ភ្នំពេញ ៖ ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ ជា ពិសេសនៅពេលយប់ សកម្មភាពប្លន់ម៉ូតូនិង ឆក់ប្រដាប់អាវុធ ហាក់ ដូច ជាបាននឹងកំពុងងើប ឡើងវិញ បន្ទាប់ពីសកម្មភាពទាំងនេះ បាន ស្ងាត់អស់មួយរយៈធំ នៅពេលដែលកម្លាំង សមត្ថកិច្ចរបស់រាជធានីភ្នំពេញ ទាំងនគរបាល និងអាវុធហត្ថ ត្រូវបានដាក់ពង្រាយការពារ សុវត្ថិភាពនៅ តាមគោលដៅជាច្រើន។

ករណីភ្ជង់ប្លន់យកម៉ូតូ និងឆក់ប្រដាប់ អាវុធក្នុងប៉ុន្មានករណីមកនេះ បានបណ្ដាលឱ្យ មានអ្នករងរបួសធ្ងន់ធ្ងរ ដោយសារក្រុមចោរ បានបាញ់ប្រហារ ក្នុងនោះជនជាតិបរទេស ពីរនាក់ បានក្លាយជាជនរងគ្រោះម្នាក់ ជាជន ជាតិអាមេរិកាំងនិងម្នាក់ទៀត ជាស្ដ្រីជន ជាតិជប៉ុន ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាលនិង កម្លាំងអាវុធហត្ថ ក្នុងរាជធានីភ្នំពេញ បាន បង្កើនសកម្មភាពការពារ ហើយធ្វើការស្រាវ ជ្រាវភ្លាមៗ នៅក្នុងករណីទាំងនេះ ខណៈ ដែលពុំទាន់មានជនល្មើសណាម្នាក់ ត្រូវបាន ចាប់ខ្លួននៅឡើយ ។

ក្នុងចំណោមករណីដែលបង្កឡើងដោយ ជនល្មើស ត្រូវបានគេមើលឃើញថា តែងតែ ធ្វើសកម្មភាពឆក់ ហើយប្រសិនបើជនរង គ្រោះមិនព្រមឱ្យទ្រព្យសម្បត្ដិ និងប្រតាយ ប្រតប់នោះ ក្រុមចោរនិងដកកាំភ្លើងបាញ់ ភ្លាមៗ ។

ជាក់ស្ដែងបុរសជនជាតិអាមេរិកាំងម្នាក់ អាយុជាង៥០ឆ្នាំ បានរងរបួសត្រូវជើងក្រោយ ពីក្រុមចោរបានបាញ់ ប្រហារចំនួន១គ្រាប់នៅ ក្នុងសកម្មភាពឆក់កាបូប កាលយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅនេះ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៣០៨ ខាងត្បូងវិមាន ឯករាជ្យ ខណ្ឌចំការមន ។

ក្រោយកើតហេតុជនរងគ្រោះ ដែលគេ មិនស្គាល់អត្ដសញ្ញាណ ត្រូវបានមិត្ដភក្ដិជួយ ដឹកបញ្ជូនទៅ សង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យ កាល់ម៉ែត រីឯជនសង្ស័យស្ថិតក្រោមការតាម ស្រាវជ្រាវ ដើម្បីចាប់ ខ្លួនពីសំណាក់សមត្ថកិច្ច ។ រំលងបានមួយយប់ ពោលនៅយប់ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០១៣ មានករណីឆក់ ប្រដាប់អាវុធមួយ បានកើតឡើងទៀត ទៅ លើស្ដ្រីជនជាតិជប៉ុន ស្ថិតនៅខាងត្បូងផ្សារ ចាស់ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ បណ្ដាល ឱ្យ ជនរងគ្រោះ ត្រូវចំភ្លៅលើជង្គង់ខាងឆ្វេង កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យឯកជន។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ សាគីកូ តាកាយ៉ា ណាជី អាយុ ៣៣ឆ្នាំ ស្នាក់នៅ សណ្ឋាគារប៉ាស៊ីហ្វិក។ ជនរងគ្រោះមកទស្សនាចរនៅកម្ពុជា ចំនួន ៥ថ្ងៃ ហើយថ្ងៃនេះ ជាថ្ងៃទី១។ បើតាមនារីរងគ្រោះ បានរៀបរាប់ថា នៅមុនពេលកើតហេតុរូបគាត់ និងប្អូនស្រី បានដើរចេញពីកម្សាន្ត នៅក្នុង ផ្សាររាត្រី លុះដល់ចំណុចកើតហេតុស្រាប់ជនសង្ស័យ ជិះម៉ូតូសង់សេ ១២៥ពណ៌ខ្មៅ មកឆក់កាបូប របស់គាត់។ បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ខណៈជនសង្ស័យ ឆក់កាបូប ហើយមាន ការប្រទាញប្រទង់គ្នានោះ ក្រុមជន សង្ស័យ បានដកកាំភ្លើងបាញ់ចំភ្លៅខាងឆ្វេង របស់ជនរងគ្រោះ រងរបួសជាទម្ងន់ ហើយក៏ជិះម៉ូតូគេច ខ្លួនបាត់ទៅ។ ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល រាជធានីភ្នំពេញ បញ្ជាដោយលោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ នគរបាល និងមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ទើបនឹងឡើងថ្មី លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង ក៏បានចុះ ទៅ កាន់កន្លែង កើតហេតុ ផងដែរ។ ក្រោយកើតហេតុស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ឃឹម រ៉ានី ដើម្បីជួយព្យាបាល របួស។

បន្ទាប់មកកាលពីវេលាម៉ោង៩និង១៥ នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិត នៅមុខហាងលក់ម៉ូតូ យីហោ សុចិន្ដាផ្ទះលេខ ១០២E0 ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាល ទី២ ខណ្ឌដូនពេញ មានករណីឆក់ប្រដាប់ អាវុធមួយ ដោយជនល្មើស បានបាញ់ចំនួនមួយគ្រាប់ ក្រោយពីឆក់កាបូបបានសម្រេច ប៉ុន្ដែមិនបណ្ដាល ឱ្យជនរងគ្រោះណាម្នាក់រង គ្រោះថ្នាក់ឡើយ ពោលក្រុមចោរបាញ់ឡើងលើ ដើម្បីគំរាមកុំឱ្យអ្នកជិត ខាងនិងសមត្ថកិច្ចចូលជួយ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានជនរងគ្រោះ ចំនួន២ម៉ូតូ គឺម៉ូតូម៉ាក អាយខុន និងម៉ូតូម៉ាកហ្វីណូ បានធ្វើដំណើរមកដល់មុខហាង លក់ម៉ូតូសុខចិន្តា ស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកនិច តែម្នាក់ឯង បានឆក់កាបូប រួចហើយដកកាំភ្លើង បាញ់មួយគ្រាប់ ជាការគំរាម ។ សាក្សី បានបន្តថា ក្រោយកើតហេតុ ជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់ ខណៈក្រុមជនរងគ្រោះ បានជិះ ទៅតាមក្រោយ អស់ដោយពុំមាន នរណាម្នាក់ បានដឹងសាច់រឿង និងអត្តសញ្ញាណច្បាស់លាស់ នោះឡើយ។

យ៉ាងណាក៏ដោយ ដើម្បីកុំឱ្យមានប្រជា ពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ នាំគ្នា ភ័យខ្លាច ចំពោះសកម្មភាព ចោរឆក់ប្រដាប់ អាវុធនិងប្លន់ប្រដាប់អាវុធខាងលើនេះ ស្នង ការនគរបាលរាជធានីភ្នំពេញ លោកឧត្ដម សេនីយ៍ ជួន សុវណ្ណ និងមេបញ្ជាការអាវុធ ហត្ថ ដែលទើបនឹងទទួលបានតំណែងថ្មីឧត្ដម សេនីយ៍ទោ រត្ន័ ស្រ៊ាង បាន បង្កើនការ ការពារ តាមរយៈការពង្រឹងនិងពង្រាយ កម្លាំងសមត្ថកិច្ច ដាក់នៅតាមគោលដៅ បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]