ភ្នំពេញ ៖ ក្រុមក្មេងស្ទាវជាសិស្សសាលា បានបង្កទំនាស់រហូតដល់ ជិះម៉ូតូដេញបាញ់គ្នា តាមបណ្ដោយផ្លូវជាតិលេខ៤ មុខសាលាក្ដី ខ្មែរក្រហម ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រមាណ ១០និង១០នាទីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ បណ្ដាលឱ្យយុវជន៣នាក់ រងរបួសធ្ងន់ ដោយសារតែ ភាគីម្ខាងទៀតបាញ់ និងប្រើកាំបិតកាប់ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញក្រុមក្មេងស្ទាវជាសិស្សសាលា ជិះម៉ូតូដេញបាញ់គ្នានេះ បានឱ្យដឹងថា ពួកគេមានគ្នា ច្រើនជាង ១០នាក់ ជិះម៉ូតូជាង១០គ្រឿង បានដកកាំភ្លើងបាញ់គ្នា នៅលើកំណាត់ផ្លូវ ជាតិលេខ៤ ជិតសាលាក្ដីខ្មែរក្រហម ប៉ុន្ដែមិនដឹងថា បណ្ដាលមកពីមូលហេតុអ្វី ពិតប្រាកដនោះឡើយ ។ ប្រជាពលរដ្ឋបានបន្ដថា យុវជនដែលរងរបួសធ្ងន់ទាំងបីនាក់ ត្រូវគ្រាប់កាំភ្លើង ត្រូវបានមិត្ដភក្ដិ និងសមត្ថកិច្ចជួយដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅជួយអន្ដរាគមន៍ និងកំពុងតាមចាប់ក្រុមជនបង្ក។ ជនរងគ្រោះចំនួន២នាក់ ដែលត្រូវ គ្រាប់កាំភ្លើង ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យលោកសង្ឃ ។ បើតាមមិត្តភក្តិជនរងគ្រោះ បាននិយាយថា ជនរងគ្រោះទី១ មានឈ្មោះ ទិត្យ ប៊ុនធី អាយុ ១៨ឆ្នាំ រៀនថ្នាក់ទី១១ រស់នៅសង្កាត់ព្រែកឯង ខណ្ឌមានជ័យ ទី២ឈ្មោះ សុខ ផល្លា អាយុ១៨ឆ្នាំ និងទី៣ឈ្មោះ ជា ចំរ៉ុង អាយុប្រហែល២០ឆ្នា ត្រូវជនបង្កកាប់នឹងកាំបិតរងរបួសធ្ងន់ រស់នៅ និងរៀនជាមួយជនរងគ្រោះខាងលើ។

មិត្តភក្តិរូបនេះ បានបន្តទៀតថា មុនពេលកើតហេតុ ភាគីជនរងគ្រោះជាង ១០ម៉ូតូ បានចេញដំណើរទៅលេងតំបន់អំពែភ្នំ ខេត្តកំពង់ស្ពឺ លុះទៅដល់ មុខវិទ្យាល័យជម្ពូវ័ន្ត ស្រាប់តែជួបជាមួយក្រុមក្មេងស្ទាវនៅទីនោះ ស្រាប់តែមានជម្លោះ រហូតដល់គប់ដុំថ្មដាក់គ្នា។

ភ្លាមៗនោះ ក្រុមក្មេងស្ទាវ បង្កបានយកកាំបិត និងតាមបាញ់ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន ៣នាក់តែម្តង។ ក្រោយកើតហេតុ កម្លាំងនគរបាល ដឹកនាំបញ្ជាដោយលោកអធិការខណ្ឌ ប៊ន សំអាត បានចុះទៅអន្តរាគមន៍ ដោយឃាត់ខ្លួនយុវជនប្រមាណ ១០នាក់ តែមិនទាន់ប្រាកដថា ជាក្រុមជនបង្កនៅឡើយនោះទេ ដោយរង់ចាំការសាកសួរបន្តទៀត៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]