ភ្នំពេញ៖ ម្ចាស់ផលិតកម្មក្លាស៊ីក ល្បីឈ្មោះដែល ទស្សនិកជនស្គាល់ តាមរយៈការ ដឹកនាំរឿងជា ច្រើនលោក ហួរ សុផល ត្រូវបានតុលាការ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន មកធ្វើការសាកសួរ នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣នេះ ពីបទឆបោកចេញ មូលប្បទានប័ត្រ (សែក) អត់មានទឹកប្រាក់ ។     

ប្រភពច្បាស់ការពីសាលាដំបូង រាជធានីភ្នំពេញ បានបង្ហើបនាយ០៤ ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែតុលា ឲ្យដឹងថា ម្ចាស់ផលិតកម្មក្លាស៊ីក ត្រូវបានកម្លាំង សមត្ថកិច្ចបញ្ជូន មកដើម្បីសាកសួរពីបទឆបោក ចេញសែកអត់សាច់ប្រាក់ ក្រោយពីជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅតុលាការកាល ពីពេលកន្លងមក ។

ប្រភពដដែលនោះ បានឲ្យដឹងទៀតថា លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ីក ដែលធ្លាប់ដឹកនាំរឿង“បងអើយ កុំខ្លាចអូនអី” ត្រូវបានកម្លាំងនគរបាល នៃក្រសួងមហាផ្ទៃ បញ្ជូនមកកាន់តុលាការ តាំងពីព្រឹកដោយ ជាប់ពាក់ព័ន្ធ សង្ស័យថា បានចេញសែកចំនួន២ ម៉ឺនដុល្លារ ដោយគ្មានសាច់ប្រាក់ ។

ប្រភពដដែលបានប្រាប់ឲ្យដឹង បន្តទៀតថា ម្ចាស់ផលិតកម្មរូបនេះ ដែលជាបងប្រុសបង្កើតរបស់ តារាសម្តែង សុគន្ធ អារីយ៉ា បានធ្វើការឆបោក និងរំលោភសេចក្តីទុកចិត្ត ដោយបោកបញ្ឆេត ជនរងគ្រោះចេញសែកមួយ ទៅឲ្យជនរងគ្រោះ ប៉ុន្តែរហូតមកដល់ រសៀលនេះ ខាងតុលាការ នៅមិនទាន់ បញ្ជាក់ពី មូលហេតុដើមចម ច្បាស់លាស់ ពីការឆបោករបស់ លោក ហួរ សុផល និងនីតិវិធី យ៉ាងណា នៅឡើយទេ ដោយកាលពីព្រឹកថ្ងៃនេះ តុលាការគ្រាន់តែបញ្ចូនខ្លួន ទៅសាកសួរ និងចាត់វិធានការទៅ តាមផ្លូវ ច្បាប់ ។

ម្ចាស់ផលិតកម្មក្លាស៊ីករូបនេះ ក៏ធ្លាប់បានបោកបក់ប៉ះពាល់ ព័ត៌មានអាស្រូវមិនតិចដែរ ដោយកាលពីពេលថ្មីៗនេះ ទើបតែលេចឮព័ត៌មានថា លោកបានសម្រេចចិត្តបិទ ផលិតកម្មដោយសារតែ ក្ស័យធនមិនទាន់ស្ងប់ផង ក៏ស្រាប់ តែមានប្រភព ប្លែកធ្លាយជាថ្មី ថាលោកត្រូវបាន តុលាការសាលា ដំបូងចាប់ ខ្លួនទៅសាកសួរបន្ថែម លើពាក្យ បណ្តឹង របស់ជនរងគ្រោះ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]