជធូបបែបន់ ដើម្បីសុំសេចក្ដីសុខសប្បាយ តាមអ្វីដែលពួកគាត់ប្រាថ្នារៀងៗខ្លួន ដូចជាចង់លក់ ឬទិញទ្រព្យសម្បត្ដិអ្វីមួយ ។ ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃចូលឆ្នាំប្រពៃណីជាតិ ព្រះបដិមាមួយអង្គនេះត្រូវបានគេសែងចុះពីអគារថ្មសាលាស្រុករៀបចំធ្វើពិធីសូត្រមន្ដ ស្រង់ទឹកឱ្យព្រះអង្គ ហើយពលរដ្ឋជាច្រើនក៏បានសុំទឹកមន្ដពីព្រះអង្គយកទៅលុបមុខដើម្បីឱ្យជ្រះចង្រៃផ្សេងៗទៅតាមជំនឿ ។ ចំពោះការលេចឮពាក្យចចាមអារ៉ាមដែលគេនិយាយថា មានចោរលួចព្រះបដិមាពិតប្រាកដនោះទៅបាត់ ហើយនៅតែបដិមាក្លែងក្លាយ លោក ហ៊ក់ អ៊ាន ក៏ដូចជាលោក សំរិទ្ធ ស៊ីន និងលោក ជា ចាន់លី បានបដិសេធដូចៗគ្នាថា គ្មានអ្នកណាដូរទេ ព្រោះមានស្នាមចោរវាយនៅលើស្មាព្រះអង្គបន្សល់ទុកស្លាកស្នាមនៅឡើយ ព្រោះកាលណោះចោរប្រុងវាយយកតែព្រះកេស តែវាយមិនបាក់ ។

ចំណែកលោក ឆាយ សន មានប្រសាសន៍ថា ព្រះបដិមាមួយអង្គនេះគ្មានអ្នកណាដូរទេ និងក៏គ្មានអ្នកណាយកទៅណាដែរ ហើយប្រជាពលរដ្ឋតែងតែនាំគ្នាមកធ្វើបុណ្យទានជាប្រចាំ ពេលចូលឆ្នាំម្ដងៗ ។ ប្រជាពលរដ្ឋបានចាត់ទុកព្រះបដិមានេះជាអាទិទេពរបស់ពួកគាត់ទៅហើយនៅក្នុងស្រុកបន្ទាយមាស ៕ 

ព្រះបដិមាដែលស្រង់បានពីក្នុងទន្លេមុខព្រះរាជវាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]