ខេត្តកំពង់ធំ ៖ បច្ចុប្បន្នកាលនេះ នៅពេលដែលប្រទេសជាតិ កំពុងតែមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងមានព្រហ្មវិហារធម៌របស់សម្តេច អគ្គមហាសេនាបតីតេជោ ហុ៊ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងមានអ្វីៗទាំងអស់ ។ ប្រជាពលរដ្ឋវិញនោះ ពួកលោកនាំគ្នាប្រកបរបរចិញ្ចឹមជីវិត ទៅតាមលទ្ធភាពរបស់ខ្លួន ។ អ្នកខ្លះប្រកបអាជីវកម្មធំៗតាមលទ្ធភាព អ្នកខ្លះទៀតមានជីវភាពក្រីក្រនាំគ្នា ប្រកបរបរលក់បន្លែបង្ការបន្តិចបន្តួច ដើម្បីដោះស្រាយជីវភាពគ្រួសារ ។

ចំណែកបុរសម្នាក់បានរអ៊ូរទាំនិយាយថា ពួកខ្លួនមានគ្នា២-៣នាក់ប្រពន្ធកូន រស់នៅក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន បាននាំគ្នាយកខោអាវក្មេងៗតូចៗ និងរបស់មនុស្សធំខ្លះមកដាក់លក់ក្រោមដំបូលឆត្រ លើចិញ្ចើមថ្នល់ចំណុចខាងក្រោយផ្សារកំពង់ធំ ត្រូវបានលោក ត្រោក នីម ចៅសង្កាត់កំពង់ធំ និងលោកមេប៉ុស្តិ៍កំពង់ធំឱ្យបង់លុយឱ្យក្នុង១ខែ៣០មឺុនរៀល សម្រាប់១កន្លែង ដែលមានប្រវែង២ម៉ែត្រ ។

បើមិនព្រមបង់លុយឱ្យគេទេនោះ ពួកអ្នកកាន់អំណាចមូលដ្ឋាននេះ មិនឱ្យកន្លែងលក់នោះទេ ។ ពួកគេឈឺចាប់ណាស់បើមិនរកសីុទេនោះ គេថាអាកម្ជិល ឬខ្លាចគេថា មិនខំរកសីុបានជាវាក្រល្ហាម ។ លុះពេលនាំគ្នាមករកសីុស្រាប់តែពួកគេកាន់អំណាច នេះប៊ឺតស្ទើរតែរីងខ្លួនទៅហើយ ។ គាត់និយាយថា បង់ថ្លៃឆត្រ បង់ថ្លៃភាសីុ ពួកគេអាចតស៊ូបង់ឱ្យបាន ស្រាប់តែគេឱ្យបង់ថ្លៃកន្លែង១ខែ៣០ម៉ឺនរៀលនោះ សឹងតែលៀនអណ្តាតទៅហើយ គឺខំរកសីុចិញ្ចឹមតែប៉ូលិស ។ ពួកគេសំណូមពរសូមឱ្យអាជ្ញាធរក្រុងស្ទឹងសែន និងលោកអភិបាលខេត្តជួយចាត់ការលោកចៅសង្កាត់កំពង់ធំ និងមេប៉ុស្តិ៍កំពុងតែពុករលេះរលួយនេះផង ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក វា៉ន់ វិបុល នាយប៉ុស្តិ៍រដ្ឋបាលកំពង់ធំបានឱ្យដឹងថា ចំពោះរឿងដែលយកលុយពីអ្នកលក់ខោអាវ១តូប ១ខែ ៣០ម៉ឺនរៀលនេះគឺលោក និងលោក ត្រោក នឹម ចៅសង្កាត់បានធ្វើមែន ដើម្បីយកលុយទាំងនេះមកកាត់ខោអាវ ឱ្យប្រជាការពារហើយក៏មិនបានប្រាប់រឿងនេះ ទៅលោកអភិបាលក្រុងដែរ ។ សកម្មភាពខាងលើនេះហើយដែលគេហៅថា «ជាន់ករាស្ត្រដកស្លាប» នោះ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]