យោងតាមសារព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា នារីជនជាតិចិន វ័យខ្ទង់ ២០ឆ្នាំម្នាក់ ដោយសារតែចង់សម្រេចបំណង ឲ្យមានសម្រស់ស្រស់ស្អាត ផ្ទុយទៅវិញបែរជាបានជួប ជាមួយនឹងរឿងដ៏អាក្រក់ ដោយនាងបានប្រែមុខមាត់ដូចមនុស្សចាស់ បន្ទាប់ពីបានធ្វើការកែសម្ភស្សរួច។

ប្រភពដដែលបានបន្តទៀតថា នារីវ័យក្មេងរូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា Xiaolian រស់នៅក្នុងខេត្តហ្គ័ងដុង ប្រទេសចិន ហើយនាងធ្លាប់បានកែសម្ភស្ស កាលពីអាយុ ១៧ឆ្នាំម្តងរួចមកហើយ ប៉ុន្តែដោយសារតែមិនពេញចិត្ត ជាមួយនឹងមុខដែលមានសភាពស្គមរបស់ខ្លួន បូករួមទាំងការចំអកពីចាហ្វាយ ដូច្នេះនាងក៏សម្រេចចិត្ត ធ្វើការកែសម្ភស្សម្តងទៀត។

ជាមួយគ្នានេះ នាង Xiaolian  បានស៊ើបសួរពីតម្លៃនៃការកែសម្ភស្សនេះ នៅឯគ្លីនិកមួយកន្លែង ប៉ុន្តែដោយសារតែមានតម្លៃថ្លៃពេក នាងក៏សម្រេចចិត្តធ្វើការកែសម្ភស្ស នៅក្នុងគ្លីនិកមួយកន្លែងទៀត ដែលមិត្តភក្តិនាងបានណែនាំ ហើយតម្លៃក៏ធូរថ្លៃដែរ។ ក្នុងអំឡុងពេលកែសម្ភស្ស គ្រូពេទ្យបានចាក់ថ្នាំធ្វើឲ្យថ្ពាល់នាងឡើងស្អាត។

គួរបញ្ជាក់ផងដែរថា លទ្ធផលដ៏ល្អនេះ បានរក្សារហូតដល់ឆ្នាំ២០០៩ ក្រោយមកមុខរបស់នាង បានចាប់ផ្តើមហើមធំ និងបណ្តាលឲ្យភ្នែក ច្រមុះផ្លាស់ប្តូររូបរាងដើមទាំងអស់។ យ៉ាងណាមិញ រហូតមកដល់ឆ្នាំ២០១៣ នេះ នាង Xiaolian បានប្រែមុខមាត់ ដូចមនុស្សវ័យចំណាស់ម្នាក់អីចឹង និងខុសប្លែកពីមុនឆ្ងាយតែម្តង៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]