បន្ទាយមានជ័យ ៖ ដោយសារតែកម្លាំង ទឹកហូរខ្លាំង ព្រោះតែភ្លៀងធ្លាក់ជាបន្ដបន្ទាប់ បានធ្វើឱ្យកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចខ្លះ ត្រូវបានកាត់ ផ្ដាច់ មិនអាចធ្វើចរាចរបាន ហេតុដូច្នេះហើយ ទើបកម្លាំងនគរបាលខេត្ដបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣នេះ បានជួយអន្ដរាគមន៍ ភ្លាមៗ តាមរយៈការដឹកថ្មគ្រួស មកចាក់ បំពេញ កន្លែងដែលទឹកហូរផ្ដាច់ ។

មន្ដ្រីនគរបាល ដែលចូលរួមក្នុងប្រតិបត្ដិ ការជួសជុលកំណាត់ផ្លូវជាតិលេខ៥ ខាងលើ នេះ បានឱ្យដឹងថា នៅចំណុចខ្លះ លើកំណាត់ ផ្លូវជាតិលេខ៥ ចាប់ពីក្រុងសេរីសោភ័ណ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ មិនអាចធ្វើចរាចរបាន ដោយសារតែកម្លាំង ទឹកហូរកាត់ផ្ដាច់ផ្លូវ ហេតុដូច្នេះហើយ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ ខេង ស៊ុំ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះទៅជួយអន្ដរាគមន៍ដោយផ្ទាល់ តាមរយៈការដឹកជញ្ជូនថ្មគ្រួស យកទៅបិទ ផ្ជិតកន្លែងដែលទឹកហូរផ្ដាច់ ។

មន្ដ្រីនគរបាលបានបន្ដថា ក្រោយពីជួយ អន្ដរាគមន៍ទាន់ពេលវេលា ការធ្វើចរាចរបាន ដំណើរការទៅតាមរយៈ ការជួយធ្វើចរាចរបន្ថែម ពីសំណាក់កម្លាំងនគរបាល ដែលឈរតំរៀបជួរគ្នានៅតាមផ្លូវជាតិលេខ៥ នៅក្នុងទឹក ដើម្បីប្រាប់ទៅអ្នកបើករថយន្ដឱ្យធ្វើដំណើរ តាមផ្លូវដែលគ្មានជង្ហុកជ្រៅ និងកន្លែងទឹក រាក់ ។

សូមបញ្ជាក់ថា ដោយសារតែភ្លៀងធ្លាក់ ជាបន្ដបន្ទាប់ នៅក្នុងខេត្ដបន្ទាយមានជ័យ បូករួមទាំងទឹកហូរធ្លាក់ពីម៉ាឡៃ ធ្វើឱ្យជន លិចផ្លូវជាតិលេខ៥ ស្ទើរតែមិនអាចធ្វើចរាចរបាន ហើយបណ្ដាលឱ្យកំណាត់ផ្លូវជាច្រើនកន្លែង រងការខូចខាតជាបន្ដបន្ទាប់ ប៉ុន្ដែត្រូវបាន អាជ្ញាធរខេត្ដនិងសមត្ថកិច្ច ជាច្រើននាក់ ជួយ អន្ដរាគមន៍ភ្លាមៗ ៕

















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]