ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋ នាំគ្នាដេញតាមចាប់បាន វាយម្នាក់១ដៃ ម្នាក់១ជើង រហូតដល់សន្លប់ឈឹងនៅនឹងកន្លែង ត្រូវបាន នគរបាល នាំយកទៅព្យាបាលគ្លីនិកចោមចៅ ដើម្បី ជួយសង្គ្រោះអាយុជិវិត បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព លួចកាច់សោ ក ម៉ូតូគេ បាន សម្រេចជិះគេចបានបន្តិច ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៥និង៣០នាទី ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកផ្សារជម្ពូវ័ន្ត ដើម្បីទិញ បន្លែ យកទៅលក់នៅនឹងផ្ទះ ដោយអូស កន្ទុយរ៉ឺម៉ក លុះពេលទៅដល់ផ្សារ ជនរងគ្រោះបាន ចតម៉ូតូនៅក្បែរផ្សារ ដោយពុំទាន់ដោះកន្ទុយរ៉ឺម៉កនោះទេ ពេលនោះស្រាប់តែឃើញជន សង្ស័យ ដើរមកអែប ដោយមានពាក់មួកសុវត្ថិភាពផងដែរ ហើយបានអង្គុយ លើម៉ូតូជន រងគ្រោះ ដោយនិយាយទូរស័ព្ទបណ្តើរ ក្រោយមក ធ្វើសកម្មភាព ដោះកន្ទុយរ៉ឺម៉កចេញ ហើយ កាច់សោម៉ូតូជិះ តែភ្លាមៗនោះ ត្រូវប្រពន្ធជនរងគ្រោះឃើញទាន់ ក៏ស្រែកថា ចោរៗ ធ្វើឲ្យជន សង្ស័យភ័យស្លន់ស្លោ ផ្តួលម៉ូតូចោលរត់គេចខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋអ្នកជិតខាង នាំគ្នាដេញ តាមចាប់បាន វាយ១ដៃ១ជើង រហូតដល់ ដង្ហើមចង្រិត ភ្លាមៗនោះនគរបាលមូលដ្ឋាន ចុះទៅ ដល់ បញ្ជូនជនសង្ស័យ យកទៅកាន់គ្លីនិកចោមចៅ ដើម្បីជួយសង្គ្រោះអាយុជីវិត បន្ទាន់ ហើយ ពេលនោះ នគរបាលរង់ចាំជនសង្ស័យធូរស្រាល ដើម្បីនាំខ្លួនយកទៅសាកសួរ។

នគរបាលបានឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ សូត្រ រតនា ភេទប្រុស អាយុ២៤ឆ្នាំ មាន មុខរបរ លក់ដូរនៅផ្ទះ រស់នៅក្នុងភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូ ម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1AH-3455 រីឯជនសង្ស័យ មាន ឈ្មោះ សឹង លី ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិ ច្រកខ្លី ឃុំទូកមាស ស្រុកគិរីវង់ ខេត្តតាកែវ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]