រាជធានីភ្នំពេញ ៖ រថយន្តហាយឡេនឌ័រ ១គ្រឿង បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោក ក្នុងល្បឿនយ៉ាងលឿនបើកបុករះម៉ូតូ ២គ្រឿង រួចជ្រុលហោះរំលងរបាំងថ្មពុះ ចែកទ្រូងផ្លូវទៅផ្លូវម្ខាងទៀត បើកទៅមុខលែងរួច ប៉ុន្តែ សំណាងដែលគ្មានមនុស្សរងគ្រោះ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ១៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ តុលា ២០១៣ នៅចំណុចមុខក្លិបវើលដាន់ តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា គេបានឃើញរថយន្ត ហាយឡេនឌ័រ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-7570 ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់មុខក្លិបវើលដាន់ ក៏បានរេចង្កូតទៅបុកម៉ូតូកូនទា ពណ៌ស ១គ្រឿង ចំពីមុខ បណ្តាលឲ្យម៉ូតូដួលគាបជាប់ក្រោមរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2P-5332 ដែលចតមុខក្លិប។

បន្ទាប់មក រថយន្តបង្កមិនទាន់អស់ល្បឿន ក៏បានជ្រុលទៅបុករ៉ឺម៉កម៉ូតូ ១គ្រឿងទៀត ពីក្រោយពេញទំហឹង បណ្តាលឲ្យរ៉ឺម៉កម៉ូតូបោកខ្ទប់ នឹងរបាំងថ្មចែកទ្រូវផ្លូវបាក់អស់ ៤កង់ ហើយរថយន្តបង្ក ក៏ហោះផ្លោងទៅផ្លូវម្ខាងទៀតបើកទៅមុខលែងរួច ប៉ុន្តែ សំណាងល្អ ដែលពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]