ព្រះសីហនុ ៖ យុវជនសង្ស័យម្នាក់ ក្នុងចំណោម៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន កាលពី ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ បន្ទាប់ពីយុវជន សង្ស័យរូបនោះ រួមជាមួយបក្ខពួក ៥ នាក់ទៀត បាន ធ្វើសកម្មភាព កាប់ទៅលើ អ្នករត់ម៉ូតូឌុបម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចម្តុំផ្លូវចូលភូមិថ្មី ។  

តាមការឲ្យដឹង ពីវរសេនីយ៍ត្រី ភុល ភស្តា អធិការនគរបាល ក្រុងព្រះសីហនុ បានឲ្យដឹងថា យុវជន សង្ស័យដែលកម្លាំង សមត្ថកិច្ច របស់លោក ធ្វើការឃាត់ខ្លួននាពេលនេះ ជាជនសង្ស័យម្នាក់ ក្នុងចំណោម ៦ នាក់ ដែលបានធ្វើសកម្មភាព កាប់ទៅលើអ្នករត់ម៉ូតូឌុបម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។ យុវជនសង្ស័យ មានឈ្មោះ ថាច់ ឆៅ ហៅ អាឆៅ ភេទប្រុស អាយុ ២១ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកសង្កែ ឃុំ សាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅក្រុមទី៣១ ភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហនុ មុខរបរនេសាទ ។

លោកបន្តថា ការចាប់ឃាត់ខ្លួននេះ បន្ទាប់ពីកម្លាំងរបស់លោក បានចុះធ្វើការស៊ើបអង្កេត អស់រយៈពេល មួយថ្ងៃ ហើយលោកនឹងទៅវែកមុខ ជនសង្ស័យដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ ឲ្យ ខាងតែបាន ។ 

តាមចម្លើយពីយុវជនសង្ស័យ បាននិយាយថា នៅយប់កើតហេតុរូបគេ ពុំបានកាប់ទៅលើជនរងគ្រោះ នោះទេ គឺមិត្តម្នាក់ទៀត ជាអ្នក ដេញកាប់ទៅលើជនរងគ្រោះ រូបគេគ្រាន់តែនៅក្នុងចំណោមនោះដែរ ។ ប្រភពដដែលបានបន្តថា ចំពោះមូលហេតុដែលពួកខ្លួនដេញកាប់ ទៅលើជនរងគ្រោះនេះ ដោយសារតែ គំនុំ ប៉ុន្តែនៅពេលកាប់រួច ទើបដឹងថា កាប់ច្រឡំមនុស្ស ។ បច្ចុប្បន្នយុវជនសង្ស័យ កំពុងត្រូវបាន សមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ ដើម្បីចាត់ការបន្ត បញ្ជូនទៅសាលាដំបូង ដើម្បីវិនិច្ឆ័យទោសតាម នីតិវិធីច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]