ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ០៣នាក់ ត្រឡប់ពីចូលរួមបុណ្យ កាន់វេនដាក់បិណ្ឌ ជិះម៉ូតូឌុបគ្នាត្រឡប់ ទៅផ្ទះវិញ បានពាក់កណ្តាលផ្លូវ ត្រូវរថយន្តឆ្លាមមួយគ្រឿង បើកបញ្ជាស់ទិសគ្នា បុក បណ្តាលឲ្យ របួសធ្ងន់ ស្រាលលើ កំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខខោ្លងទ្វារ វត្តសុខសាន្ត ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនរងគ្រោះទាំងនោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន ទាំងងយប់កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ។

លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា នេះថា ជនរងគ្រោះទាំង០៣នាក់ រួមមាន១/ឈ្មោះ ភព ត្រេន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលតិឆ្នាំ២០១៣ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-7602  និងមនុស្សរួមដំណើរ០២នាក់ទៀត ឈ្មោះ សៀ ចាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះហម កែត ភេទប្រុស អាយុ១៩ឆ្នាំ ជនរងគ្រោះទាំង០៣នាក់ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។

លោក សៅ សារឿន បានបន្តថា មុនកើតហេតុ ជនរងគ្រោះទាំង០៣នាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកាមរីឆ្លាម០១គ្រឿង ពណ៌ឈ្លូញ សេរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ សៀមរាប 2A-0278 បើកបញ្ច្រាស់ទិសគ្នា ពីលិចទៅកើត ក្នុងល្បឿនលឿនបានមកបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យជន រងគ្រោះទាំង០៣នាក់ រងបួសបាក់ដៃបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងពេលផ្លូវ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យទាំងយប់ ។ ដោយឡែករថយន្តនិងម៉ូតូត្រូវបាននគរបាល នាំយកទៅរក្សាទុក ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]