រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានធ្វើដំណើរទៅកាន់ ប៉ុស្តិ៍ប៉ូលិសចោមចៅ ដើម្បីដាក់ពាក្យប្តឹងសុំឱ្យជួយ រកយុត្តិធម៌ជូនពួកគេ បន្ទាប់ពីមានបុរសម្នាក់ ដែលគេដឹងថា ជាអ្នកមានប្រាក់គួរសម បានប្រើកាំបិតប៉័ងតោ ទៅធាក់ទម្លាយទ្វារចូលទៅធ្វើសកម្មភាព វាយ និងកាប់ប៉ុនប៉ងសម្លាប់ពួកគេ ដល់ក្នុងផ្ទះទាំងយប់ តែត្រូវបានអ្នកជិតខាងចូលទៅជួយទាន់។

ហេតុការណ៍នោះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១៨ តុលា ២០១៣ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះត្រូវគេស្គាល់ប្តីឈ្មោះវង្ស ចិន្តា អាយុ២៧ឆ្នាំ ជាជាងកាត់សក់ ប្រពន្ធឈ្មោះអ៊ូច អេង អាយុ៣០ឆ្នាំ ជាកម្មការិនី ពួកគេមានទីលំនៅក្នុងភូមិចង្ហោង ឃុំព្រៃត្នោត ស្រុកកំពត ខេត្តកំពត ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ។ ចំណែកជនដៃដល់ឈ្មោះសឿន ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

បើតាមការរៀបរាប់របស់ជនរងគ្រោះ២នាក់ប្តី ប្រពន្ធបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង២នាក់ប្តីប្រពន្ធ បានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ពីរឿងស្ត្រីជាប្រពន្ធ មិនព្រមដេញអ្នកដែលទៅអង្គុយលេង និងស្រែកឡូឡារាល់ថ្ងៃ រាល់យប់ នៅមុខបន្ទប់ជួលរបស់ខ្លួន រកដេកពួនមិនបាន។ លុះបន្តិចក្រោយមក ស្រាប់តែឈ្មោះសឿន បានរករឿងឈ្លោះជាមួយពួកគេ ដោយចោទពួកគេថា ជេរដៀមដាមឱ្យខ្លួន ហើយក៏បានទាញកាំបិតប៉័ងតោ ធ្វើសកម្មភាពធាក់ទម្លាយទ្វារផ្ទះរបស់ពួកគេ ហើយបានសម្រុកចូលទៅដេញវាយ និងកាប់ប៉ុនប៉ងសម្លាប់ពួកគេចោលតែម្តង។ ខណៈនោះបង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាងបាននាំគ្នាចូលមក ជួយឃាត់ទើបមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]