ភ្នំពេញ៖ ថ្មីៗកន្លងនេះ មានមហាជនជាច្រើន បានដាក់ការចាប់អារម្មណ៍ តាមដានជុំវិញ រឿងរ៉ាវទំនាក់ទំនងស្នេហាក្រៅឆាករបស់តារាចម្រៀង សុខា ឌីសាណូ ដែលធ្លាប់ល្បីថា សម្បូរបុរសៗតាមចែចង់ ប្រាថ្នាបេះយកដូងចិត្តរបស់នាង ធ្វើជាគូគ្រងជាហូរហែ។ មិនត្រឹមតែប៉ុណ្ណោះ ក៏លេចធ្លាយព័ត៌មានទៀតថា នាងបានលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយនិស្សិតកំពុងបន្តការសិក្សាក្រៅស្រុកទៀតផង។

បើយោងតាមប្រភពខ្លះ បាននិយាយថា សុខា ឌីសាណូ មិនត្រឹមតែធ្វើឱ្យក្រុមកន្លង់ៗក្នុងស្រុកជ្រួលជ្រើមនោះទេគឺថែមទាំងឆក់បានបេះដូង និងក្តីស្រឡាញ់ពីអ្នករស់នៅក្រៅស្រុក ឱ្យឈ្លក់វង្វេង ធ្លាក់ក្នុងរណ្តៅ ស្នេហ៍ដ៏សែនជ្រៅដកចិត្តពីនាងមិនរួច។ ម្យ៉ាងទៀតពេលខ្លះ ក៏មានអ្នកសុំនាងរៀបការជាមួយផងដែរប៉ុន្តែសំណើរនេះ ត្រូវនាងបានឆ្លើយបដិសេធមិនទទួលយកនោះឡើយ។

ឆ្លើយឆ្លងផ្តល់សម្ភាសន៍ ឱ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទថ្មីៗនេះ ពន្លកតារាថ្មី កំពុងលូតដុះចេញក្នុងវិថីសិល្បៈដោយសន្សឹម កញ្ញា សុខា ឌីសាណូ បាននិយាយប្រាប់ ដោយទទួលស្គាល់ថា សព្វថ្ងៃនេះ ពិតជាសម្បូរអ្នកតាមស្រឡាញ់ ចង់បានបេះដូងរបស់នាងច្រើន។ ប៉ុន្តែនាងនៅមិនទាន់សម្រេចចិត្តច្បាស់ថា ព្រមប្រគល់បេះ ទៅឱ្យបុរសណាម្នាក់នៅឡើយទេ។

តារាចម្រៀងវ័យក្មេងរូបនេះ បាននិយាយបន្តថា "ចាសបង..! បេះដូងរបស់ខ្ញុំ បច្ចុប្បន្ននេះ គឺនៅទំនេរស្អាតល្អណាស់ មិនទាន់មានជាប់ជំពាក់វាក់វិន នឹងរឿងស្នេហាជាមួយបុរសណានោះឡើយ។ ខ្ញុំមិនទាន់ចង់មានស្នេហាទេ ព្រោះចង់យកឱកាសនេះ គិតរឿងអាជីពសិល្បៈបន្តិចទៀតសិន ទើបសំឡឹងជ្រើសរើយគូអនាគត"។

ជាមួយគ្នានេះ កញ្ញា សាណូ ក៏បាននិយាយប្រាប់ឱ្យដឹងថា ចំពោះអ្នកដែលសារភាពមានចំណង សុំនាងរៀបការជាមួយ គឺពិតជាមានមែន ។ ប៉ុន្តែនាងតែងតែឆ្លើយបដិសេធទៅវិញ ចំពោះរឿងនេះ ព្រោះចិត្តមិនទាន់ចង់បានគូគ្រង ឬប្ដីនៅពេលនេះទេ។ចំណែកឯរឿងគេនិយាយថា នាងមានទំនាក់ទំនងស្នេហាជាមួយនិស្សិត កំពុងតែសិក្សាក្រៅស្រុកនោះ គឺមិនពិតដូចជាគេនិយាយនោះឡើយ។

កញ្ញា ឌីសាណូ បានបញ្ជាក់ថា នាងមិនដែលស្គាល់ និង ទាក់ទងជាមួយអ្នកក្រៅស្រុក ម្នាក់ណានោះ ទេ តែបើអ្នកនៅក្នុងស្រុក គឺពិតជាមានអ្នក ដែលស្រឡាញ់នាងច្រើនមែន ប៉ុន្តែនាងមិនដែលចាប់អារម្មណ៍ យកភ្នែកមើល នោះឡើយ។

តារាចម្រៀងជើងថ្មី ទើបមានឈ្មោះល្បីរើបៗ ក្នុងវិស័យសិល្បៈ កញ្ញា សុខា ឌីសាណូ ជាតារាចម្រៀង និងសម្តែង មានដើម កំណើតចេញមកពីខេត្តបាត់ដំបង បច្ចុប្បន្ននាងមានអាយុ២៥ ឆ្នាំ។ ឌីសាណូ ឈានជើងចូលប្រឡូក ក្នុងសង្វៀនសិល្បៈនាអំឡុងចុងឆ្នាំ២០០៩ ហើយសព្វថ្ងៃនេះ ក្រៅពីការច្រៀង និងតារាសម្តែង នាងក៏មានឱកាស ថតស្ប៉តពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុនតូចធំ មួយចំនួនក្នុងស្រុកផងដែរ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]