ភ្នំពេញ ៖ មន្រ្តីអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងថា ថ្នាក់ដឹកនាំកំពុងតែរៀបចំ សំណុំ ឯកសារ បែបបទបញ្ជូនមន្រ្តីរបស់ខ្លួន ទៅស្រាវជ្រាវ និងយកសពបុរសម្នាក់ ដែលជាអ្នក បើកយន្តហោះ ធ្លាក់ស្លាប់នៅប្រទេសឡាវ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣។

មន្រ្តីខុទ្ទកាល័យ អាកាសចរណ៍ស៊ីវិល ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ថា បន្ទាប់ពីបានគោលការណ៍ ពីខាងគណៈរដ្ឋមន្រ្តី ហើយមន្រ្តីជំនាញ នឹងធ្វើដំណើរទៅប្រទេសឡាវ ហើយពួកគេអាចនឹងទៅ ប្រហែលជាថ្ងៃទី១៩ ខែតុលា ។

លោកបន្តថា រហូតមកដល់ថ្ងៃទី១៨ ខែតុលា នេះ ខាងក្រុមរុករក មិនទាន់បានរកឃើញ សពបុរសម្នាក់នោះ នៅឡើយទេ ហើយលោកក៏មិនទាន់បានដឹង ពីអត្តសញ្ញាណអ្នកបើក យន្តហោះខ្មែររូបនោះដែរ។

លោកបានបញ្ជាក់ថា “ចំពោះកន្លែងយើងនេះ យើងកំពុងតែសុំគោលការណ៍ ពីថ្នាក់ដឹកនាំ ដើម្បី ចាត់មន្រ្តីជំនាញ ចុះទៅស្រាវជ្រាវ៉ ។

យោងតាមរដ្ឋលេខាធិការទទួលបន្ទុកខាងសុវត្ថិភាពអាកាសចរណ៌ស៊ីវិល និងជាប្រធានសន្តិសុខ លោក ម៉ក់ សំអុល ដែលភ្នំពេញប៉ុស្ដិ៍ ចេញផ្សាយថ្ងៃនេះបានអោយដឹងថា អ្នកបើកបរយន្ដហោះ ជនជាតិខ្មែរម្នាក់ ក្នុងចំណោម ៤៩នាក់បានស្លាប់ នៅក្នុងឧប្បត្តិហេតុ ធ្លាក់យន្ដហោះ របស់ក្រុមហ៊ុន ឡាវអ៊ែឡាញ នៅក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ កាលពីថ្ងៃទី១៦ តុលាកន្លងទៅនេះ  ។   

យោងតាម ការចេញផ្សាយ របស់សារព័ត៌មានបរទេស បានឲ្យឹងថា កាលពីថ្ងៃទី១៦ ខែតុលា មានយន្តហោះ ដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍ឡាវ បានធ្លាក់យ៉ាងហោចណាស់ មនុស្ស ៤៩នាក់ បានស្លាប់ ។

នាយកប្រតិបត្តិការ របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានអះអាងថា ទំនងជាគ្មានមនុស្សណា ម្នាក់នៅរស់រានមានជីវិតនោះទេ។ លោក សំពុង ដួងដារ៉ា នាយកប្រតិបត្តិ នៃក្រុមហ៊ុនឡាវ អ៊ែរឡាញ បានប្រាប់អ្នកសារព័ត៌មាននានា នៅទីក្រុង វៀងច័ន្ទ ថា យន្តហោះ បានធ្លាក់នៅ វេលាម៉ោង ១៥ និង ៥៥នាទី យន្តហោះ ប្រភេទ QV301 បានហោះហើរ ពីទីក្រុងវៀងច័ន្ទ សំដៅ ទៅខេត្តចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ តែបានធ្លាក់ទៅក្នុងទន្លេមេគង្គ ស្ថិតនៅក្រុង ប៉ាកសេ ដោយសារតែអាកាសធាតុអាក្រក់។

អ្នកដំណើរចម្រុះជាតិសាសន៍ មាន ឡាវ, បារំាង, ចិន, កូរ៉េខាងត្បូង, ថៃ, វៀតណាម, អាម៉េរិក, អូស្ត្រាលី, កាណា, និង ម៉ាឡេស៊ី ដោយក្នុងនោះជនជាតិឡាវ មានច្រើនជាងគេ រហូតដល់ ១៧ នាក់ ត្រូវបានគេរាយការណ៍ស្ថិត នៅក្នុងយន្តហោះដែលបានធ្លាក់នោះ រួមជាមួយអ្នក បើកបរ យន្ដហោះ ២នាក់, អ្នកជំនាញការម៉ាស៊ីនម្នាក់, និងអ្នកបម្រើ ២នាក់ ហើយសរុបអ្នកជិះលើ យន្តហោះទាំងអស់ មាន ៤៩ នាក់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]